34 C
Phnom Penh

អ្នកស្រី Rhon Smith បង្ហាញក្តីបារម្ភអំពីការបង្ក្រាបផ្នែកនយោបាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី Rhona Smith នៅថ្ងៃសុក្រទី០៨ ខែវិច្ឆិកា នេះបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងអំពីការបង្ក្រាបផ្នែកនយោបាយ កាន់តែខ្លាំងឡើងៗនៅទូទាំងប្រទេស។ ជាងនេះទៅទៀតអ្នកស្រី បានអំពាវនាវឲ្យរដ្ឋាភិបាលគោរពនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ យោបល់ និងការជួបប្រជុំរបស់ពលរដ្ឋខ្មែរទូទៅ។

ប៉ុន្តែ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសានបានប្រាប់សាព័ត៌មាន The Cambodia Daily ថារដ្ឋាភិបាលមិនបានរំលោភសិទ្ធិមនុស្សដូចការចោទប្រកាន់របស់មន្រ្តីអង្គការសហប្រជាជាតិនោះទេ។ លោកបន្តថាក្រុមរបស់លោក សមរង្ស៊ី បាននាំគ្នារំលោភសាលក្រមស្ថាពររបស់តុលាការកំពូលដែលរំលាយគណបក្សសង្គ្រោះជាតិ និងមន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិចំនួន ១១៨នាក់។


សេចក្តីប្រកាសព័ត៌មានរបស់ អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យដឹងថា រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានមនុស្សយ៉ាងតិចចំនួន ៨៩ នាក់ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់ ប្រឆាំងនឹងរដ្ឋ» ហើយយ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៥២នាក់ ត្រូវបានចាប់ខ្លួន នៅតាមបណ្តាខេត្តចំនួន ២០ ដែលព្រឹត្តិការណ៍នេះនាំឲ្យមានការកើនឡើងនូវករណីនៃការយាយីធ្វើទុក្ខបុកម្នេញ និងចំណាត់ការតាមផ្លូវ តុលាការប្រឆាំងនឹងសមាជិក ឬអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួនជាង ២០០ ករណី រាប់ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

អ្នកស្រី រូណា ស្មីត បញ្ជាក់ថា ស្របពេល លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ប្រកាសវិលត្រឡប់ពីការនិរទេសខ្លួន នៅថ្ងៃទី៩ ខែវិច្ឆិកា ការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួននៃការចាប់ខ្លួន និងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើសមាជិកគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន។

អ្នកស្រីបានបន្តថា គេមិនត្រូវអនុញ្ញាតឲ្យមានការចាប់ខ្លួនទាំងឡាយ ដោយគ្រាន់តែផ្អែកលើមូលហេតុនៃការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ តាមរយៈការថ្លែងសារនយោបាយ និងការធ្វើអត្ថាធិប្បាយទៅលើកិច្ចការសាធារណៈឡើយ។ ប្រទេសកម្ពុជាត្រូវតែគោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។

អ្នកស្រីអំពាវនាវដល់រដ្ឋាភិបាល និងគ្រប់ភាគីទាំងអស់ ធ្វើការកាត់បន្ថយនូវស្ថានភាពដែលវិវឌ្ឍន៍ទៅរកភាពតានតឹង ហើយស្វែងរកការសន្ទនាគ្នានៅក្នុងបរិយាកាសប្រកបដោយសន្តិវិធី និងដែលអនុញ្ញាតឲ្យមានការបញ្ចេញនូវមតិនយោបាយជួយគ្នាដោយចៀសវាងការរឹតត្បិតណាមួយបន្ថែមទៀតទៅលើសេរីភាពជាមូលដ្ឋាន ដែលជាគ្រឹះនៃការទទួលបានការអនុវត្តសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស