27 C
Phnom Penh

ស្ថានទូតកម្ពុជាស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ បញ្ជូនមកកាន់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះបានស្នើឲ្យអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនអនុប្រធានគណបក្សសង្រ្គោះជាតិមួយរូប គឺ អ្នកស្រី មូរ សុខហួរ ដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីជាបន្ទាន់ ដើម្បីបញ្ជូនមកកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គរាជទូតប្រទេសកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី លោក ហោរ ណាំបូរ៉ា បានផ្ញើទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយស្នើឱ្យចាប់ខ្លួន អ្នកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់។ សំណើរនេះ ដោយលោក ហោរ ណាំបូរ៉ា បញ្ជាក់ថា អ្នកស្រីជាទណ្ឌិត និងជាក្រុមឧទ្ទាមប៉ុនប៉ង  ផ្តួលរំលំរដ្ឋាភិបាល ដែលត្រូវបានតុលាការចោទប្រកាន់និងបង្គាប់តាមចាប់ខ្លួនផងដែរ។

ការចេញលិខិតប្រកាសព័ត៌មាននេះ ក្រោយពេលលោក ហោរ ណាំបូរ៉ា បានទៅរំខានវេទិកាធ្វើសន្និសីទសារព័ត៌មានរបស់អ្នកស្រី មូរ សុខហួរ នៅព្រឹកនេះ ហើយព្រមានចាប់ខ្លួនអ្នកស្រីទៀតផង។

អនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ បានថ្លែងនៅក្នុងវីដេអូផ្សាយរបស់ខ្លួននៅរសៀលនេះ ថាទង្វើរបស់អគ្គរាជទូតកម្ពុជារូបនេះ ធ្វើឡើងទាំងមិនយល់ពីអ្វីទៅដែលហៅថាការទូត និងជាការបំពានទៀតផង។ អ្នកស្រីស្នើឱ្យ លោក ហោរ ណាំបូរ៉ា គប្បីទៅរៀនសូត្រពីរបៀបធ្វើការងារទូតសារជាថ្មី ព្រោះលោកមិនចេះអ្វីទាល់តែសោះ។

អ្នកស្រី មូរ សុខហួរ នៅតែអះអាងថា ផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនឹងគ្មានការប្រែប្រួលទេ ដោយដំណើរការវិលចូលប្រទេសវិញនោះនឹងធ្វើឡើងតាមព្រំដែនកម្ពុជា-ថៃ។

អ្នកស្រីបញ្ជាក់ថា មូលហេតុអ្នកស្រីទៅប្រទេសឥណ្ឌូនេស៊ី គឺដើម្បីជួបសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្នុងការស្វែងរកដំណោះស្រាយ និងស្វែងរកការគាំទ្រផងដែរ។ ជាថ្មីម្តងទៀត អ្នកស្រី ថាការវិលមកចូលប្រទេសនៅថ្ងៃទី៩ វិច្ឆិកា គឺដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស កិច្ចការពារប្រព័ន្ធអនុគ្រោះពន្ធ EBA មិនឱ្យបាត់បង់ និង ជំរុញឱ្យមានការដោះលែងលោក កឹម សុខា ជាដើម។

អ្នកស្រីថ្លែងបន្តថា ក្រោយពេលបញ្ចប់បេសកកម្មនៅប្រទេសឥណ្ឌូនេស៊ី អ្នកស្រីនឹងបន្តចេញដំណើរនៅល្ងាចនេះទៅកាន់ប្រទេសមួយទៀតនៅក្នុងតំបន់អាស៊ី ហើយនឹងជួបពលករខ្មែរនៅថៃ នាថ្ងៃទី ៩ វិច្ឆិកា ដើម្បីចូលមកកម្ពុជា។

យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលលោកហ៊ុន សែន បានព្រមានហើយថាមាតុភូមិននិវត្តន៍របស់លោក សម រង្ស៊ី នឹងស្វាគមន៍ដោយខ្នោះដៃ និងគុក ហើយប្រសិនបើក្រុមនេះប្រឆាំងគឺត្រូវកម្ទេចចោលតែម្តង។ ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធប្រមាណ២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅតាមបណ្តាខេត្ត ជាប់ព្រំដែន អមដោយអាវុធទំនើបៗ ក្រោមហេតុផលថា ចាត់វិធានការចំពោះក្រុមឧទ្ទាមខុសច្បាប់ ដើម្បីរក្សាសន្តិភាពឱ្យបាន។

សម្រាប់អ្នកវិភាគនៅក្រៅប្រទេសកម្ពុជាវិញលោក គឹម សុខ លើកឡើងថា ភាពស្ងប់ស្ងាត់នៅក្រោមចុងកាណុង គេមិនហៅថាសន្តិភាពទេ។

លោកថា សន្តិភាពកើតមានឡើងជាមួយសន្តិសុខ។ លោកថា បើតាមនិយមន័យសកលវិញលើកឡើងថា ដរាបណា សាធារណជនមិនហ៊ាននិយាយអ្វី ពីព្រោះតែព្រួយបារម្ភនឹងសន្តិសុខរបស់ខ្លួន ភាពស្ងប់ស្ងាត់សង្គមនោះ ពុំត្រូវបានរាប់ចូលថាជាសន្តិភាពទេ។

លោកបន្ថែមថា យុត្តិធម៌សង្គមដែលមហាជនទទួលស្គាល់និងទទួលយកដោយពេញចិត្តនោះ ត្រូវគេចាត់ទុកជាសកលថា គឺជាគ្រឹះនៃសន្តិសុខ ដើម្បីឲ្យសន្តិភាពមានអត្ថន័យពេញលេញរបស់វា។ លោកបញ្ជាក់ថា សន្តិភាពគឺពុំមែនជាឧបករណ៍សម្រាប់ពួកអ្នកកាន់អំណាចនិងមនុស្សមួយក្រុម នៃសង្គមយកទៅប្រើប្រាស់ដើម្បីឃោសនាបំភ័ន្តមហាជននោះឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស