32.9 C
Phnom Penh

គណបក្ស GDPស្នើឱ្យព្រឹទ្ធសភាផ្អាកការអនុម័តលើសេចក្តីព្រាងច្បាប់ទទួលស្គាល់ការបោះបង្គោលព្រំដែនជាមួយវៀតណាម ក្រោយពីស្នើទៅរដ្ឋសភាត្រូវបរាជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានបង្ហាញការសោកស្តាយជាខ្លាំង ក្រោយពេលស្ថាប័នរដ្ឋសភាជាតិសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមចំពោះសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកាលពីឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជានិងវៀតណាម។ 

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលចេញផ្សាយនៅថ្ងៃនេះ បានស្នើឱ្យស្ថាប័នព្រឹទ្ធសភា គប្បីពន្យារពេល ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ដោយសារកម្ពុជានៅមិនទាន់មានឯកភាពជាតិនៅឡើយ និងស្របពេលដែលរដ្ឋសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ។

GDP យល់ថា មរកតប្រវត្តិសាស្ត្រនៃការដឹកនាំរដ្ឋ នឹងធ្លាក់ទៅលើគណបក្សដឹកនាំរដ្ឋាភិបាល ហើយភាពឈឺចាប់នឹងដក់ជាប់ក្នុងដួងចិត្ត ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ចំពោះអ្វីដែលរដ្ឋសភាបានធ្វើកាលពី ម្សិលមិញនោះ។

កាលពីថ្ងៃទី ៥ តុលា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានចុះហត្ថលេខាទទួលស្គាល់លើសន្ធិសញ្ញាបំពេញបន្ថែមថ្មីមួយទៀតសម្រាប់ ឆ្នាំ២០១៩នៅប្រទេសវៀតណាម ដោយភាគីទាំងពីរទទួលស្គាល់លទ្ធផលបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដែលបោះសម្រេចបាន៨៤ % ហើយនៅសល់១៦ភាគរយទៀត ដែលភាគីទាំងពីរក៏បានប្តេជ្ញាដោះស្រាយឱ្យបានឆាប់រហ័សផងដែរ។

កាលពីថ្ងៃច័ន្ទ រដ្ឋសភាឯកបក្សដែលមានសុទ្ធតែគណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់នេះជាផ្លូវការ គ្មានការជំទាស់អ្វីទាំងអស់។

សេចក្តីព្រាងច្បាប់នេះមានចំនួ៣មាត្រា ក្នុងនោះមាត្រា១ចែងពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានៅរដ្ឋធានីហាណូយក្នុងទឹកដីវៀតណាម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។

ដោយឡែកមាត្រា២ ចែងថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តអនុវត្តន៍រាល់នីតិវិធីដែលជាខ្លឹមសារនៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។ ចំណែកមាត្រាចុងក្រោយ ចែងថាច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ទៀតផង។

ភាពប្រញាប់នេះ ត្រូវបានអ្នកវិភាគមើលឃើញថា វៀតណាមបានដឹងរួចជាស្រេចទៅហើយអំពីលទ្ធភាពដែលសន្ធិសញ្ញានេះត្រូវបាន            អនុម័តដោយរលូនក្នុងពេលកម្ពុជាមានវិបត្តិនយោបាយ ម្យ៉ាងបច្ចុប្បន្នរដ្ឋសភាជាតិមានតែបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលងាយស្រួលក្នុងការរកសំឡេង ពីសមាជិកសភា ២ភាគ៣ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់នេះ ខុសកាលពីពេលមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ដែលធ្វើឱ្យគណបក្សកាន់អំណាចពិបាករកសំឡេងគាំទ្របែបនេះ។

បន្ថែមពីនេះទៀត ស្របពេលដែលស្ថានភាពនយោបាយក្នុងប្រទេស ខណៈពលរដ្ឋខ្មែរ កំពុងតែចាប់អារម្មណ៍ខ្លាំងរឿង លោក សម រង្ស៊ី ចូលស្រុកវិញដែលធ្វើឱ្យបញ្ហាជាតិដ៏ធំមួយនេះ ត្រូវបានបំភ្លេច    ចោល។

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ និងជាអ្នកជាប់ឃុំមនសិការដោយសារការរិះគន់រឿងព្រំដែននេះ លោក អ៊ុំ សំអាន បានប្រកាសចូលរួមរំលែកទុក្ខ ជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសជាថ្មីទៀត ចំពោះការបាត់បង់ទឹកដីខ្មែរទៅក្នុងដៃវៀតណាមបន្ថែមទៀត តាមរយៈរដ្ឋសភាឯកបក្សដែលបានអនុម័តយល់ព្រមជាឯកច្ឆន្ទកាលពីថ្ងៃម្សិលមិញ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់ ដែលធ្វើឡើងជាមួយវៀតណាមកាលពីឆ្នាំ១៩៨៥។

លោក អ៊ុំ សំអាន បញ្ជាក់ថា រដ្ឋសភាឯកបក្សដែលជាអតីតគណបក្សកុម្មុយនីស្តមួយនេះ បានប្រថាប់ត្រាយល់ព្រមការកាត់ដីខ្មែរអោយទៅវៀតណាម តាមសំណើររបស់លោក ហ៊ុន សែន ហើយសភាឯកបក្សនេះជារដ្ឋសភាកើតចេញពីការបោះឆ្នោតក្លែងក្លាយកាលពីឆ្នាំ២០១៨ថែមទៀត ។

លោកយល់ថា ការអនុម័តរបស់រដ្ឋសភាឯកបក្សថ្ងៃនេះលើសន្ធិសញ្ញាបំពេញបន្ថែម ត្រូវបានទុកជាមោឃៈ ហើយកម្ពុជានឹងលុបចោលសន្ធិសញ្ញានេះនៅពេលមានរដ្ឋសភាដែលកើត ចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នាពេលខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស