28 C
Phnom Penh

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះអវត្តមានលោកត្រាំតើមានភាពតានតឹងទេនៅឯកិច្ចប្រជុំនោះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាស៊ាននឹងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ លើកទី៣៥ របស់ខ្លួននៅថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃ។ កិច្ចប្រជុំលើកនេះគឺជាជំនួបរវាងប្រមុខរដ្ឋនិង ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងឡាយដែលជាសមាជិនៃសមាគមអាស៊ាន។

កិច្ចប្រជុំនេះនឹងធ្វើឡើងស្របពេលដែលតំបន់អាស៊ាន កំពុងវិវត្តន៍ទៅរកភាពតានតឹង នៃជម្លោះសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងសមាជិកអាស៊ាន៤ទៀត និងស្របពេលដែលមហាអំណាច អាមេរិក និងមហាអំណាចចិន ប្រជែងគ្នាបញ្ចេញឥទិ្ធពលក្នុងតំបន់នេះ។

ប៉ុន្តែសម្រាប់ សហរដ្ឋអាមេរិក លើកនេះទៀត នឹងមិនមានវត្តមានលោកប្រធានាធិបតីដូណាល់ត្រាំចូលរួមនោះ ទេ ។ នេះជាលើកទី២ ហើយ ដែលលោកត្រាំ មិនចូលរួមប្រជុំកំពូលអាស៊ាន បូកអាមេរិកនិងភាគីពាក់ព័ន្ធ  ។

សេតវិមាន បានប្រកាស កាលពីថ្ងៃទី២៩ ខែតុលា ថា លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិ និងលោក Wilbur Ross រដ្ឋមន្ត្រីពាណិជ្ជកម្មដែលជាតំណាងឲ្យលោកប្រធានាធិបតីត្រាំនឹងទៅចូលរួមក្នុងជំនួបកំពូលអាស៊ានសម្រាប់ឆ្នាំនេះ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នឹងធ្វើឡើងក្រោមប្រធានបទរួម «ជំរុញភាពជាដៃគូសម្រាប់ចីរភាពនៃតំបន់»។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោករដ្ឋមន្ត្រី Wilbur Ross នឹងតំណាងឲ្យសហរដ្ឋអាមេរិកនៅវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់កិច្ចប្រជុំនេះ។ លោកត្រូវដឹកនាំក្រុម ពាណិជ្ជករធំៗរបស់      អាមេរិក ទៅកាន់ប្រទេសថៃ ឥណ្ឌូណេស៊ី និងវៀតណាម។ ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ពុំបានបញ្ជាក់ពីមូលហេតុនៃអវត្តមានរបស់លោកប្រធានាធិបតី ត្រាំ ក្នុងជំនួបកំពូលប្រចាំឆ្នាំ នេះទេ។ ជាមួយគ្នានេះគេនៅមិនទាន់ដឹងថា ហេតុអ្វីបានជាលោករដ្ឋមន្ត្រីការបរទេស Mike Pompeo អាចនឹងអវត្តមាន នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកនេះដែរ។

លោក ដូណាល់ ត្រាំ ធ្លាប់បានខកខាននៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ឥណ្ឌូប៉ាស៊ីហ្វិក កាលពីឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរីម្តងរួចមកហើយ ដោយពេលនោះលោកបានចាត់ឲ្យលោកអនុប្រធានាធិបតីអាមេរិក Mike Pence ចូលរួមជំនួសវិញ ។

ជាការកត់សំគាល់ គឺឆ្នាំដំបូងនៃអាណត្តិប្រធានាធិបតី គឺលោក ត្រាំ បានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានបានម្ដងដែរ ដោយបានរៀបចំឡើងក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន Reuters  លោកត្រាំ នឹងមានវត្តមាននៅក្នុងជំនួបកំពូលនៃប្រទេស ផលិតប្រេង APEC ក្នុងប្រទេសស៊ីលី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១៦ ដល់ ១៧ វិច្ឆិកា ។

ដោយឡែក សម្រាប់អតីតប្រធានាធិបតី  បារ៉ាក អូបាម៉ា បានទៅចូលរួមកិច្ចប្រជុំអាស៊ានសឹងតែគ្រប់ ឆ្នាំ នៃអាណត្តិរបស់ ចំនួន២អាណត្តិ ។ តែឆ្នាំ២០១៣ លោកក៏ខកខានម្ដងដែរ ដោយសារតែ សហរដ្ឋអាមេរិក កាលនោះ មានវិបត្តិ រដ្ឋាភិបាល គឺរដ្ឋាភិបាលបិទទ្វារ ។

តើមានភាពតានតឹងនៅឯកិច្ចប្រជុំកំពូលនោះដូចបណ្ដាឆ្នាំមុនៗដែរឬទេ?

ក្រុមអ្នកឃ្លាំមើលនិយាយថា ភាពតានតឹងអាចនឹងកើតមានឡើងដោយសារបញ្ហាសមុទ្រចិនខាងត្បូង និងឥទ្ធិពលចិន ក្នុងតំបន់ កំពុងមានភាពចម្រូងចម្រាស់កាន់តែខ្លាំងឡើងៗ។

អាស៊ានដែលមានសមាជិក១០ប្រទេស ដែលប្រទេសខ្លះកំពុង ស្ថិតក្រោមឥទិ្ធពលរបស់ចិន ជាខ្លាំង ។ ប្រទេសទាំងនោះ គេអាចរាប់ ទាំងកម្ពុជា ឡាវ និងភូមាផងដែរ ដែលជាប្រទេស កូនបំណុលចិនក្នុងតម្លៃរាប់ពាន់លាន់លានដុល្លារ ។  ប្រទេសកម្ពុជា កំពុងរងការចោទថា នឹងមានវត្តមានកងទ័ពជើងទឹកចិន នៅឆ្នេរសមុទ្រកម្ពុជា បើទោះជាកម្ពុជា បានបដិសេធជាច្រើនដងយ៉ាងណាក្ដី ។

ដោយឡែកសម្រាប់ចិន ចង់អោបក្រសោបអាស៊ាន គឺអាចមកពី មហិច្ឆតា ចង់លេបត្របាក់តំបន់សមុទ្រចិនខាងត្បូង។ ប្រធានាធិបតីហ្វីលីពីន ដ្រូឌ្រីងហ្គោដូទើតេ  បានប្រាប់អ្នកសារព័ត៌មាននៅក្រុងម៉ានីលថា លោកនឹងរុញអោយ មេដឹកនាំអាស៊ាន អនុម៍តក្រមប្រតិបត្តិសមុទ្រ នៅឯកិច្ចប្រជុំ លើកទី៣៥នេះ ។ លោកថាមានច្បាប់នេះ គឺករណីសមុទ្រចិនខាងត្បូងអាចនឹងថយចុះភាពតានតឹងជាមួយចិន។

ប៉ុន្តែ ទំនងនឹងមិនអាចឈានដល់ការបង្កើតកិច្ចព្រមព្រៀងមួយនេះជាមួយចិនបានទេ ដោយសារធ្លាប់បរាជ័យ ម្ដង ជាពីរដងរួចមកហើយ តាំងពីឆ្នាំ២០១២ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន ត្រូវបានចោទថា ជាអ្នកបង្កមិនអោយមានសេចក្ដីថ្លែងការណ៍រួម អំពីបញ្ហាសមុទ្រចិនខាងត្បូងដែលចិនបានចូលកាន់កាប់ សឹងអស់ទៅហើយនោះ ។សមាជិកអាស៊ានខ្លះ ដូចជា វៀតណាម និងហ្វីលីពីន ខកចិត្តនឹងជំហររបស់កម្ពុ្ជជា ដែលមិនមានភាពច្បាស់លាស់ក្នុងនាមខ្លួនជាសមាជិកអាស៊ាន ហើយបែរជាលំអៀងទៅរកចិន។

នៅទីបំផុត សមាជិកអាស៊ាន និងចិនបានបរាជ័យក្នុងការព្រមព្រៀងគ្នាការអនុម័តក្រមប្រតិបត្តិសមុទ្រមួយនេះ ដែលអាចនឹងក្លាយឯកសារច្បាប់សមុទ្រតំបន់មួយ សម្រាប់ប្រទេសជាប់ពាក់ព័ន្ធ  ជាមួយចិន។

តែយ៉ាងណា ខណៈ នេះ ចិនត្រូវបានមើកឃើញថា កំពុងព្យាយាមអូសទាញសមាជិកអាស៊ានទាំងដប់ប្រទេសនេះ អោយបង្ហាញឆន្ទៈបើកការចរចាជាមួយចិន ត្រឹមកម្រិតទ្វេភាគីប៉ុណ្ណោះ។

ដោយឡែកសម្រាប់អាមេរិកវិញ បើទោះជាវត្តមាន ត្រឹមអ្នកតំណាងលោកត្រាំក្ដី គឺនៅតែប្រាកដថា បញ្ហាសមុទ្រចិនខាងត្បូងនេះមួយបញ្ហាវត្តមានកងទ័ពចិន ដែលមានការសង្ស័យថា នឹងមានក្នុងតំបន់អាស៊ាននៅថ្ងៃណាមួយ និងករណី ជម្លោះពាណិជ្ជកម្ម គឺនៅតែជា កត្តារុញអោយកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ នៅតែភាពតានតឹងដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស