38 C
Phnom Penh

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបារម្ភចំពោះវាសនាសកម្មជនបក្សប្រឆាំងជិត១រយនាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ទទូចជាថ្មីទៀត ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សនយោបាយទាំងអស់ឱ្យស្តារស្ថានភាពនយោបាយឡើងវិញ ជៀសវាងបង្កភាពតានតឹងបន្តទៀត។ 

ការស្នើនេះ ក្រោយពេលស្ថាប័ននៃអង្គការកំពូលរបស់ពិភពលោកកមួយនេះ បានមើលឃើញពីជម្លោះនយោបាយខ្មែរកាន់តែមានភាពធ្ងន់ធ្ងរ ស្របពេលរដ្ឋាភិបាលលោកហ៊ុន សែន បង្កើនការធ្វើទុក្ខបុកម្នេញទៅលើមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិឥតឈប់ឈរចាប់តាំងពីដើមឆ្នាំ២០១៩មក។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានអតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង ជិត ១រយនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ បទរួមគំនិតក្បត់ជាតិ ហើយមានមន្ត្រីបក្សប្រឆាំងជាច្រើននាក់ទៀតត្រូវបានរត់គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាព ព្រមទាំងមានមន្ត្រីបក្សប្រឆាំងជាច្រើននាក់ទៀតត្រូវបានជនមិនស្គាល់មុខវាយដុំឱ្យរងរបួសធ្ងន់ធ្ងរជាដើម។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានបង្ហាញក្តីកង្វល់ជាខ្លាំងចំពោះជោគវាសនារបស់សកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៨៥ រូប ដែលត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ។

អ្នករាយការណ៍ពិសេសរូបនេះ ស្វាគមន៍ចំពោះការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួនទៅលើប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាពច្រើនជាងមុន ប៉ុន្តែអ្នកស្រីសោកស្តាយដែលតុលាការនៅបន្តរឹតបន្តឹងសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា ជាពិសេសសិទ្ធិក្នុងការដើរហើរ និងការជួបប្រជុំជាដើម។

កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើង ឆ្លើយតបទៅនឹងក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រី Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា លើករណីសំណុំរឿង លោក កឹម សុខា។ លោកបញញ្ជាក់ថា ក្តីបារម្ភ ឬ សំណូមពររបស់សហគមន៍អន្តរជាតិទាំងនោះ គឺជាសិទ្ធិសេរីភាពក្នុងការសំដែងមតិនិងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគាត់តែប៉ុណ្ណោះ។

ប៉ុន្តែលោកថា អ្វីៗត្រូវអនុលោមតាមបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជា ជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតផងដែរ។

លោកបញ្ជាក់ទៀតថា ការសម្រេចទម្លាក់ចោលបទចោទឬមិនទម្លាក់ ជាសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ហើយត្រូវធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់និងលទ្ធផលនៃការស៊ើបអង្កេត ដោយមិនត្រូវទទួលរងសម្ពាធនិងការបង្គាប់បញ្ជារបស់ភាគីណាមួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ។

យ៉ាងណាក៏ដោយចុះ អ្នកស្រី រ៉ូណា ស្មីត បានស្នើឱ្យអ្នកនយោបាយខ្មែរបន្ធូរបន្ថយភាពតានតឹងពេលនេះ ដោយស្វែងរកកិច្ចសន្ទនាក្នុងបរិយាកាសសន្តិវិធីមួយ។ អ្នកស្រី ក៏ជំរុញឱ្យរដ្ឋាភិបាល អនុញ្ញាតឱ្យសំឡេងនយោបាយប្រឆាំង អាចមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ និងការជួបប្រជុំដោយសន្តិវិធី ដោយបញ្ចៀសការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិតទៅទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស