31 C
Phnom Penh

អ្នកវិភាគថា លោក ហ៊ុន សែន បន្តនយោបាយក្តោបក្តាប់អំណាច ជាជាងដោះស្រាយបញ្ហាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយ មើលឃើញថា លោក ហ៊ុន សែន កំពុងព្យាយាមរកគន្លឹះបន្ធូរបន្ថយសម្ពាធសហគមន៍អន្តរជាតិ ប៉ុន្តែលោកនៅតែទុកផ្លូវដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួនដដែល។

ការអះអាងនេះ ក្រោយពេលលោកពេល ចរន្តរ៍បន្ធូរឱ្យប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មានសេរីភាពដើរបានវែងឆ្ងាយជាងពេលមុនៗបន្តិចតែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម សុខ បានអះអាងលើគណនេយ្យហ្វេសប៊ុករបស់លោកថា ករណីលោក កឹម សុខា ពេលនេះ គឺជាការបន្ធូរជើងឲ្យដើរបានឆ្ងាយជាងមុន ប៉ុន្តែពុំមែនដោះលែងឡើយ។

លោកបន្តថា ក្នុងកាលៈទេសៈនេះ លោក ហ៊ុន សែន ហ៊ានត្រឹមតែបន្ធូរជើងឲ្យលោក កឹម សុខា ដើរបានឆ្ងាយបន្តិចប៉ុណ្ណោះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនប្រថុយឲ្យមេបក្សប្រឆាំងរូបនេះមានសេរីភាពនយោបាយពេញលេញឡើយ ពីព្រោះ លោក ហ៊ុន សែន គ្រាន់តែព្យាយាយាមរកគន្លឹះបន្ថយសម្ពាធរបស់សហគមន៍អន្តរជាតិ ដើម្បីបន្តទុកផ្លូវរក្សាអំណាចរបស់ខ្លួនដដែល។

លើសពីនេះ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន ខ្លាចឥទ្ធិពលស្មារតី និងឥរិយាបថការងាររបស់លោក កឹម សុខា ដែលមាននយោបាយអនុគ្រោះ នាំមុខការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យ។

អ្នកវិភាគរូបនេះអះអាងថារឿងនេះហើយ ដែលលោក បានលើកឡើងដដែលៗ អំពីការបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យ ឲ្យចេះយល់ចិត្តគ្នាជាងមុនក្នុងការងារ ដើម្បីទប់ទល់ និងបំបែកយុទ្ធសាស្ត្រច្បាមអំណាចគ្រួសារនិយមរបស់លោក ហ៊ុន សែន។

យ៉ាងណាក៏ដោយចុះ កាលពីខែតុលា លោក ហ៊ុន សែន បានព្យាយាមរកការគាំទ្រពីបណ្តាប្រទេសសម្ព័ន្ធមិត្តប្លុកកុម្មុយនីស្តចាស់របស់ខ្លួននៅតំបន់អឺរ៉ុបឱ្យជួយកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប។ បន្ថែមពីនេះ លោកក៏បានប្រកាសឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនត្រៀមលក្ខណៈឬ ត្រៀមប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធទាំងឡាយពីសំណាក់ប្រទេសលោកសេរីភាព ប្រសិនបើពួកគេដកពីកម្ពុជាមែន។

លោក ហ៊ុន សែន បានប្រកាសក្តែងៗម្តងហើយម្តងទៀតថា កម្ពុជានឹងមិនអោនក្បាលដាក់បរទេស ជាថ្នូរនឹងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធណាមួយនោះឡើយ។

ប៉ុន្តែសម្រាប់អ្នកវិភាគវិញយល់ថា កម្ពុជានឹងមានវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក ហើយថាអ្នកវិនិយោគនឹងដកខ្លួនទៅរកប្រទេសផ្សេង ដែលនាំឲ្យវិបត្តិអត់ការងារធ្វើនឹងកើតមានកាន់តែច្រើនសម្រាប់កម្មកររាប់សិបម៉ឺននាក់ ដែលប៉ះពាល់ដោយផ្ទាល់ និងពលរដ្ឋខ្មែររាប់លាននាក់ទៀតដែលនឹងប៉ះពាល់ដោយប្រយោល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស