34 C
Phnom Penh

កងកម្លាំងតាមព្រំដែនរួមគ្នាធ្វើលំហាត់យោធា ខណៈគម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី ជិតចូលមកដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំងទាំង ៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកានេះ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ក្រោមហេតុផលថាដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ លំហាត់កងកម្លាំងរួមគ្នានេះធ្វើឡើង ខណៈផែនការវិលចូលកម្ពុជារបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅសល់តែមួយសប្តាហ៍ទៀតនឹងជិតចូលមកដល់។

សេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពី ម្សិលមិញបានឱ្យដឹងថា ការហ្វឹកហាត់នេះ មានការចល័តកម្លាំងទ័ពចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។

លិខិតដដែល បានអំពាវនាវដល់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេលមានការចល័តកម្លាំងទាំងនេះ។

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃនេះឱ្យដឹងថា មិនត្រឹមតែកងកម្លាំងនៅខេត្តបន្ទាយមានជ័យនោះទេ ប៉ុន្តែខេត្តបាត់ដំបងក៏រួមគ្នាធ្វើការហ្វឹកហាត់កម្លាំងទាំងបីនេះផងដែរ។

គេហទំព័រដដែលបានអះអាងថា ការហ្វឹកហាត់នេះ គឺដើម្បីត្រៀមចាត់វិធានការទប់ស្កាត់ការប៉ុនប៉ងរបស់ក្រុមលោក សម រង្ស៊ី ដោយស្ថាប័នរបស់ជាតិមួយនេះបានចាត់ទុកក្រុមបក្សប្រឆាំងជាក្រុមក្បត់ជាតិក្នុងបំណងចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរដ្ឋរដ្ឋាភិបាល លោកហ៊ុន សែន។

អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធពេលនេះ ជាការប្រើរំលងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រខ្មែរ ដែលមានតួនាទីជាអគ្គមេបញ្ជាការនៃកងទ័ពជាតិ។

យ៉ាងនេះក្តី អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី ២៩ តុលា បានអំពាវនាវឲ្យសហគមន៍ឃ្លាំមើល និងជួយការពារសុវត្ថិភាពរបស់លោក សមរង្ស៊ី និងមន្រ្តីរបស់លោកក្នុងការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ លោក សម រង្ស៊ី អះអាងថា លោកគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ក្រៅពីវិលត្រឡប់ទៅប្រទេសកម្ពុជា ដោយសន្តិវិធី និងអហិង្សា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឲ្យរស់ឡើង វិញ តាមរយៈការបំផុសឲ្យមានចលនាមហាជន ដែលគេឲ្យឈ្មោះថា អំណាចប្រជាពលរដ្ឋ ដូចដែលធ្លាប់កើតឡើង ដោយសន្តិវិធី និងអហិង្សា នៅប្រទេសហ្វីលីពិន ក្នុងឆ្នាំ ១៩៨៦។

ប៉ុន្តែកាលពីខែដើមខែតុលាកន្លងទៅលោក សមរង្ស៊ីធ្លាប់ប្រកាសថា លោកនឹងមកកម្ពុជាដើម្បីបញ្ចប់អំណាចរបស់ជនអវិជ្ជា អសមត្ថភាព និងអសីលធម៌ ហ៊ុន សែន ដែលជាជនបំផ្លាញជាតិ ធ្វើបាបរាស្ត្រ និងក្បត់ជាតិ។ ជំរុញឲ្យកងកំលាំងប្រដាប់អវុធបែចុងកាណុងទៅលោក ហ៊ុន សែន វិញប្រសិនបើលោក ហ៊ុន សែន បញ្ជារឲ្យបាញ់ពលរដ្ឋ និងការត្រៀមកញ្ចប់ថវិការសំរាប់កងទ័ពណាដែលផ្តាច់ខ្លួនពីលោក ហ៊ុន សែន។ រំដោះកម្ពុជា ពីអាណានិគមនិយមចិន ដើម្បីប្រគល់សងទ្រព្យសម្បត្តិប្រជារាស្ត្រ ជូនម្ចាស់ដើមវិញ ហើយធានាឯករាជ្យភាព និងអព្យាក្រិតភាពប្រទេសកម្ពុជា ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១។

ប៉ុន្តែនៅថ្ងៃទី៣១ ខែតុលា អតីតមេបក្សប្រឆាំងរូបនេះ ក៏បានប្រកាសថា លោកត្រៀមខ្លួនរួចស្រេចហើយ ដើម្បីបូជាសេរីភាពរបស់ខ្លួនហើយស្ម័គ្រចិត្តបូជារហូតដល់ជីវិតថែមទៀត ដើម្បីផ្តល់ឱកាសជាប្រវត្តិសាស្ត្រ ឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេសកំណើត និងផ្តល់សេរីភាពជូនប្រជារាស្ត្រកម្ពុជា។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជាង៦០នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួន ដោយចោទប្រកាន់ពាក់ព័ន្ធការញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ បទរួមគំនិតក្បត់ ឬទទួលផែនការពីលោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលជាដើម។

សន្ទុះនៃការចាប់ឃុំខ្លួន និងចោទប្រកាន់លើអតីតមន្ត្រីបក្សប្រឆាំងទាំងនោះ កាន់តែខ្លាំងក្រោយពេលលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនៅក្រៅប្រទេសបានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃវិលត្រឡប់ចូលមកកម្ពុជាវិញ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស