26 C
Phnom Penh

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលធានាសេរីភាពពេញលេញដល់អ្នករាយការណ៍ព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា ដែលទើបបង្កើតឡើងដោយក្រុមអ្នកសារព័ត៌មានកម្ពុជា ទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរ ធានាសេរីភាពពេញលេញនៃការរាយការណ៍ព័ត៌មានរបស់អ្នកសារព័ត៌មានដែលបម្រើការនៅកម្ពុជា។

ការស្នើនេះ  ក្រោយពេលអ្នកសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ២រូប ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យឃាត់ខ្លួនសួរនាំក្នុងពេលពួកគេចុះបំពេញបេសកកម្មរាយការណ៍ព័ត៌មាននៅតំបន់ក្បែរព្រំដែនកម្ពុជា-ថៃ កាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីម្សិលមិញដោយបង្ហាញការសោកស្តាយជាខ្លាំង និងព្រួយបារម្ភ ករណីកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនលោក វណ្ណ វិចារ ដែលជាអ្នករាយការណ៍ព័ត៌មាន និងលោក ជន ចាន់រ៉ែន អ្នកថតរូបរបស់ VOD ទៅសាកសួរអស់រយ:ពេលជាង ៣ម៉ោងកាលពីថ្ងៃសៅរ៍នេះ។

អ្នកយកព័ត៌មានវីអូឌី ទាំងពីររូបនេះ ត្រូវបានកងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងសាកសួរ អំឡុងពេលពួកគេចុះទៅយកព័ត៌មានជុំវិញស្ថានភាពច្រកព្រំដែនប៉ោយប៉ែត ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍ចូលមកកម្ពុជាវិញរបស់ លោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា។

លោក វណ្ណ វិចារ បានប្រាប់ខេមបូចា ថា រូបលោក និងលោក ជន ចាន់រ៉ែន ត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួននៅម៉ោងប្រហែល ៣រសៀល ហើយបញ្ជូនទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរហូតដល់ម៉ោង ៦ល្ងាច។

ប្រភពដដែលបន្តថា សម្ភារសម្រាប់បម្រើប្រាស់ក្នុងការផលិតព័ត៌មាន ព្រមទាំងសារឆ្លើយឆ្លងរបស់លោកទាំងពីរសុទ្ធតែត្រូវបានត្រួតពិនិត្យផងដែរ។ លោក បញ្ជាក់ថា សកម្មភាពនេះ ធ្វើឱ្យលោកមានការព្រួយបារម្ភ និងយល់ថាជាការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជនរបស់លោក និងមិត្តរួមការងារផងដែរ ព្រមទាំងប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកលោកក្នុងការបំពេញការងារថែមទៀតផង។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ទង្វើរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ គឺបង្ហាញពីការរឹតត្បិសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា ព្រោះអ្នកយកព័ត៌មាន VOD ទាំងពីររូបនោះ មិនបានធ្វើអ្វីខុសនោះឡើយ។

ខេមបូចា ស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យធានាសិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅទូទាំងប្រទេស ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ដោយពុំមានភាពភ័យខ្លាច ការគាបសង្កត់ និងការចោទប្រកាន់នានា ស្របទៅតាមមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ ជាដើម។

កាលពីខែមេសា របាយការណ៍ស្តីពី សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩ ដែលចេញផ្សាយដោយអង្គការអ្នករាយការណ៍គ្មានព្រំដែន Reporters without Border បានផ្តល់ចំណាត់ថ្នាក់កម្ពុជាលេខ ១៤៣ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក ដែលជាប្រទេសស្ទើរតែគ្មានសេរីភាពផ្នែកសារព័ត៌មាន។

អង្គការអ្នករាយការណ៍គ្មានព្រំដែន បានកត់សំគាល់អំពីភាពស្ងៀមស្ងាត់ ការគាបសង្កាត់លើសេរីភាពសារព័ត៌មាននៅកម្ពុជា ពិសេសក្រោយពេលរដ្ឋាភិបាលបិទស្ថានីយ៍វិទ្យុប្រមាណ ៣០ បិទស្ថាប័នកាសែតវិជ្ជាជីវៈមួយចំនួន កាលពីចុងឆ្នាំ២០១៧មក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស