27 C
Phnom Penh

តំណាងកម្ពុជានៅអង្គការសហប្រជាជាតិព្រមានអ្នកស្រី Rhona Smith ថាមិនត្រូវធ្វើជាចៅក្រមកាត់ទោសអ្នកនយោបាយខ្មែរឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃនេះ បានចាត់ទុកសេចក្តីថ្លែងការណ៍របស់ អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទាមទារឱ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ថា ពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ។

សេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានអះអាងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានតួនាទីជួយកម្ពុជា នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលការណ៍អព្យាក្រិត្យ មិនលម្អៀង សត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនបំផ្លែងទៅជារឿងនយោបាយ។

តំណាងរបស់កម្ពុជា បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់អ្នកស្រី Rhona Smith នៅតែបន្តទាមទារដោយគ្មានមូលដ្ឋាន សម្រាប់បុគ្គលដែលកំពុងមានជម្លោះផ្លូវច្បាប់ បើទោះជាមានការវិវឌ្ឍជាវិជ្ជមានក្តី។            

រដ្ឋាភិបាលកម្ពុជាចាត់ទុកការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យតុលាការបញ្ចប់ការស៊ើបអង្កេតឱ្យបានឆាប់ ឬទម្លាក់បទចោទ មានន័យស្មើនឹងការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។

ក្រុមអ្នកឃ្លាំមើលនិយាយថាតួនាទីរបស់អ្នករាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាត្រូវបានធានាដោយស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថាការទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា ជារឿងត្រឹមត្រូវ ពីព្រោះលោក កឹម សុខា គ្មានទោសដូចការចោទប្រកាន់នោះទេ។ លោកបន្តថា ការចាប់ខ្លួនលោក កឹម សុខា ខុសនីតិវិធី ហើយការឃុំខ្លួនក៏ខុសនីតិវិធីដែរ។ លោកថាប្រសិនបើសមត្ថកិច្ចរកកំហុសលោក កឹម សុខា មិនឃើញដូច្នេះ មានន័យថា តុលាការត្រូវតែទម្លាក់បទចោទលើ លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ ក្រោយពីលោក កឹម សុខា ត្រូវបានឃុំខ្លួនលើពី១៨ខែទៅហើយនោះ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ អ្នកស្រី Rhona Smith បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ផ្តល់សេរីភាពពេញលេញដល់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងអ្នកនយោបាយបក្សប្រឆាំងដែលជាប់បម្រាមផ្សេងទៀតដោយគ្មានលក្ខខណ្ឌ។

ជាងនេះទៅទៀតអ្នកស្រីទាមទារឲ្យមានការបើកលំហសិទ្ធិនយោបាយជាបន្ទាន់សម្រាប់សមាជិកបក្សប្រឆាំង និងផ្តួចផ្តើមឱ្យមានការសន្ទនាឈានទៅរកការផ្សះផ្សាជាតិមួយពិតប្រាកដ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស