38 C
Phnom Penh

អាជ្ញាធរលោក ហ៊ុន សែន បន្តចាប់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១០រូប ដែលនៅយាមស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួនកាលពីល្ងាចថ្ងៃម្សិលមិញ ហើយសមត្ថកិច្ចអះអាងថានៅកំពុងសាកសួរពួកគេបន្តនៅថ្ងៃនេះ។

ពួកគេទាំង១០នាក់នោះ ក៏មានលោក ពួក ចិន្តា ដែលជាអតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី ដែលត្រូវបានជនមិនស្គាល់មុខវាយឱ្យរងរបួសធ្ងន់ធ្ងរ កាលពីពេលថ្មីៗនេះ នៅមិនទាន់រកយុត្តិធម៌ឃើញនៅឡើយផង។  ពួកគេបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន និងសាកសួរនៅស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ។

ដោយឡែកនៅថ្ងៃនេះផងដែរសកម្មជនគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានអះអាងថា សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ខ្លួនអតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងលោក ជា ជាវ ក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ 

លោក ជា ជាវ គឺជាអតីតមន្ត្រីបក្សប្រឆាំងនៅខេត្តបាត់ដំបងមួយរូបដែលរឹងមាំ ដោយមិនព្រមចុះចូលជាមួយបក្សកាន់អំណាច ទោះបីជាលោកធ្លាប់អះអាងថាមានការអូសទាញលោកជាច្រើនលើកច្រើនសារដើម្បីឱ្យចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ លោកមានភាពសកម្មក្នុងកិច្ចការងារសង្គម និងនយោបាយ ដោយតែងរិះគន់ការដឹកនាំរដ្ឋាភិបាលឱ្យដើរលើផ្លូវត្រូវ ក្នុងសង្គមជាតិមួយប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សផងដែរ។

គិតមកដល់ថ្ងៃនេះ មានអតីតសកម្មជននិងមន្ត្រីគណបក្សសង្រ្គោះជាតិប្រមាណ៧០នាក់ហើយត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទ ញុះញង់ និងរួមគំនិតក្បត់ប៉ុនប៉ងធ្វើរដ្ឋប្រហារ។

ការបង្កើនការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងកាន់តែច្រើននេះ ស្របពេលផែនការវិលចូលប្រទេសកម្ពុជា របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួននៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះនឹងចូលមកដល់។

លោក សម រង្ស៊ី បានប្រកាសបូជាជីវិតខ្លួនដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងត្រៀមខ្លួនជាស្រេចក្នុងការវិលត្រឡប់ចូលមកប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាឱ្យខាងតែបាន ទោះបីជាមានឧបសគ្គអ្វីកើតឡើងចំពោះរូបលោកក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស