27 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថានៅពេលខ្មែរបន្តឈ្លោះគ្នា នឹងផ្តល់ផលចំណេញដល់បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស លោក យ៉ែម ប៉ុញ្ញារិទ្ធិ បានលើកឡើងនៅថ្ងៃនេះថា គ្រប់សម័យកាល នៅពេលដែលមានការចងកំហឹង មានជម្លោះរវាងខ្មែរ និងខ្មែរ គឺពុំបានផ្ដល់ផលល្អប្រសើរសម្រាប់សង្គមជាតិខ្មែរនោះឡើយ។

លោកបន្តថា ផ្ទុយទៅវិញ វាតែងនាំឱ្យបរទេសជិតខាងកេងចំណេញ និងទទួលបានផលប្រយោជន៍ពីជម្លោះផ្ទៃក្នុងកម្ពុជា។ ជាមួយគ្នានេះ លោក សង្ឃឹមថា អ្នកនយោបាយឬអ្នកដឹកនាំនឹងខិតខំប្រឹងប្រែងរកដំណោះស្រាយល្អៗ ព្យាយាមផ្សះផ្សាជាតិ។ លើសពីនេះរកចំណុចឯកភាពជាតិដើម្បីការពារអត្ថប្រយោជន៍របស់កម្ពុជាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយរក្សា EBA ហើយបង្កើនការនាំចេញ សម្រាប់សេដ្ឋកិច្ចគ្រួសារ ដែលនាំឱ្យជីវភាពពលរដ្ឋកាន់តែល្អប្រសើរ។

ការលើកឡើងនេះ ស្របពេលអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កំពុងប្រើប្រាស់សង្គ្រាមពាក្យសម្តី និងបញ្ចេញកម្លាំងដាក់គ្នារៀងៗខ្លួន ដោយបានចាត់ទុកគ្នាជាសត្រូវ មិនអាចផ្សះផ្សាបានទៅហើយ។

សង្រ្គាមពាក្យសម្តីរបស់អ្នកនយោបាយចាស់វស្សាទាំងពីររូបនេះ ធ្វើឱ្យគេនឹកឃើញដល់ពាក្យស្លោករបស់លោក សម រង្ស៊ី ធ្លាប់លើកឡើងថា មានសែនអត់ស៊ី និងមានស៊ីអត់សែនជាដើម។

ជម្លោះរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កាន់តែឈានដល់ចំណុចក្តៅ ស្របពេលដែលរដ្ឋសភាឯកបក្សអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមលើបញ្ហាព្រំដែនគោកជាមួយវៀតណាម ដែលក្រុមអ្នកឃ្លាំមើលចាត់ទុកថាជាការកាត់ដីខ្មែរដោយស្របច្បាប់ទៅឱ្យវៀតណាម តាមការចង់បានរបស់មេដឹកនាំក្រុងហាណូយ។ ស្របគ្នានេះដែរ នីតិវិធីដកប្រព័ន្ធអនុគ្រោះ EBA របស់អឺរ៉ុបក៏កាន់តែខិតជិតចូលមកដល់ថ្ងៃឱវសានថែមទៀតផង។

កាលពីថ្ងៃទី២ ខែកញ្ញា ក្នុងខួប២ឆ្នាំនៃការចាប់ឃុំខ្លួនប្រធានគណបក្សសង្រ្គោះជាតិគឺ លោក កឹម សុខា ដោយលោកបានផ្ញើសារទៅកាន់អ្នកនយោបាយទាំងអស់ ឲ្យបញ្ឈប់ការធ្វើនយោបាយបែបផ្ចាញ់ផ្ចាលគ្នា ហើយយកឈ្នះយកចាញ់ ដោយយកពលរដ្ឋ និងជាតិជាខែលឬជាឈ្នាន់នយោបាយរបស់ខ្លួន ត្បិតពលរដ្ឋខ្មែរធ្លាប់រងការឈឺចាប់គ្រប់គ្រាន់ហើយ។ លោកថា ការធ្វើនយោបាយបែបនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរបន្តរងគ្រោះជាថ្មីទៀត ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស