នយោបាយ

លោក សម រង្ស៊ី បន្តប្តេជ្ញាចូលស្រុកឱ្យបាននៅថ្ងៃទី ៩ វិច្ឆិកា

By ឌឹ ខេមបូឌា ដេលី

November 06, 2019

អតីតប្រធានបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី អះអាងថាទោះបីជាមានការគំរាមកំហែង និងឧបសគ្គយ៉ាងណាក៏ដោយ ក៏លោកត្រូវតែមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកានេះឱ្យបាន។

ថ្លែងជាវីដេអូខ្លីបនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក សម រង្ស៊ី មិនត្រឹមតែប្តេជ្ញាវិលចូលប្រទេសកម្ពុជាឱ្យបានវិញប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបន្តអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ប្រឆាំងនឹងរដ្ឋាភិបាលលោកហ៊ុន សែន ដោយលោកសន្យាថានឹងផ្តល់វង្វាន់លើកទឹកចិត្ត ជាបុណ្យស័ក្កិ ប្រាក់ខែ តំណែងតួនាទីនៅដដែល ឬ តម្លើងទៀតផង ឱ្យតែកងកម្លាំងទាំងនោះហ៊ានងើបឡើងឈរជាមួយពលរដ្ឋ ប្រឆាំងនឹងលោកហ៊ុន សែន។

លោក សម រង្ស៊ី ក៏បានលើកឡើងថា លោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោនឹងផែនការវិលចូលស្រុករបស់លោក ហើយថា លោក ហ៊ុន សែន អាចនឹងឆ្គួតទៀតផង ប្រសិនបើលោក មានវត្តមាននៅក្នុងប្រទេសកម្ពុជាខាងមុខនេះ។

អតីតមេដឹកនាំបក្សប្រឆាំងដដែលក៏បានប្រាប់ទៅក្រុមអ្នកគាំទ្ររបស់លោកថា កុំឲ្យមានការភិតភ័យឬ បាក់ស្មារតី ចំពោះការចោទប្រកាន់ និងចាប់ខ្លួនអតីតសកម្មជនរបស់បក្សប្រឆាំងជាបន្តបន្ទាប់ ពីសំណាក់អាជ្ញាធររបស់លោកហ៊ុន សែន។ 

យ៉ាងនេះក្តី អាជ្ញាធរលោកហ៊ុន សែន ពិសេសកងកម្លាំងយោធាតាម បណ្តាខេត្តជាច្រើន ពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ  បានដាក់ពង្រាយកម្លាំង និងបង្ហាញអាវុធស្ទើរគ្រប់ធន់ផង ដោយព្រមានថានឹងចាត់វិធានការលើក្រុមលោក សម រង្ស៊ី ដើម្បីទប់ស្កាត់ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក ហ៊ុន សែន ។

លោក ហ៊ុន សែន ហាក់និយាយខុសពីមាត់ ដោយថាបើកផ្លូវឱ្យលោក សម រង្ស៊ី និងបក្ខពួក ចូលមកក្នុងប្រទេស ហើយវត្តមានរបស់ពួកគេនឹងត្រូវស្វាគមន៍ ដោយខ្នោះ និងគុកតែប៉ុណ្ណោះ។ លោក ហ៊ុន សែន ក៏បានភ្នាល់ជាមួយអតីតមេបក្សប្រឆាំងក្នុងលក្ខខណ្ឌខុសគ្នានោះ ថានឹងចាប់ខ្លួនលោក សម រង្ស៊ី ឱ្យបានក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ ហើយបើចាប់មិនបានលោកនឹងលាឈប់ពីតំណែងនាយករដ្ឋមន្ត្រី និងលាពីឆាកនយោបាយ។

ទោះបីជាលោក ហ៊ុន សែន ប្រកាសបែបនេះ មែន ប៉ុន្តែរដ្ឋាភិបាលរបស់លោក បានដាក់កម្លាំងក្នុងបំណងមិនឱ្យក្រុមលោក សម រង្ស៊ី វិលចូលស្រុកបាន ហើយថែមទាំងចេញបញ្ជាមិនឱ្យក្រុមហ៊ុន                      អាកាសចរណ៍ដឹកអ្នកដំណើរទាំងអស់ ឬដឹកលោក សម រង្ស៊ី មកចុះចតលើទឹកដីកម្ពុជាជាដាច់ខាត។

អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងនៅថ្ងៃនេះថា លោក សម រង្ស៊ី នៅមិនទាន់បានបង្ហាញចិត្តសឿងជាចំហ ក្នុងការទិញសំបុត្រយន្តហោះចូលស្រុកខ្មែរ ឲ្យបានមុនលោក ហ៊ុន សែន បិទផ្លូវនៅឡើយទេ។ លោកថា បញ្ហានេះធ្វើឲ្យមានការមន្ទិលយ៉ាងខ្លាំង ថាតើការដាក់ផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ទាំងខ្លាចឬ យ៉ាងណា?

លោកថា ចំណែក លោក ហ៊ុន សែន ដោយបារម្ភលោក សម រង្ស៊ី លេងមួយក្បាច់ចុងក្រោយ គឺទិញសំបុត្រហោះចូលកម្ពុជានៅកៀកថ្ងៃ៩វិច្ឆិកានោះ ក៏ឆ្លៀតឱកាសព្រមានក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកលោក សម រង្ស៊ី តែម្ដង ក្នុងលេសថា ក្រុមហ៊ុនទាំងនោះដឹកអ្នកទោសមិនបាន ឬអាចត្រូវមានទោសពីបទរួមគំនិតក្បត់ជាតិ។

អ្នកវិភាគរូបនេះ បញ្ជាក់ថា លោក ហ៊ុន សែន មានការព្រួយបារម្ភចំពោះវត្តមានលោក សម រង្ស៊ី នៅកម្ពុជា។ នេះច្បាស់ណាស់ថា ក្រុមលោក ហ៊ុន សែន យល់ពីទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដែលឈឺចាប់ដល់កម្រិតលែងខ្លាចការគំរាមកំហែង ហើយនៅរង់ចាំដំណើរនិវត្តន៍ចូលមាតុភូមិរបស់លោក សម រង្ស៊ី ដើម្បីរួមគ្នាធ្វើចលនាតវ៉ារកការផ្លាស់ប្ដូរតែម្តង។

លោក គឹម សុខ អះអាងថាទំហំនៃការគាំទ្រលើលោក សម រង្ស៊ី មានចំនួនធំរហូតធ្វើឲ្យរបបលោក ហ៊ុន សែន ជ្រួលច្របល់វ៉ល់យុទ្ធវិធីទៅហើយ ដូច្នេះលោក សម រង្ស៊ី គ្មានហេតុផលខ្លាចអ្វីនឹងលះបង់ ដើម្បីចូលប្រទេសឲ្យបាននោះទេ។ លោកបន្តថា បើលោក សម រង្ស៊ី មាន          ឆន្ទៈចូលស្រុកមែន គាត់ពិតជាមានផ្លូវដើរចូល ប៉ុន្តែមិនមែនផ្លូវដោះដូរស្ងាត់ៗនោះឡើយ៕