នៅពេលវៀតណាមត្រៀមប្ដឹងទៅUN ករណីឈា្លនពានដែនទឹករបស់ខ្លួន ចិន សុំវៀតណាម កុំបង្ករឿង

បន្ទាប់ពីមើលមុខគ្នាមិនចំនៅឯកិច្ចប្រជុំអាស៊ាន ដែលបានបិទបញ្ចប់កាលពីថ្ងៃទី៤ ខែវិច្ឆិកានៅទីក្រុងបាងកក រដ្ឋាភិបាលសង្គមនិយមវៀតណាមសម្រេចថានឹងរៀបចំអ្នកជំនាញច្បាប់ស្ដីពីច្បាប់សមុទ្រអន្តរជាតិដើម្បីប្ដឹងប្រទេសចិនទៅកាន់តុលាការមជ្ឈត្តិការអន្ដរជាតិអោយកាត់ក្ដីអំពីជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូងដែលចិនបានកាន់កាប់ស្ទើរទាំងស្រុង។ 

កាលពីថ្ងទី៦វិច្ឆិកាអនុរដ្ឋមន្រ្ដីការបរទេសវៀតណាមLe Hoai Trung  និយាយថាវៀតណាមចង់ឃើញដំណោះស្រាយនៃការចរចាអំពីជម្លោះសមុទ្រចិនខាងត្បូងដែលប្រទេសចិនបានកំពុងឈ្លានពាននិងកាន់កាប់ប៉ុន្ដែលោកថាវៀតណាមមានជម្រើសដទៃទៀតគឺការប្ដឹងចិនទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬក៏តុលាការមជ្ឈិត្តការអន្តរជាតិ ដែលជាស្ថាប័នយុត្តិធម៌មួយរបស់ អង្គការសហប្រជាជាតិ។ តែមកដល់ថ្ងៃសុក្រទី៨វិច្ឆិកា នេះបណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel  News Asia  បានចុះផ្សាយថា ប្រទេសចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស គឺលោក Geng Shuang បានអំពាវនាវសុំអោយ វៀតណាម កុំ បង្កបញ្ហាកាន់តែស្មុគច្រើនថែមទៀត ករណីសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បាន ចោទវៀតណាម និងប្រទេសមួយចំនួនទៀតថា ជាដើមហេតុនៃការបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។

លោក Geng Shuang បានវាយបកទៅលើវៀតណាមដូចនេះថា ៖«វៀតណាមគួរតែទទួលស្គាល់កំណត់ត្រា ប្រវត្តិសាស្ត្រ ហើយគួរគោរពតាមការឯកភាពកន្លងមកដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់ ដោយសន្យាថា ការដោះស្រាយជម្លោះគឺតាមរយៈកិច្ចសន្ទនា ដោយចៀសវាងការចាត់វិធានការ ណាមួដែលអាចបង្កបញ្ហាកាន់តែស្មុគស្មាញ នាំអោយប៉ះពាល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង នឹងអាចធ្វើខូចទំនាក់ទំនងទ្វេភាគី»។

ចំណែក ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា អ្នកច្បាប់វៀតណាម កំពុងតែសិក្សាអំពីលទ្ធភាពនៃការប្ដឹងចិនករណីបង្កឈ្លានពានដែនទឹកវៀតណាមនៅ សមុទ្រចិនខាងត្បូង។ ប៉ុន្ដែប្រភពនេះ បានបញ្ជាក់ថាវៀតណាមទំនងនឹងជ្រើសរើសតុលាការមជ្ឈឹត្តិការអន្ដរជាតិនៅទីក្រុងឡាអេគឺដូចនឹងហ្វីលីពីនកាលពីឆ្នាំ២០១៦ ដែលតុលាការមួយនេះបានកាត់សេចក្ដីឱ្យហ្វីលីពីនមានសិទ្ធិចូលទៅគ្រប់គ្រងដែនទឹករបស់ខ្លួនឡើងវិញនៅសមុទ្រចិនខាងត្បូងដែលស្ថិតក្រោមកាន់កាប់ដោយប្រទេសចិន។

ប៉ុន្តែនៅពេល រ៉ូឌ្រីងហ្កូរឌូទើតេ ឡើងជាប្រធានាធិបតី ស្រាប់តែលោកបានទុកចោលសេចក្ដីសម្រេចនេះហើយបែរជាចាប់យកកិច្ចសហប្រតិបត្តិការទន់ភ្លន់ជាមួយចិនក្រោមហេតុផលនៃប្រាក់កម្ចីរបស់ចិនរាប់រយលានដុល្លារ។ ដោយសាររឿងនេះលោកឌូទ័រតេ ត្រូវបានប្រជា ជនហ្វីលីពីនហៅលោកថាជាជនក្បត់ជាតិ ។

វៀតណាមដែលធ្លាប់មានជម្លោះប្រដាប់ងាវុធដ៏បង្ហូរឈាមជាមួយចិនកាលពីឆ្នាំ១៩៧៤នៅពេលចិនលុកលុយចូលកាន់កាប់កោះប៉ារ៉ាហ្សែលដែលឥលូវដែនកោះនេះបានធ្លាក់ទៅលើចិនគ្រប់គ្រងស្ទើរទាំងស្រុង។

សម្រាប់ក្រុងហាណូយទំនងមិនដូចក្រុងម៉ានីលនោះទេ។ អ្នកជំនាញផ្នែកកិច្ចកាសមុទ្រចិនខាងត្បូង លោក Bill Hayton នៃវិទ្យាស្ថានសិក្សាកិច្ចការសមុទ្រ និយាយថាបើវៀតណាមប្រកាន់វិធានការបែបនេះគឺជាការវាយលុកផ្នែកនយោបាយដ៏ខ្លាំងមួយទៅលើប្រទេសចិនហើយអាចប៉ះពាល់ចំណងមិត្តភាពវៀតណាម-ចិនដែលជាប្រទេសកុម្មុយនីស្ដដូចគ្នា។ប៉ុន្ដែលោកថាវិធានការនេះគឺការសមស្រប។

កាលពីឆ្នាំ២០១៤ អតីតនាយករដ្ឋមន្រ្ដីវៀតណាមNguyen Tan Dung បានអះអាងថា វៀតណាមបានសិក្សាអំពីផ្លូវច្បាប់ច្រើនណាស់មកហើយដើម្បីប្ដឹងចិនដោយសារតែចិនបានចូលទៅលុកលុយដែនទឹករបស់ខ្លួននៅប្រជុំកោះស្ព្រាតលីនិងប៉ារ៉ាហ្សែលហើយជម្លោះនេះនៅតែបន្ដកើតមានរហូតមកដល់ពេលនេះ។

កាលពីខែសីហាចិនបានបញ្ចូននាវាល្បាតជាច្រើនគ្រឿងនិងនាវាខួងប្រេងដ៏ធំមួយទៅស្ទង់ប្រេងនៅតំបន់សេដ្ឋកិច្ចពិសេសរបស់វៀតណាម។ក្នុងហេតុការណ៍នេះវៀតណាមសឹងតែបញ្ចូនកងទ័ពចូលទៅបណ្ដេញចេញវិញ។

ក្នុងកិច្ចជុំកំពូលអាស៊ាននៅតីក្រុងបាងកក កាលពីដើមខែវិច្ឆិកា នាយករដ្ឋមន្រ្ដីង្វៀងសុនហ្វុក បានថ្លែងអំពីជម្លោះសមទ្រចិនខាងត្បូងដែលមេដឹកនាំវៀតណាមរូបនេះបានហៅស្ថានភាពនៅទីនោះថាផុយស្រួយខ្លាំងណាស់ទៅរកជម្លោះប្រដាប់អាវុធ។ លោកង្វៀនស៊ុនហ្វុកមិនបាននិយាយយោងទៅប្រទេសចិនចំៗនោះទេ។ប៉ុន្ដែអ្នកសង្កេតការណ៍ថាលោក ង្វៀងស៊ុនហ្វុកពិតជាចង់និយាយទៅលើប្រទេសចិនតែមួយគត់។

ការថ្លែងរបស់នាយករដ្ឋមន្រ្ដីវៀតណាមក៏បានទាញសមាជិកអាសានមួយចំនួនទៀតចាប់អារម្មណ៍ផងដែរហើយទីបំផុតនាយករដ្ឋមន្រ្ដីចិន លីកែឃៀង បានឡើងថ្លែងថាចិនក៏ចង់ឱ្យមានក្រមប្រតិបត្តិសុមុទ្រអំពីសមុទ្រចិនខាងត្បូងផងដែរ។

មកដល់ពេលនេះប្រទេសដែលប្រឈមុខតានតឹងជាមួយចិនមានតែពីរប្រទេសប៉ុណ្ណោះនៃសមាគមអាស៊ានគឺវៀតណាមនិងហ្វីលីពីន។

ចំណែកឯសមាជិកផ្សេងៗទៀតត្រូវបានមើលឃើញថាហាក់ដូចជាមិនបានសាមគ្គីគ្នាជាធ្លុងមួយជុំវិញសមុទ្រចិនខាងត្បូងនោះទេ។នាយករដ្ឋមន្រ្ដីវៀតណាមបានអំពាវនាវឱ្យមេដឹកនាំអាស៊ានរួមកម្លាំងគ្នាតែមួយដើម្បីភាពរឹងមាំនៃសន្ដិសុខតំបន់។

យ៉ាងណាក៏ដោយចិនតែងតែបដិសេធមិនទទួលស្គាល់សាលក្រមនៃមជ្ឈឹត្តិការអន្ដរជាតិដែលបង្គាប់ឱ្យចិនបញ្ឈប់ការកាន់កាប់នៅសមុទ្រចិនខាងត្បូងនោះទេ៕ 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.