30 C
Phnom Penh

សហគមន៍អន្តរជាតិលោកសេរីបានទាមទារព្រមគ្នាឱ្យ ផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍អន្តរជាតិ បានទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សេរីភាពពេញលេញដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រួមមានសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ ពិសេសទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងប្រឆាំងរូបលោក និងអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត។

ការទាមទារនេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី ១០ វិច្ឆិកា បានកែប្រែលក្ខខណ្ឌមួយចំនួនដែលធ្វើឱ្យប្រធានគណបក្សប្រឆាំងរូបនេះ មានសិទ្ធិសេរីភាពច្រើនជាងមុន ប៉ុន្តែហាមមិនឱ្យលោកកឹម សុខា ធ្វើសកម្មភាពនយោបាយនិងចេញក្រៅប្រទេសឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ជាលិខិត និងផ្ទាល់មាត់ របស់សហគមន៍អន្តរជាតិទាំងនោះកាលពីថ្ងៃម្សិលមិញ រួមមានអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជានៃអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនជាដើម បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ផ្តល់សេរីភាពពេញលេញដល់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងអ្នកនយោបាយបក្សប្រឆាំងដែលជាប់បម្រាមផ្សេងទៀត។

បន្ថែមពីនេះ ពួកគេទាមទារឱ្យដោះលែងមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ទាំងអស់ដោយគ្មានលក្ខខណ្ឌ។ បើកលំហសិទ្ធិនយោបាយជាបន្ទាន់សម្រាប់សមាជិកបក្សប្រឆាំង និងផ្តួចផ្តើមឱ្យមានការសន្ទនាឈានទៅរកការផ្សះផ្សាជាតិមួយពិតប្រាកដ។ សហគមន៍អន្តរជាតិទាំងនោះរំពឹងថា សេរីភាពបញ្ចេញមតិ សេរីភាពធ្វើនយោបាយ ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នឹងត្រូវបានធានាតាមរយៈកិច្ចសន្ទនានយោបាយរវាងថ្នាក់ដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន នៅថ្ងៃនេះបានអះអាងថា រាល់ការបង្ហាញនូវក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រី Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា គឺជាសិទ្ធិសេរីភាពក្នុងការសំដែងមតិនិងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគាត់តែប៉ុណ្ណោះ។

ប៉ុន្តែលោកថា អ្វីៗត្រូវអនុលោមតាមបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជា ជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតផងដែរ។

អ្នកនាំពាក្យរូបនេះបកស្រាយថា  ផ្អែកលើបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ស្ថានភាពលោក កឹម សុខា បច្ចុប្បន្ននេះ មិនដូចស្ថានភាពរបស់ពលរដ្ឋនិងអ្នកនយោបាយទូទៅនោះទេ ព្រោះគាត់កំពុងជាប់ពិរុទ្ធនិងបទចោទ និងស្ថិតក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួររបស់តុលាការ ហើយត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកថា ក្នុងដំណាក់កាលនេះ ច្បាប់អនុញ្ញាតឱ្យតុលាការអាចធ្វើការកម្រឹតនូវសិទ្ធិសេរីភាពមួយចំនួន រួមទាំងសិទ្ធិនយោបាយផងដែរ ដើម្បីជាប្រយោជន៍នៃការស៊ើបសួរ ហើយការដាក់ក្រោមការតាមដានរបស់តុលាការនេះ ច្បាប់មិនបានកំណត់អំពីរយៈពេលអតិបរិមាឡើយ ដោយសារចៅក្រមស៊ើបសួរជាអ្នកកំណត់ដោយផ្អែលលើលទ្ធផលនៃការស៊ើបអង្កេត។

លោកបញ្ជាក់ទៀតថា ការសម្រេចទម្លាក់ចោលបទចោទឬមិនទម្លាក់ ជាសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ហើយត្រូវធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់និងលទ្ធផលនៃការស៊ើបអង្កេត ដោយមិនត្រូវទទួលរងសម្ពាធនិងការបង្គាប់បញ្ជារបស់ភាគីណាមួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ។

យ៉ាងណាតុលាការកម្ពុជាក្នុងកែវភ្នែករបស់អន្តរជាតិ គឺ ជាស្ថាប័ននៅក្រោមសម្ពាធគណបក្សកាន់អំណាច និងបម្រើផលប្រយោជន៍ឱ្យលោក ហ៊ុន សែន ផងដែរ។

ក្នុងខែវិច្ឆិកានេះ ជាដំណាក់កាលដែលសហភាពអឺរ៉ុបកំពុងបន្តនីតិវិធីរបស់ខ្លួន និងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជា ជុំវិញកង្វល់របស់ពួកគេ ដើម្បីឈានទៅសម្រេចជាផ្លូវការក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅដើមឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលមិនព្រមវិលទៅរកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដនោះទេ។

ប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ប្រាក់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយនឹងនាំកម្ពុជាទៅរកវិបត្តិផ្សេងៗ ដូចជាវិបត្តិអត់ការងារធ្វើ ការចំណាកស្រុក និងចុងក្រោយឈានទៅរកវិបត្តិសង្គមផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស