27 C
Phnom Penh

រដ្ឋប្រហារនៅ Bolivia នាំឲ្យប្រធានាធិបតីនៃប្រទេសនេះលាលែងពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសមួយទៀតនៃអាមេរិកឡាទីនគឺប្រទេស Bolivia ដែលជាសម្ព័ន្ធភាពដ៏ជិតស្និទ្ធនឹងប្រធានាធិបតី Nicolas Maduro នៃវេណេហ្សូអេឡាគឺលោកប្រធានាធិបតី Juan Evo Morales បានប្រកាសលាលែងពីតំណែងហើយកាលពីថ្ងៃចន្ទ ទី១១ ខែវិច្ឆិកាម្សិលមិញបន្ទាប់ពីមានការបះបោររបស់ប្រជាជន និងការធ្វើរដ្ឋប្រហាររបស់កងទ័ព។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗដោយកោតសរសើរប្រជាជន និងកងទ័ពនៃប្រទេសBolivia ដែលបានគាបសង្កត់ឲ្យលោក Juan Evo Morales ឱ្យចុះចេញពីតំណែងបានដោយជោគជ័យ។

ប្រធានាធិបតីត្រាំបានឆ្លៀតឱកាសនេះព្រមានប្រធានាធិបតីម៉ាឌូរ៉ូ នៃប្រទេស Venezuela និងមេដឹកនាំនៃប្រទេស Nicaragua ថាអស់លោកទាំងពីរអ្នកនេះអនាគតអាចប្រឈមមុខនឹងការដេញពីអំណាចដូចគ្នាដែរ។

លោកត្រាំនិយាយថាការលាលែងពីតំណែងរបស់ប្រធានាធិបតី Bolivia គឺជាចលករដ៏សំខាន់មួយដើម្បីប្រជាធិបតេយ្យនៅក្នុងប្រទេសនេះហើយព្រឹត្តិការណ៍នេះគឺជាសញ្ញាឆ្លើយតបដ៏ខ្លាំងមួយទៅលើរបបផ្ដាច់ការមេដឹកនាំផ្ដាច់ការនៅវេណេហ្សូអេឡា និងប្រទេសNicaraguaដែលថាប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាជនតែងតែឈ្នះ។

ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានហៅតួនាទីរបស់ពួកយោធា Bolivia នៅក្នុងការធ្វើរដ្ឋប្រហារនេះថាសហរដ្ឋអាមេរិកសាទរខ្លាំងណាស់សំរាប់ប្រជាជន Bolivia ដែលទាមទារបាននូវសិទ្ធិសេរីភាពហើយថាកងទ័ពរបស់ប្រទេសនេះពិតជាបានការពារប្រជាជនខ្លួនឯងយ៉ាងពិតប្រាកដ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះដែលចែងអំពីសិទ្ធិរបស់ប្រជាជន។

ភ្លាមៗបន្ទាប់ពីលោក ដូណាល់ត្រាំ ធ្វើការវាយបកដូចនេះមេដឹកនាំ  វេណេហ្សូអេឡា Nicolas Maduro បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនរួចហើយដើម្បីប្រឈមនឹងការវាយលុកណាមួយពីពួកចក្រពត្តិដែលមានអាមេរិកចាត់ទុកជាមេខ្លោងនេះ។

លោកម៉ាឌូរ៉ូបានបញ្ជាក់ទៀតថាពេលនេះប្រជាជនវេណេហ្សូអេឡាកំពុងតែប្រយុទ្ធដើម្បីសន្ដិភាព ដើម្បីមាតុភូមិ និងដើម្បីអធិបតេយ្យភាព។ នេះជាបុព្វហេតុនៃបដិវត្តន៍ដែលមានជាយូរលង់ណាស់មកហើយនៅក្នុងប្រទេសវេណេហ្សូអេឡា។ លោកបន្តថាជ័យជម្នះជារបស់លោក គឺលោកនឹងប្រាប់ទៅមនុស្សក្នុងលោកថាកងទ័ពរបស់លោកនឹងនៅតែរួមរស់ជាមួយប្រជាជន ហើយវានឹងស្ដែងឃើញថាពួកកងទ័ពតែងការពារមេដឹកនាំ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ប្រទេសវេណេហ្សូអេឡា និងនីការ៉ាហ្គ័របច្ចុប្បន្ននេះរងការឈឺចាប់ធ្ងន់ណាស់ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

ចំណែកប្រទេស Bolivia វិញបានធ្លាក់ក្នុងការបះបោររបស់ប្រជាពលរដ្ឋដែលដឹកនាំដោយគណបក្សប្រឆាំងនឹងប្រជាជនរបស់ប្រទេសនេះតាំងពីថ្ងៃទី២០តុលា។ ការបះបោរនេះបានទាញឱ្យកងទ័ពងាកទៅខាងប្រជាជនដែលក្នុងនោះត្រូវបានរកឃើញថាក្រុមប្រទេសនៃ អង្គការរដ្ឋអាមេរិកឡាទិន ដែលរួមមានសហរដ្ឋអាមេរិកជាជំហរនៅពីក្រោយពួកយោធាហើយកកើតឲ្យមានអំពើរដ្ឋប្រហារដូចនេះដែលទីបំផុតនាំឱ្យលោកប្រធានាធិបតី EVO សម្រេចរយកការចុះចេញពីតំណែងជាការស្រោចស្រង់សភាពការណ៍៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស