អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានអះអាងថា សហរដ្ឋអាមេរិក បានយល់ព្រមអោយភាគីថៃ មកចរចាជាមួយអាមេរិក ទាក់ទិនការដែលសេតវិមានរៀបចំព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលអាមេរិកគ្រោងនឹងព្យួរ នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០ ខាងមុខនេះ។
មូលហេតុដែលអាមេរិក មានផែនការព្យួរ ប្រព័ន្ធអនុគ្រោះ GSP ដោយសារអាមេរិក រកឃើញថា កម្មករនៅលើទូកនេសាទសមុទ្រនិង កម្មករស្បៀងសមុទ្រ រងការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ។
សារព័ត៌មាន ថៃបាងកក ប៉ុស្តិ៍បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន រយៈពេល ៣ថ្ងៃដែលបានបិទបញ្ចប់កាលពីថ្ងៃទី៤វិច្ឆិកា អ្នកទាំងពីរបានជួបពិភាក្សាលើបញ្ហានេះ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Narumon បានបន្តថា លោកប្រាយុទ្ធ ចាន់អូចា បានប្រាប់ភាគីអាមេរិកថា លោកយល់ស្របនឹងការព្រួយបារម្ភ របស់ក្រុងវ៉ាស៊ីនតោនអំពីសិទ្ធិការងាររបស់កម្មករប៉ុន្តែសម្រាប់រូបលោក សង្ឃឹមថាក្នុងនាមជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនឹងគ្នា គឺរដ្ឋបាលសហរដ្ឋអាមេរិក គួរពិចារណាឡើងវិញ មុននឹងវិធានការព្យួរប្រព័ន្ធអនុគ្រោះ GSP ជាផ្លូវការ។
អ្នកស្រី Narumon អះអាងថា លោករដ្ឋមន្ត្រី Wilbur Ross បានសាទរចំពោះកិច្ចពិភាក្សា ស្តីពីបញ្ហានេះ។ អ្នកស្រីបន្តថា រដ្ឋាភិបាលថៃ នឹងរៀបចំអោយមានការចរចាជាមួយសហរដ្ឋអាមេរិកអាចប្រព្រឹត្តទៅនៅចុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
ប៉ុន្តែបាងកកប៉ុស្តិ៍ បានដកស្រង់សំដី លោករដ្ឋមន្ត្រី Wilbur Ross ចុះផ្សាយថា រដ្ឋមន្ត្រីអាមេរិករូបនេះ នៅតែព្រមានថា ការប្រសើរឡើងវិញ នូវសិទ្ធិកម្មករ នៃផលិតផលស្បៀងសមុទ្រ គួរតែឆាប់កើតមាន ខណៈសហរដ្ឋអាមេរិកកំពុងតាមដានរឿងនេះជាខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ ចាន់អូចា បានអរគុណលោករដ្ឋមន្ត្រីពាណិជ្ជកម្ម Wilbur Ross ដែលបានដឹកនាំក្រុមអ្នកវិនិយោគទុនអាមេរិកមកប្រទេសថៃ ធ្វើឲ្យមានជំនួបធុរកិច្ចជាមួយគ្នា ដែលរំពឹងថា ក្រុមវិនិយោគទុនអាមេរិក នឹងជួយបង្កើនការវិនិយោគនិងពាណិជ្ជកម្មរវាងថៃនិងសហរដ្ឋអាមេរិកបន្ថែមទៀត។
កាលពីខែ តុលា ឆ្នាំ២០១៩នេះ សហរដ្ឋអាមេរិក បានជូនដំណឹងទៅភាគីថៃថា ខ្លួននឹងផ្អាកការអនុគ្រោះពន្ធលើទំនិញ ១ពាន់៣រយលានដុល្លារ ក្រោមប្រព័ន្ធ GSP ។ ក្នុងប្រព័ន្ធនេះ គឺផលិតផល ៥៧៣ មុខនឹងរងការប៉ះពាល់ ប៉ុន្តែ ផលិតផលស្បៀងសមុទ្រ ដែលធំជាងគេ នឹងត្រូវដកចេញពីកម្មវិធីនេះ។
ការបាត់បង់ប្រព័ន្ធអនុគ្រោះ GSP នេះ នឹងនាំអោយថៃ ត្រូវបានបំពេញ កាតព្វកិបង់ច្ចពន្ធចូលទីផ្សារអាមេរិក ក្នុងមួយឆ្នាំៗប្រមាណ ៦០លានដុលា្លរ ។ ប្រទេសថៃ មិនត្រឹមតែប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះ GSP នេះទេ ប៉ុន្តែប្រទេសនេះបានបាត់ទៅហើយនូវប្រព័ន្ធអនុគ្រោះពន្ធ FTA របស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុបបានដកប្រព័ន្ធនេះ ត្រឡប់វិញ នៅអំឡុង ឆ្នាំ២០១៤ ដែល លោកឧត្តមសេនីយិ៍បា្រយុទ្ធ ចាន់អូចាដឹកនាំរដ្ឋប្រហារមួយបានសម្រេច ទំលាក់រាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត របស់គណបក្សភឿថៃ នៃអតីតនាយករដ្ឋមន្ត្រីអ្នកស្រី យីងឡាក់ ។
ចំណែកសហរដ្ឋអាមេរិក បានវិលមកផ្ដល់ជំនួយយោធាអោយថៃវិញ នៅពេល លោកប្រាយុទ្ធ ចាន់អូចា សន្យាថាមានការបោះឆ្នោតឡើងវិញ ហើយងាកខ្លួនបន្តិច ពីចិនមកវិញ។
រាជាណាចក្រថៃ បច្ចប្បន្ននេះ គឺជារាជរដ្ឋាភិបាល ស៊ីវិល បង្កើតដោយ១៩គណបក្ស បន្ទាប់ពីការបោះឆ្នោតសភា កាលពីខែមីនា ឆ្នាំ២០១៩៕