28 C
Phnom Penh

ចៅក្រមម៉ាឡេស៊ី ថាអតីតនាយករដ្ឋមន្ត្រីណាជីបត្រូវឈរការពារក្ដីដោយខ្លួនឯងក្នុងរង្វង់ក្រចកសេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងសប្ដាហ៍នេះ គឺជាការបើកជំនុំជម្រះក្ដី ករណីពុករលួយនិងបំពានអំណាចរដ្ឋប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់នៃប្រទេសម៉ាឡេស៊ី ហើយដែលសំណុំរឿងនេះនាំអោយលោកណាជិបប្រឈមមុខនឹងការជាប់ទោសជាង៣០ឆ្នាំ ប្រសិនបើការកាត់ក្ដីត្រូវបានបិទបញ្ចប់ជាស្ថាពរនោះ។

ចៅក្រមម្នាក់នៃតុលាការជាន់ខ្ពស់នៃប្រទេសម៉ាឡេរស៊ី Mohd Nazlan Gazali បាននិយាយនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា អតីតនាយករដ្ឋមន្ត្រីណាជីបត្រូវតែមកស្ដាប់ និងផ្ដល់ចម្លើយចំពោះការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយកង្វក់ដែលលោក និងបក្សពួក បានលួចផ្ទេរពីគណនីរបស់រដ្ឋ IMDB មកដាក់ក្នុងគណនីគ្រួសារដែលក្រុមរដ្ឋអាជ្ញានិងគណៈកម្មាធិកាប្រឆាំងអំពើពុករលួយបានរកឃើញថាធនាគារIMDB បានបាត់រហូតទៅដល់ ជិត៧០០លានដុល្លារអាមេរិក។សំនុំរឿងទាំងបីនេះនាំឲ្យលោកណាជីបមានកំហុសធ្ងន់ធ្ងរ។

សារព័ត៌មានម៉ាឡេស៊ី The Straits Times បានចុះផ្សាយដោយស្រង់សំដីលោកចៅក្រមរូបនោះថា ជនជាប់ចោទអាចមកតតាំងក្ដីដោយផ្ទាល់នូវការចោទសួររបស់រដ្ឋអាជ្ញា។

លោកចៅក្រមបន្តថាភស្តុតាងដែលត្រូវដាក់បង្ហាញនៅចំពោះមុខ ដោយមានសាក្សីចំនួន៥៧នាក់មកលាតត្រដាងក្នុងសំនុំរឿងប្រឆាំងនឹងលោកណាជីប។

កាលពីសប្ដាហ៍មុនមេធាវីរបស់លោកណាជីបបាននិយាយថាកូនក្ដីរបស់ខ្លួនមិនត្រូវបានគេលើកទឹកចិត្តច្រើនទេដើម្បីមកតតាំងក្ដីដោយផ្ទាល់ ដោយសារមានការបន្ទាបបន្ថោកកិត្តិយសរបស់លោកយ៉ាងធន់ធ្ងរ ដែលធ្វើអោយលោក ណា ជីបមិនចង់ផ្ដល់ចម្លើយដោយផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយបុរសដែលប្រាថ្នាខ្លួនថាជាបុរសខ្លាំងនេះត្រូវបាននគរបាលយុត្តិធម៌នាំខ្លួនចូលសវនាការជាច្រើនលើកមកហើយ។

សារព័ត៌មាន The Straits Times ឲ្យដឹងថា លោកណាជីប មិនត្រឹមតែរងបទចោទបីករណីនេះទេ ប៉ុន្តែលោកបានរងបទចោទដល់ទៅ២១ករណីដែលសុទ្ធតែជាបទល្មើសព្រហ្មទ័ណ្ឌធំៗ។ បទចោទទាំងនេះ នាំអោយអ្នកសង្កេតការណ៍មើលឃើញកំហុសរបស់បុរសវ័យ៦៥ឆ្នាំរូបនេះមានទោស ដែលក្រុមប្រឆាំងហៅថាក្បត់ជាតិ។

មិនត្រឹមតែលោកម្នាក់ទេ ត្រូវបានចោទក្នុងសំណុំរឿងនេះ គឺមានទាំងប្រពន្ធ កូន កូនប្រសា និងអតីតរដ្ឋមន្ត្រីជាច្រើនរបស់លោកក៍ត្រូវដាក់ក្នុងបញ្ចីខ្មៅរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយដែរ។ អ្នកទាំងនោះ កំពុងជាប់បំរាមហាមចាកចេញទៅក្រៅប្រទេស។ ប៉ុន្តែមានអតីតរដ្ឋមន្ត្រីម្នាក់របស់លោក ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុគឺលោក Jho Low បានរត់ភៀសខ្លួនទៅក្រៅប្រទេសបាត់ទៅហើយ។

អតីតរដ្ឋមន្ត្រីរូបនេះហើយជាអ្នកចុះហក្ថលេខាជាមួយលោកណាជីបផ្ទេរប្រាក់វាល់លានដុល្លារពីធនាគារ1MDBមកចូលក្នុងគណនីរបស់គ្រួសារលោកណាជីប។ តាមសចក្ដីរាយការណ៍ លោក Jho Low បានរត់គេចខ្លួនទៅរស់នៅលើដែនដីកោះមួយនៅអឺរ៉ុបដោយបានចូលសញ្ជាតិ នៃប្រទេសដែនកោះនោះបាត់ទៅហើយ។ តែពេលនេះ អាជ្ញាធរប្រទេស Cyprus កំពុងតែសិក្សាផ្លូវច្បាប់ដើម្បីប្រគល់ខ្លួនជនពុករលួយម្នាក់នេះមកឲ្យអាជ្ញាធរម៉ាឡេស៊ីវិញ។

សារព័ត៌មានម៉ាឡស៊ី ជាច្រើនបានចុះផ្សាយថាគ្រួសារលោកណាជីប គឺជាមហាសេដ្ឋីម៉ាឡេស៊ីជំនាន់ក្រោយ ដែលមានទ្រព្យសម្បតិ្តមហាសាល់គឺគ្រាន់តែកាបូបយួរដៃរបស់ប្រពន្ធលោកណាជីបមានតម្លៃដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។

លោកណាជីបគឺជានាយករដ្ឋមន្ត្រីចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតសភា នីតិកាលទី១៤ ដែលជ័យជម្នះនេះបានទៅលើក្រុមចម្រុះនៃគណបក្សប្រឆាំងរបស់អនាគតនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ិម និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោកមហាធាមហាម៉ាត់ វ័យ៩៤ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស