26 C
Phnom Penh

តុលាការកំពូលបដិសេធសំណើរសុំនៅក្រៅឃុំសំណុំរឿង លោក គង់ រ៉ៃយ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូលនៅថ្ងៃនេះ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំលើសំណុំរឿង លោក គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនអំឡុងពេលរំលឹកខួបឃាតកម្មលោកបណ្ឌិត កែម ឡីកាលពីថ្ងៃទី ៩ ខែកក្កដា។

ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺ អ្នកស្រី សុខ ស្រីនិច បានលើកឡើងនៅថ្ងៃនេះថា ការសំរេចរបស់តុលាការកំពូលអយុត្តិធម៌ជាទីបំផុត ដែលសម្រេចតំកល់សាលក្រមរបស់តុលាការសាលាដំបូងទុកជាបានការ ហើយបន្តឃុំខ្លួនប្តីរបស់អ្នកស្រីទាំងគ្មានកំហុសសោះ។ 

អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃនេះបានចេញផ្សាយនូវអត្ថបទខ្លីរបស់ខ្លួនឱ្យដឹងថាតុលាការកំពូល បានចេញសាលដីកាបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកលក់អាវយឺតមានរូប និងទស្សនៈអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា២០១៦។

លោក គង់ រ៉ៃយ៉ា ត្រូវបានតុលាការចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ជាមួយនឹងយុវជន សួង នាគព័ន្ធ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ កក្កដា ក្នុងព្រឹត្តិការណ៍រំលឹកខួបលោកបណ្ឌិត កែម ឡី ដោយត្រូវប្រឈមនឹងបទចោទដូចគ្នា។ បច្ចុប្បន្ននេះ អ្នកទាំងពីរកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ឬគុកព្រៃស ក្នុងរាជធានីភ្នំពេញ។

ក្រោយការចាប់ខ្លួនយុវជនទាំងពីរបានប៉ុន្មានថ្ងៃ សង្គមស៊ីវិល សហជីព និងសហគមន៍មូលដ្ឋានសរុបចំនួន៨៧ស្ថាប័ន រួមទាំងអង្គការលីកាដូ បានចេញសេចក្ដីថ្លែងការណ៍ស្នើសុំឱ្យដោះលែងយុវជន រ៉ៃយ៉ា និង យុវជន សួង នាគព័ន្ធ ជាបន្ទាន់។ សេចក្ដីថ្លែងការណ៍នោះបានចាត់ទុកការចាប់ខ្លួនអ្នកទាំងពីរថាជារឿងមិនត្រឹមត្រូវ និងជាការរំលោភបំពានយ៉ាងច្បាស់លើសិទ្ធិសេរីភាពរបស់អ្នកទាំងពីរក្នុងការបញ្ចេញមតិ ដែលបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រោយមកទៀត អ្នករាយការណ៍ពិសេសលើបញ្ហាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន៥នាក់ ក៏បានអំពាវនាវឱ្យទម្លាក់ចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងយុវជន គង់ រ៉ៃយ៉ា និងយុវជនសួង នាគព័ន្ធ ហើយជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទាំងពីរជាបន្ទាន់ផងដែរ។

អង្គការសិទ្ធិលើកលែងទោសអន្តរជាតិបានហៅលោក រ៉ៃយ៉ា និងលោក នាគព័ន្ធ ថាជា “អ្នកទោសមនសិការ” និងបានអំពាវនាវឱ្យដោះលែងយុវជនទាំងពីរ ដូចគ្នានឹងសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស(APHR)ផងដែរ៕  

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស