27 C
Phnom Penh

វៀតណាមទទូចដល់មេដឹកនាំអាស៊ាន ទប់ស្កាត់មហិច្ឆិតារបស់ចិន ដែលកំពុងបង្កភាពតានតឹង នៅសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានសម្ដែងការព្រួយបារម្ភ ថាស្ថានភាព សន្តិសុខ និងស្ថិរភាព នៅសមុទ្រចិនខាងត្បូង កំពុងធ្លាក់ក្នុងភាពផុយស្រួយ ជាខ្លាំង។

ការអះអាងរបស់ លោក Nguyen Xuan Phuc ដូច្នេះនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។

ក្នុងអំឡុងនៃកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសសមាជិកអាស៊ាន បានដោះដូរទស្សនៈគ្នា អំពីអនាគត នៃសមាគមអាស៊ាន ដែលក្រោមប្រធានបទ ការធ្វើអោយប្រសើរឡើង នៃភាពជាដៃគូចិរភាពលើ                 គ្រប់វិស័យសម្រាប់តំបន់។ ថ្លែងនៅឯកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានទទូចដល់មេដឹកនាំអាស៊ាន អោយជួយពង្រឹងស្ថិរភាព សាមគ្គីភាព និងឯកភាពជាតិ ក្នុងតំបន់។ លោកក៏បានទទូចឲ្យ សមាជិកអាស៊ានទាំងអស់ ជួយប្រទេសវៀតណាមឲ្យសំរេចបានជោគជ័យនៃការបំពេញ តួនាទីរបស់ខ្លួន ជាប្រធានប្ដូរវេនអាស៊ាន សម្រាប់ឆ្នាំ២០២០ ដែលថា ការជួយនេះ គឺជាការរួមចំណែក ដើម្បីស្ថាបនា សហគមន៍អាស៊ានប្រកបដោយការអភិវឌ្ឍជានិរន្ត។

ពាក់ព័ន្ធនឹង បញ្ហាសមុទ្រចិនខាងត្បូង  លោកXuan Phuc ក៏បានរំលឹក អំពីសារៈសំខាន់នៃការថៃរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ សម្រាប់សន្តិ               ភាព និងស្ថិរភាព នាវាចរណ៍សមុទ្រ។

នៅរយៈពេលចុងក្រោយនេះ មានឧបទ្ទវហេតុជាច្រើនបានកើតឡើង នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ដែលបង្កឡើងដោយ ប្រទេសចិន ។ លោក Xuan Phuc បានព្រមានថា ស្ថានភាពនេះ បង្កអោយមានការប្រឈមជាខ្លាំង ហើយងាយនឹងបែកបាក់។ លោកក៏បានអំពាវនាវសុំឲ្យមេដឹកនាំអាស៊ាន ប្ដេជ្ញាចិត្តរួមគ្នាការពារ និងទប់ស្កាត់កុំមានការគំរាមកំហែង នៅសមុទ្រចិនខាងត្បូងម្ដងហើយម្ដងទៀត។

រហូតមកទល់ពេលនេះ ប្រទេសចិនបាន យកនាវាល្បាត រាប់សិបគ្រឿង និងនាវាខួងអណ្ដូងប្រេង មួយគ្រឿងដ៏ធំ មកខួង យកប្រេងនៅសមុទ្រចិនខាងត្បូង ដែលជាដែនទឹកនៃប្រទេសវៀតណាមកាលចុងខែតុលា។ វៀតណាមបានហៅ សកម្មភាពរបស់ នាវាចិន ថាជាទង្វើឈ្លានពាន និងបង្កភាពតានតឹង ដោយព្រមានថា នឹងតវ៉ារឿងនេះ ជាផ្លូវការទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ព្រោះថានេះ ជាការបំពានច្បាប់សមុទ្រអន្តរជាតិ។

ស្របដែលចិនបំពានដែនទឹកវៀតណាម   មេទ័ពវៀតណាមម្នាក់ បានប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួនជានិច្ចទោះនៅតំបន់ណាក៏ដោយរួមទាំងសមុទ្រចិនខាងត្បូង ហើយលោកប្រកាសថាវៀតណាមមិនអាចរណបអ្នកឈ្លានពានឡើយ។

លោកឧត្តមសេនីយ៍ ងៀង ទ្រង់ង៉ៃ (Nguyễn Trọng Nghĩa) មេបញ្ជាការរងកងទ័ពវៀតណាមទទួលបន្ទុកដែនសមុទ្រចិនខាងត្បូង  បានលើកឡើងនៅចំពោះមុខសមាជិកសភាវៀតណាមថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាដែល បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលត្រូវចូលរួមការពារ។ លោក អះអាងថា ការការពារដែនកោះ និងដែនអធិបតេយ្យសមុទ្រនៅសមុទ្រចិនខាងត្បូង គឺជាកាតព្វកិច្ចរបស់ កងទ័ព។

ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម បានប្រើប្រាស់មធ្យោបាយដោយសន្តិវិធីជាច្រើនដើម្បីឆ្លើយតបនឹងប្រទេសចិនដែលក្រុងហាណូយចោទថា បានរំលោភដែនទឹករបស់ខ្លួន។

នៅក្នុងវេទិកាជាមួយសមាជិកសភាប្រជាជន លោក Trọng Nghĩa បាន ទទូចឲ្យរដ្ឋាភិបាល ប្រកាសប្រាប់ ពលរដ្ឋវៀតណាមឲ្យបានដឹងអំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីអោយបានដឹងអំពីសារសំខាន់នៃដែនទឹករបស់វៀតណាម។
តាមសេចក្ដីរាយការណ៍ ចិនកំពុងកាន់កាប់តំបន់ សមុទ្រចិនខាងត្បូងនេះស្ទើរតែទាំងស្រុង ខណៈប្រទេសពាក់ព័ន្ធមួយចំនួននៃសមាគមអាស៊ាន ដូចជា វៀតណាម និងហ្វីលីពីនដែលពាក់ព័ន្ធខ្លាំងជាងគេ បាន ទាមទារអោយចិន បញ្ឈប់ការបំពានដែនកោះរបស់ខ្លួន។

ប៉ុន្តែក្រុង ប៉េកាំង មិនស្ដាប់ ហើយក៏មិនចុះញមនឹងការព្រមាននេះឡើយ។ រហូតមកដល់ពេលនេះ ចិនបានស្ថាបនា កោះសិប្បនិម្មិតមួយ នៅសមុទ្រចិនខាងត្បូង បានដប់កោះ ហើយកោះទាំងនោះ គឺជាមូលដ្ឋានកងទ័ព របស់ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស