27.5 C
Phnom Penh

លោក កឹម សុខា បន្តជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកការទូតប្រទេសលោកសេរី ក្រោយមានសេរីភាពច្រើនជាងមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ ដែលទើបមានសេរីភាពពីការជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា បានបន្តជួបឯកអគ្គរដ្ឋទូតប្រទេសលោកសេរីចំនួនពីរបន្ថែមទៀតនៅថ្ងៃនេះ រួមមានទូតអាល្លឺម៉ង់ និងទូតអូស្ត្រាលី។

ការបន្តជួបមន្ត្រីជាន់ខ្ពស់ផ្នែកការទូតលោកសេរីទាំងពីរនេះ ក្រោយលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១០វិច្ឆិកា សម្រេចផ្តល់សិទ្ធិដើរហើរឆ្ងាយជាងមុន ប៉ុន្តែហាមការធ្វើសកម្មភាពនយោបាយ និងការចេញទៅក្រៅប្រទេស។

ក្រោយមានសេរីភាពច្រើនជាងមុនបានពីរថ្ងៃ ប្រធានគណបក្សប្រឆាំងរូបនេះ បានទទួលជួបអគ្គរដ្ឋទូតប្រទេសលោកសេរី ចំនួន៤ រួចមកហើយ ដោយកាលពីថ្ងៃម្សិលមិញ លោកបានជួបអគ្គរដ្ឋទូតប្រទេសបារាំង អ្នកស្រី Eva Nguyen Binhនៅពេលព្រឹក ហើយនៅពេលរសៀល លោកបានជួបអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy។

ដោយឡែកនៅថ្ងៃនេះ លោក កឹម សុខា បានជួបអគ្គរដ្ឋទូតប្រទេសពីរទៀត រួមមានឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់លោក Christian Berger និងឯកអគ្គរាជទូតអូស្ត្រាលី អ្នកស្រី Angela Corcora។

មន្ត្រីការទូតជាន់ខ្ពស់ទាំង៤រូបនេះ សុទ្ធតែបានបង្ហាញចំណុចវិជ្ជមានចំពោះការសម្រេចបន្ធូរបន្ថយលក្ខខណ្ឌលើករណីលោក កឹម សុខា ហើយពួកគេចង់ឃើញការផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រធានគណបក្សប្រឆាំងរូបនេះ ពិសេសការទម្លាក់ចោលការចោទប្រកាន់ទាំងឡាយលើរូបលោក និងអ្នកជាប់ឃុំនយោបាយផ្សេងទៀត។ ពួកគសង្ឃឹមថា យុត្តិធម៌សម្រាប់លោក កឹម សុខា នឹងកើតមានក្នុងពេលឆាប់ៗនេះ។

ចំណែកលោក កឹម សុខា វិញ នៅមិនទាន់បានបញ្ចេញសារនយោបាយអ្វីនោះទេ ដោយលោកបានសុំការអធ្យាស្រ័យដល់អ្នកសារព័ត៌មាន ដោយសារលោកទទួលរងនូវការហាមប្រាមរបស់តុលាការ ។  

លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ហ៊ុន សែន ចូលចាប់ខ្លួនដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។

មួយឆ្នាំក្រោយមក លោក ត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ។ សំណុំរឿងនេះ ត្រូវបានអាមេរិក ចាត់ទុកថាធ្វើឡើងទាំងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីនោះឡើយ ហើយអាមេរិកតែងទាមទារឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ព្រមទាំងអ្នកនយោបាយផ្សេងទៀត ដែលត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួនតាមទំនើងចិត្ត ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស