32 C
Phnom Penh

លោកសម រង្ស៊ី ថានឹងចេញពីដំណើរពីបារាំងមកថៃ ខណៈនាយករដ្ឋមន្ត្រីថៃមិនអនុញ្ញាតិឱ្យចូលទឹកដីខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសពីគម្រោងចេញដំណើររបស់ខ្លួនពីទឹកដីបារាំង ឆ្ពោះទៅកាន់ប្រទេសថៃ មុននឹងបន្តដំណើរមកកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកាតាមការគ្រោងទុក។

ទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែលបានដាក់បង្ហាញទាំង សំបុត្រយន្តហោះ និងប៉ាស្ព័រផងនោះ លោក សម រង្ស៊ី បានលើកឡើងថា លោកនឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃព្រហស្បត្តិ៍ទី៧ វិច្ឆិកាស្អែកនេះ ហើយនឹងទៅដល់ប្រទេសថៃនៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃសៅរ៍ ០៩ វិច្ឆិកាខាងមុខនេះ។

ការប្រកាសរបស់លោក សម រង្ស៊ី ស្របពេលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា បានអះអាងថារដ្ឋាភិបាលថៃមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលមកក្នុងប្រទេសរបស់ខ្លួននោះទេ។

ភ្នាក់ងារសារព័ត៌មានរ៉យទ័រ(REUTER) បានចុះផ្សាយនៅថ្ងៃនេះបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដោយបង្ហាញពីទំនាក់ទំនងរវាងថៃ-កម្ពុជា ក្នុងនាមប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន(ASEAN) ថា យោងតាមការប្តេជ្ញាចិត្តរបស់ថៃចំពោះអាស៊ាន                 រដ្ឋាភិបាលថៃនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សមាជិកគ្នាឯងនោះឡើយ ហើយថៃក៏នឹងមិនអនុញ្ញាតឱ្យមានក្រុមមនុស្សប្រើប្រាស់ទឹកដីថៃ ដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលណាមួយនោះដែរ ។

រហូតមកទល់ពេលនេះ លោក សម រង្ស៊ី នៅមិនទាន់មានប្រតិកម្មតបចំពោះបម្រាមរបស់លោក ប្រាយុទ្ធ ចាន់អូចា នៅឡើយទេ។

ចំណែករដ្ឋាភិបាលលោកហ៊ុន សែន វិញបានបញ្ជាដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនឱ្យដឹកលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាឡើយ ដោយថាបើហ៊ានដឹកនឹងមានទោសទណ្ឌពីបទរួមគំនិតក្បត់ទៀតផង។

ដោយឡែកក្នុងប្រទេសវិញ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈរឹតបណ្តឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីចាត់វិធានការលើក្រុមលោក សម រង្ស៊ីហើយព្រមានដល់ពលរដ្ឋ និងមន្ត្រីរាជការទាំអស់មិនឱ្យចូលរួមសកម្មភាពជាមួយក្រុមបក្សប្រឆាំង។ លើសពីនេះ វត្តមានពលរដ្ឋតាមមូលដ្ឋាន និងមន្ត្រីរាជការត្រូវបានត្រួតពិនិត្យឬ តាមដានយ៉ាងដិលដល់នៅថ្ងៃទី ៩ វិច្ឆិកាផងដែរ។ 

យ៉ាងណាក៏ដោយចុះ អនុប្រធានគណបក្សសង្រ្គោះជាតិអ្នកស្រី មូរ សុខហួរ ថ្លែងពីប្រទេសឥណ្ឌូលនេស៊ីនៅថ្ងៃនេះថា បេសកកម្មវិលចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គ្មានអ្វីប្រែប្រួលឡើយ។

ការពីថ្ងៃទី៣១ ខែតុលា លោក សម រង្ស៊ី បានផ្ញើលិខិតមួយទៅកាន់លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីស្នើសុំទឹកដីប្រទេសថៃ ចុះចត និងឆ្លងកាត់មកកម្ពុជា។ លោកបញ្ជាក់ថាក្នុងដំណើររបស់លោក នឹងមកចុះចតនៅព្រលានយន្តអន្តរជាតិនៅទីក្រុងបាងកកនៅថ្ងៃទី ៨ វិច្ឆិកា ហើយនឹងបន្តចូលមកម្ពុជាតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ៕ 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស