27 C
Phnom Penh

គណបក្សនយោបាយនិងអ្នកជំនាញ ព្រមានពីហានិភ័យនៃការបាត់បង់EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងគណបក្សនយោបាយនៅកម្ពុជាមួយចំនួន បានបង្ហាញពីសារៈសំខាន់របស់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធឬហៅថា EBA របស់អឺរ៉ុបជាថ្មីទៀត។ ពួកគេ ក៏បានព្រមានពីហានិភ័យជាច្រើននឹងកើតមានប្រសិនបើកម្ពុជារបូតប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។

ការលើកឡើងនេះ ក្រោយពេលគណៈកម្មការអឺរ៉ុប កាលពីម្សិលមិញបានផ្ញើរបាយការណ៍ស៊ើបអង្កេតដំណាក់កាលទី២ ស្តីពី ដំណើរឈានទៅដល់ការព្យួរប្រព័ន្ធ EBA របស់ខ្លួនទៅរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងឆ្លើយតប។ នីតិវិធីនេះ កម្ពុជាមានពេល១ខែ គិតចាប់ពីថ្ងៃទទួលបាន ដើម្បីធ្វើការពិនិត្យ និងឆ្លើយតប ដោយគណកម្មការអឺរ៉ុបនឹងបិទបញ្ចប់របាយការណ៍របស់ខ្លួន ហើយនឹងសម្រេចព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅដើមឆ្នាំ២០២០។   

អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ លោក ង៉ែត ជូ បានលើកឡើងក្នុងគណនេយ្យហ្វេសប៊ុកនៅថ្ងៃនេះថា កម្ពុជានឹងខាតបង់ប្រាក់ប្រមាណ២លានដុល្លាអាមេរិកក្នុង១ថ្ងៃៗ ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA  ដែលលោកហៅថាជាការខាតបង់ធំណាស់សំរាប់សមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។

កម្ពុជាមានរយៈពេល១ខែដើម្បីឆ្លើយតបនឹងរបាយការណ៍របស់សហភាពអឺរ៉ុបស្តីអំពីការព្យួរប្រពន្ធ័អនុគ្រោះពន្ធEBA។ លោកយល់ថា ប្រសិនបើកម្ពុជាសំរេចចិត្តមិនបានល្អ កម្ពុជានឹងខាតបង់ផលចំណេញពីការលើកលែងពន្ធនាំចេញប្រមាណ៧រយលានដុល្លាអាមេរិក ក្នុង១ឆ្នាំៗ ឬប្រមាណ២លានដុល្លាអាមេរិកក្នុង១ថ្ងៃៗ។ លោកថា ការខាត់បង់នេះ គឺមិនទាន់គិតពីផលប៉ះពាល់ដែលអាចឈានដល់បាត់បង់ការងារសំរាប់កម្មករប្រមាណជិត១លាននាក់នៅឡើយទេ។

ដោយឡែក គណបក្សប្រជាធិបតេយ្យមូលដ្ឋានឬ GDP បានលើកឡើង កាលពីថ្ងៃម្សិលមិញដោយនៅតែសង្ឃឹមថានឹងមានផ្លូវកណ្តាលក្នុងការដោះស្រាយបញ្ហា EBA និងសេរីភាពនយោបាយនៅកម្ពុជា។

គណបក្សមួយនេះ បានលើកឡើងដែរថា សមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជាខ្សោយ ដែលទាមទារឱ្យមានកិច្ចសហការជាមួយសហភាពអឺរ៉ុប។ ការផ្តល់សេរីភាពខ្លះៗដល់លោកកឹម សុខាអាចជាការចាប់ផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសហការជាមួយសហភាពអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។

GDP អះអាងថា សមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជានៅខ្សោយណាស់ ឧទាហរណ៍គ្រាន់តែសហភាពអឺរ៉ុបឱ្យបង់ពន្ធអង្ករធ្វើឱ្យការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបថយចុះជាង៤០ភាគរយ។

គណបក្សដដែលនេះ បង្ហាញថាវិបត្តិសេដ្ឋកិច្ច និងការងារនាំមកហានិភ័យនយោបាយដល់គណបក្សកាន់អំណាច ដូចជាការដួលរលំរបបកុម្មុយនីស្តនៅអឺរ៉ុបខាងកើត នៅសហភាពសូវៀត និងការផ្លាស់ប្តូរនៅឥណ្ឌូនេស៊ីជាដើម។ លើសពីនេះ សូម្បីតែមហាអំណាចកុម្មុយនីស្តចិនក៏ខំកែទម្រង់សេដ្ឋកិច្ច និងត្រូវការធ្វើពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប និងអាមេរិកដែរ។ ប្រទេសកុម្មុយនីស្តវៀតណាមក៏ចរចាយកពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប និងអាមេរិក ដោយសារតែគេយល់ថាវាសំខាន់ដល់ស្ថេរភាពនយោបាយរបស់គេ។

ដូច្នេះ GDP យល់ថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីសហការជាមួយសហភាពអឺរ៉ុបក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA ដោយធានាឱ្យមានសេរីភាពនយោបាយពេញលេញដល់អ្នកនយោបាយ និងគណបក្សនយោបាយទាំងអស់ដើម្បីផលប្រយោជន៍ទាំងគណបក្សកាន់អំណាច និងគណបក្សផ្សេងទៀត ព្រមទាំងសង្គមជាតិទាំងមូលផងដែរ។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងប្រាប់អ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃនេះថា កម្ពុជានឹងមិនមានការបន្ទន់ជំហរណាមួយជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ ព្រោះកម្ពុជាអនុវត្តទៅតាមច្បាប់របស់ប្រទេស។

ទោះបីយ៉ាងនេះក្តី ក្នុងជំនួបរវាងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អ្នកស្រី Carmen Moreno នៅព្រឹកនេះ តាមរយៈនាយខុទ្ទកាល័យរបស់លោកកឹម សុខា គឺលោក មុត ចន្ថា បានបញ្ជាក់ថា ប្រធានរបស់ខ្លួនមិនគាំទ្រឡើយចំពោះការធ្វើឱ្យបាត់បង់នូវផលប្រយោជន៍របស់ជាតិ។

សហភាពអឺរ៉ុប នៅតែប្រាប់ច្រកក្នុងការរក្សា EBA ដល់រដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន គឺការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិការងារ និងធានាដល់សេរីភាពអង្គការ សមាគម សង្គមស៊ីវិល សហជីព និងស្ថាប័នសារព័ត៌មានវិជ្ជាជីវៈ អាចបំពេញការងារដោយគ្មានការភ័យខ្លាច និងគ្មានការគាបសង្កត់បន្តទៀត។  ប៉ុន្តែមកទល់ពេលនេះរដ្ឋាភិបាលលោកហ៊ុន សែន ស្ទើរតែមិនបានអនុវត្តន៍តាមការទាមទាររបស់អឺរ៉ុបនោះឡើយ។

សម្រាប់អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន គ្មានឆន្ទៈណាមួយក្នុងការរក្សាEBA ឡើយ ព្រោះការរក្សាEBA គឺត្រូវគោរពតាមលក្ខខណ្ឌនៃការទាមទាររបស់អឺរ៉ុប ដែលនាំឱ្យលោកហ៊ុន សែន អាចប្រឈមនឹងការបាត់បង់អំណាចរបស់ខ្លួន និងអំណាចបន្តត្រកូលរបស់លោកកាន់តែឆាប់រហ័ស៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស