34 C
Phnom Penh

អង្គការ Human Rights Watch គ្រោងចេញផ្សាយសៀវភៅបង្ហាញពីរឿងពិតរបស់អ្នកស្រី តាត ម៉ារីណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ  Human Rights Watch ដែលមានមូលដ្ឋាននៅក្រៅប្រទេសគ្រោងចេញផ្សាយសៀវភៅ មានចំណងជើងថា  “He Promised to Protect Me: A True Story” ឬជាភាសាខ្មែរថា «ក្បត់ពាក្យសន្យា» ផ្អែកលើរឿងពិត‍មួយដែល បង្ហាញពីបទពិសោធន៍ផ្ទាល់របស់អ្នកនាង តាត ម៉ារីណា ជាជនរងគ្រោះពីការវាយប្រហារដោយទឹកអាស៊ីដយ៉ាងសាហាវនៅកម្ពុជា។

សៀវភៅនេះនិពន្ធឡើងដោយលោក Eric Pape ដែលជាអ្នកកាសែត និងអ្នកនិពន្ធបែបរូបភាពជនជាតិអាមេរិកាំងម្នាក់។ សៀវភៅនេះត្រូវបានរៀបរៀងឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសហការជាមួយនឹងអ្នកគូររូបជនជាតិអាមេរិកាំងឈ្មោះ Vrej Kassouny និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchផងដែរ។

សៀវភៅដែលមានកម្រាស់ចំនួន១៣២ទំព័រដែលរៀបរាប់អំពីរឿងរ៉ាវ និងបទពិសោធន៍ឈឺចាប់ដែលអ្នកស្រី តាត ម៉ារីណា បានឆ្លងកាត់ប្រមាណ២០ឆ្នាំមកនេះ នឹងត្រូវបោះពុម្ពផ្សាយជាបីភាសាជាភាសាអង់គ្លេស ភាសាខ្មែរ និងភាសាថៃ ដែលនឹងចេញផ្សាយជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះ។

កាលពីចុងឆ្នាំ១៩៩៩ ក្នុងវ័យ១៦ឆ្នាំ អ្នកស្រីតាត ម៉ារីណា ដែលជាតារាសម្តែងខ្សែភាពយន្ត និងតារាចម្រៀងខារ៉ាអូខេ ដ៏ស្រស់ស្អាតមួយរូបត្រូវបានឧក្រិដ្ឋជនមួយក្រុមដែលដឹកនាំដោយ អ្នកស្រី ឃួន សុផល បានព្រួតគ្នាវ៉ៃយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ហើយស្រោចទឹកអាស៊ីតខ្លាំងជាច្រើនលីតមកលើនាង នៅម្តុំផ្សារអូឡាំពិចកណ្តាលក្រុងភ្នំពេញ។  អ្នកស្រី ឃួន សុផល ជាភរិយារបស់រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាមនុស្សស្និតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ស្វាយ ស៊ីថា ។

លោក ស្វាយ ស៊ីថា នេះហើយដែលជាដើមហេតុចំបងបណ្តាលឱ្យមានករណីជះទឹកអាស៊ីដលើអ្នកស្រី តាត ម៉ារីណា ក្រោយពេលលោកបានបង្កើតចំណងស្នេហា និងរួមរស់នៅជាមួយអ្នកស្រី តាត ម៉ារីណាដោយលួចលាក់តាំងពីនាងនៅមិនទាន់គ្រប់អាយុនៅឡើយ។

ក្រោយព្រឹត្តិការណ៍ជះទឹកអាស៊ីដ នៅឆ្នាំ២០០០ អ្នកស្រី តាត ម៉ារីណា ក៏បានចេញមករស់នៅ និងព្យាបាលជំងឺនៅសហរដ្ឋអាមេរិក។

សំណុំរឿងអ្នកស្រី តាត ម៉ារីណា នេះដែរ ក៏បានធ្វើឱ្យឪពុកមារបស់អ្នកស្រី និងជាកវីម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីកម្ពុជា ទៅរស់នៅក្រៅប្រទេស ក្រោយពេលលោកបានសរសេរសៀវភៅប្រលោមលោកមួយ មានចំណងជើងថា វាសនាកញ្ញា តាត ម៉ារីណា ដែលនិយាយពីរឿងរ៉ាវដ៏អាក្រក់របស់ក្មួយស្រី ជាមួយមន្ត្រីជាន់ខ្ពស់រូបនេះ។ លោក គង្គ ប៊ុនឈឿន ក៏ទទួលរងការគំរាមកំហែងពីមន្ត្រីមានអំណាចរូបនេះឥតឈប់ឈរដែរ។

មកទល់ពេលបច្ចុប្បន្ន រឿងរ៉ាវ មួយនេះមានរយៈពេល២០ឆ្នាំហើយ ប៉ុន្តែយុត្តិធម៌សម្រាប់អ្នកស្រីតាត ម៉ារីណា នៅតែឆ្ងាយដូចជើងមេឃរីឯភរិយា របស់លោក ស្វាយ ស៊ីថា គឺអ្នកស្រី ឃួន សុផល និងលោក ស្វាយ ស៊ីថា ផ្ទាល់ក៏កំពុងរស់នៅយ៉ាងសុខសាន្តលើគំនរទ្រព្យសម្បត្តិ និងបុណ្យស័ក្កិខ្ពស់របស់ពួកគេដដែល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស