38 C
Phnom Penh

លោក ហ៊ុន សែន ជំរុញឱ្យគ្រូបង្រៀនបន្តធ្វើជាបុគ្គលគំរូ និងបង្កើនការស្រាវជ្រាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

សាររបស់លោកហ៊ុន សែន ធ្វើឡើងនៅថ្ងៃនេះ  ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី ១ វិច្ឆិកានេះតែម្តង។

លោក ហ៊ុន សែន ក៏បានជំរុញឱ្យកូនៗ សិស្សានុសិស្សដែលត្រូវគ្រប់អាយុចូលរៀនទាំងអស់ ត្រូវនាំគ្នាមកចុះឈ្មោះចូលរៀនកុំបីអាកខាន។ លើសពីនេះ លោកក៏បានផ្ញើសារណែនាំដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិកម្ពុជា ។

របាយការណ៍របស់ក្រសួងអប់រំឱ្យដឹងថា គ្រូបង្រៀននៅកម្ពុជា ចាប់ពីគ្រូកម្រិតថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យ មានចំនួនសរុបជាងដប់ម៉ឺននាក់។

ប្រាក់ខែជាមធ្យមសម្រាប់ក្រុមគ្រូបង្រៀន ដោយមិនទាន់រាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ជាមធ្យមគ្រូបង្រៀនកម្រិតបឋម ទទួលបានប្រាក់ខែគោលជាង ៦០ម៉ឺនរៀលក្នុង ១ខែ។

គ្រូកម្រិតអនុវិទ្យាល័យ ទទួលបានប្រាក់ខែគោលជាង ៧០ម៉ឺនរៀល និងគ្រូវិទ្យាល័យទទួលបានជាង ៨០ម៉ឺនរៀល។

កាលពីថ្ងៃទី ៥ តុលា ក្នុងទិវាគ្រូបង្រៀនពិភពលោក ដែលរៀបចំឡើងនៅទីលានប្រជាធិបតេយ្យថ្មី ដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រុមគ្រូបង្រៀនដែលចូលរួមពេលនោះ បានទាមទារឲ្យដំឡើងប្រាក់ខែគោលរហូតដល់ ២លានរៀល និងដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។

ពួកគេបានលើកឡើងថា នៅពេលប្រាក់ខែគ្រូបង្រៀនតិច នឹងធ្វើឱ្យពួកគាត់បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស និងមិនមានពេលគ្រប់គ្រាន់ដើម្បីស្រាវជ្រាវរកវិធីឬ ចំណេះដឹងថ្មីដើម្បីបង្រៀនសិស្ស ដោយជាប់រវល់ប្រកបមុខរបរផ្សេងទៀតដើម្បីចិញ្ចឹមជីវិត។  ពួកគេបានលើកពាក្យស្លោកសំខាន់មួយឃ្លាថា ក្រពះឃ្លាន បង្រៀនមិនកើត

ទោះបីជាលោក ហ៊ុន សែន បានលើកឡើងពីការយកចិត្តទុកដាក់លើការអប់រំបែបនេះក្តី ប៉ុន្តែសម្រាប់សេចក្តីព្រាងថវិកាជាតិដែលរដ្ឋាភិបាលរបស់លោកអនុម័តកាលពីសប្តាហ៍មុន បង្ហាញថាថវិកាដែលគ្រោងចំណាយច្រើនជាងគេ គឺមិនមែនលើវិស័យអាទិភាព រួមមានវិស័យអប់រំ ឬ សុខាភិបាលទេ ប៉ុន្តែរដ្ឋបែរជាគ្រោងចំណាយលើវិស័យយោធា ច្រើនជាងគេទៅវិញ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស