26 C
Phnom Penh

លោក កឹម សុខា បន្តជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកការទូតប្រទេសលោកសេរីចំនួន២ ទៀតនៅថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃនេះ ជាថ្ងៃទី៣ ហើយ ដែលប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានទទួលជួបមន្ត្រីជាន់ខ្ពស់សហគមន៍អន្តរជាតិលោកសេរីចំនួនពីរបន្ថែមទៀត រួមមានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ 

ក្នុងជំនួបរវាងលោកកឹម សុខា និងអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំ  កម្ពុជា អ្នកស្រី Carman Moreno នៅព្រឹកនេះ ភាគីទាំងពីរបានជជែកគ្នាយូរជាងជំនួបមុនៗដោយប្រើរយៈពេលប្រមាណ២ម៉ោងក្នុងការពិភាក្សាគ្នា ហើយភាគីទាំងពីរក៏បានជជែកគ្នាអំពីបញ្ហា EBA ប៉ុន្តែមិនបានជម្រាបលម្អិតអំពីបញ្ហានេះនោះទេ។

បន្ទាប់ពីជួបអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅពេលព្រឹក លោក កឹម សុខា ក៏បានបន្តជួបជាមួយឯកអគ្គរាជទូតប្រទេសជប៉ុនលោក ម៉ាសាហ៊ីរ៉ូ មិកាមិ នៅពេលរសៀល នាគេហដ្ឋានរបស់លោកផងដែរ។

ការបន្តជួបមន្ត្រីជាន់ខ្ពស់ផ្នែកការទូរលោកសេរីទាំងពីរបន្ថែមទៀតនេះ ក្រោយពេលលោក  កឹម សុខា បានទទួលជួបមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៃប្រទេសមហាអំណាចនិងប្រទេសលោកសេរីចំនួន៤ រួចមកហើយ ចាប់តាំងពីថ្ងៃទី ១១ ខែវិច្ឆិកា រួមមានទូតបារាំង ទូតសហរដ្ឋអាមេរិក ទូតអាល្លឺម៉ង់ និងទូតអូស្ត្រាលី ។

លោក កឹម សុខា  ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១០វិច្ឆិកា សម្រេចផ្តល់សិទ្ធិដើរហើរឆ្ងាយជាងមុន ប៉ុន្តែហាមការធ្វើសកម្មភាពនយោបាយ និងការចេញទៅក្រៅប្រទេស។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ស្វាគមន៍ចំពោះការកែប្រែលក្ខខណ្ឌបន្ធូរបន្ថយការត្រួតពិនិត្យតាមផ្លូវតុលាការលើលោក កឹម សុខា ប៉ុន្តែអ្នកស្រី សោកស្តាយដោយសារប្រធានគណបក្សប្រឆាំងរូបនេះ តុលាការនៅតែបន្តរឹតត្បិតសិទ្ធិពលរដ្ឋ សិទ្ធិធ្វើនយោបាយ ជាពិសេសសេរីភាពក្នុងការដើរហើរ និងការជួបប្រជុំផងដែរ។

ជាថ្មីម្តងទៀត អ្នកស្រី រ៉ូណា ស្មីត ទាមទារឱ្យបិទបញ្ចប់ការស៊ើបសួរលើករណីលោក កឹម សុខា ឱ្យបានឆាប់រហ័ស ឬ ក៏ទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោកផងដែរ។

លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់ពីបទក្បត់ជាតិ តាមការចង់បានរបស់លោក ហ៊ុន សែន ។

មួយឆ្នាំក្រោយមកពោលគឺនៅខែកញ្ញាឆ្នាំ២០១៨ លោក ត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ រហូតដល់មានការកែប្រែលក្ខខណ្ឌតាមផ្លូវតុលាការតម្រូវឱ្យលោក កឹម សុខា មានសេរីភាពច្រើនជាងមុន កាលពីថ្ងៃទី ១០ វិច្ឆិកា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស