41.3 C
Phnom Penh

សាលាឧទ្ធរណ៍សម្រេចដោះលែងលោក ថោង សារ៉ាត់ និងបក្ខពួក៣នាក់ទៀត ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍បានសម្រេចដោះលែងឧកញ៉ាថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅជាប់ឃុំនៅឡើយ។ អ្នកទាំង៥នាក់នេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងឆ្នាំ២០១៤។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ កាលពីថ្ងៃម្សិលមិញ  ឱ្យដឹងថា ជនជាប់ចោទដែលត្រូវដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្នចំនួន៤នាក់នោះរួមមាន ឧកញ៉ា ថោង សារ៉ាត់ លោក  ហួយ ចាន់ថុល លោក មាស សម្បត្តិ ហៅ ទូច និង ឈ្មោះ ឃុន ចិត្រា ប៉ុន្តែពួកគេត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ថាការសម្រេចដោះលែងឱ្យជនជាប់ចោទទាំងបួននាក់នៅក្រៅឃុំ ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគ្រស្មាញ និងពុំមានភាពចាំបាច់ណាមួយ  ក្នុងការបន្តឃុំខ្លួនពួកគេនោះឡើយ។

លើសពីនេះ ក្នុងចំណោមជនជាប់ចោទទាំង០៤នាក់នេះ ក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ។

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅកណ្តាលរាជធានីភ្នំពេញ។

ពួកគេទាំងប្រាំនាក់នេះ ត្រូវបានតុលាការជាប់ចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

យ៉ាងណាក៏ដោយចុះ ក្នុងពេលជាប់ឃុំ មានសេចក្តីរាយការណ៍ជាច្រើនថា លោកថោង សារ៉ាត់ មានតែឈ្មោះជាប់ឃុំក្នុងពន្ធនាគារតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតជនជាប់ចោទរូបនេះបានមកស្នាក់នៅក្នុងមន្ទីរពេទ្យច្រើនជាងជាប់ឃុំក្នុងគុក។

ការដោះលែង លោក ថោង សារ៉ាត់ និងបក្ខពួកឱ្យនៅក្រៅឃុំពេលនេះ ត្រូវបានសាធារណៈជនរិះគន់ថា សំណុំរឿងឃាតកម្មឬ សម្លាប់មនុស្ស បែរជាតុលាការអនុញ្ញាតិឱ្យនៅក្រៅឃុំបាន ប៉ុន្តែសម្រាប់សំណុំរឿងសកម្មជនដីធ្លី សកម្មជនបរិស្ថាន ឬ សកម្មជនរិះគន់រដ្ឋាភិបាល ដូចជាករណី លោក គង់ រ៉ៃយ៉ា លោក សួង នាគព័ន្ធ លោក រ៉ាត់ រត្នមុនី និងសំណុំរឿងអតីតបក្សប្រឆាំងផ្សេងទៀតដោយមិនមែនជាបទឧក្រិដ្ឋផង ប៉ុន្តែតុលាការមិនអនុញ្ញាតិឱ្យពួកគាត់បាននៅក្រៅឃុំជាដាច់ខាត ទោះបីជាពួកគេខ្លះមានជំងឺធ្ងន់ធ្ងរ និងមានបញ្ហាប្រឈមក្នុងគ្រួសារយ៉ាងណាក៏ដោយ។

ការអនុវត្តច្បាប់របស់តុលាការបែបនេះ ត្រូវបានខាងអង្គការសង្គមស៊ីវិលចាត់ទុកថាជាការអនុវត្តច្បាប់ដែលមានស្តង់ដារពីរដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស