37 C
Phnom Penh

ជនផ្ដាច់ការនៅវេណេហ្សូអេឡាបញ្ជាអោយកងទ័ពដើរល្បាតដើម្បីពង្រឹងអំណាចរបស់ខ្លួនមុនបាតុករផ្ទុះឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា លោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូ បានបញ្ជាអោយកងទ័ពចេញល្បាតនៅទូទាំងប្រទេស បន្ទាប់ពីក្រុមប្រឆាំងដឹកនាំដោយ លោក Juan Guaidó បានប្រកាសអោយមានការងើបឡើងជាថ្មីទៀត នៅថ្ងៃទី១៦វិច្ឆិកា ដើម្បីគាបសង្កត់លោកម៉ាឌូរ៉ូ អោយចាកចេញពីតំណែង ។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចុះផ្សាយនៅថ្ងៃពុធទី១៣ ខែវិច្ឆិកានេះថា លោកម៉ាឌូរ៉ូ បានបញ្ជាដូចនេះ នៅក្នុងការថ្លែង             សុន្ទកថា តាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះដោយបញ្ជាអោយ   កងប្រជាការពារ និងកងទ័ពនៅទូទាំងប្រទេស ជាង៣លាននាក់ចុះដើរល្បាត នៅតាមដងផ្លូវទូទាំងប្រទេស។ ចំណែក លោក Juan Guaidó មេដឹកនាំបក្សប្រឆាំង បានអំពាវនាវអោយពលរដ្ឋងើបឡើងជាថ្មីម្ដងទៀតជាមួយនឹងលោក នៅថ្ងៃទី១៦វិច្ឆិកាដើម្បីធ្វើបាតុកម្ម បណ្ដេញលោកម៉ាឌូរ៉ូពីអំណាច។

លោក Juan Guaidó បានប្រាប់ពលរដ្ឋ និងកងទ័ពវេណេហ្សូអេឡា អោយមើលគំរូប្រជាជននិងកងទ័ពនៃប្រទេស Bolivia ដែលបានធ្វើបាតុកម្មទម្លាក់ប្រធានាធិបតី Evo Morales បានដោយជោគជ័យកាលពីថ្ងៃចន្ទទី១១វិច្ឆិកា។ Bolivia ប្រទេសជាប្រទេសជិតខាងនឹងវេណេហ្សូអេឡា ។

លោកEvo Morales បានឡើងកាន់អំណាច តាំងពីឆ្នាំ២០០៦ ។ លោកជាមិត្តដ៏ជិតស្និទ្ធរបស់លោកម៉ាឌូរ៉ូ។ ភ្លាមៗ បន្ទាប់ពីប្រជាជន Bolivia បានបណ្ដេញលោក Morales ចេញពីដំណែងហើយនោះ  លោកម៉ាឌូរ៉ូបានប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក។ លោកចោទសហរដ្ឋអាមេរិកនៅពីក្រោយរដ្ឋប្រហារ នៅBolivia ។

យ៉ាងណា រដ្ឋប្រហាររបស់ប្រជាជន Bolivia  បានអង្រួនជាខ្លាំង នៅតំបន់អាមេរិកខាងត្បូង ជាពិសេស ទៅលើអារម្មណ៍នៃប្រជាជនវេណេហ្សូអេឡា ដែលបានរើបំរះប្រឆាំងរបបលោកម៉ាឌូរ៉ូ ជិតមួយ ឆ្នាំមកហើយ។

សារអំពាវនាវ របស់លោក Juan Guaidó  បានដាក់ការសង្ឃឹមថា កងទ័ពនឹងបោះបង់លោកម៉ាឌូរ៉ូ ហើយ វិលមករួមរស់ជាមួយប្រជាជន ដើម្បីទម្លាក់លោកម៉ាឌូរ៉ូ ដូចកងទ័ពនៅប្រទេស Bolivia  ដែលបានចូលរួមទម្លាក់ លោក ប្រធានាធិបតី Morales ដូចនេះដែរ។

ប្រធានាធិបតីនៃប្រទេស Bolivia លោក Morales បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា បន្ទាប់ពីអំពើបះបោររបស់ប្រជាជន និងការធ្វើរដ្ឋប្រហាររបស់កងទ័ព។ លោក Moralesពេលនេះគ្មានតំណែងអ្វីជាប្រធានាធិបតីទៀតទេ លោកបានរត់ឡើងយន្ដហោះទៅកាន់ប្រទេសម៉ិចស៊ីកូក្រោយពីសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសនេះដែលជាដំណោះស្រាយភ្លាមៗសម្រាប់រូបលោកក្រោយមានកុបកម្មកើតឡើងអស់ជាច្រើនសប្ដាហ៍ជុំវិញជម្លោះបោះឆ្នោតប្រធានាធិបតី ដែលទីបំផុតលំនៅដ្ឋានរបស់គាត់ត្រូវបានយាយីរំខាននិងបំផ្លាញដោយក្រុមបាតុកម្ម។

រដ្ឋមន្រ្ដីការបរទេសម៉ិចស៊ីកូថា លោកអ៊ីវ៉ូបានមកដល់កន្លែងមានសុវត្ថិភាពហើយពេលនេះ។ ជាមួយគ្នានេះរដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ប្រទេស Bolivia ដែលជាសេនារបស់ប្រធានាធិបតីMoralesក៏បានប្រកាសលាលែងពីតំណែងដែរ។

លោកប្រធានាធិបតីដូណាល់ត្រាំ បានហៅ ប្រជាជនBolovia ជាកម្លាំងប្រយុទ្ធដើម្បីសេរីភាព។ លោក បានព្រមានដល់លោក ម៉ាឌូរ៉ូថានឹងមានវាសនា ដូចលោកប្រធានាធិបតី Morales ឬអាចមានវាសនា អាក្រក់ជាងនេះ។

ទាំងប្រទេស Bolivia និងវេណេហ្សូអេឡា សុទ្ធតែរងការទណ្ឌកម្មជាខ្លាំងពីសំណាក់សហរដ្ឋអាមេរិក។ ប្រទេសBolivia ដោយសារស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ ទើបពលរដ្ឋធ្វើការបះបោរ ព្រោះពលរដ្ឋនៃប្រទេសនេះ មិនត្រូវការលោក Morales បន្តកាន់អំណាចមួយអាណត្តិទៀតនោះទេ។

ចំណែក សេដ្ឋកិច្ចនៃប្រទេស វេណេហ្សូអេឡាវិញ គឺធ្ងន់ធ្ងរជាង ប្រទេស Bolivia ទៅទៀត ។ សហរដ្ឋអាមេរិកបន្ថែមការដាក់ទណ្ឌកម្ម ច្រើនថែមទៀតកាលពីចុងខែតុលា ដោយបញ្ជាអោយក្រុមហ៊ុនប្រេងរបស់អាមេរិកបញ្ឈប់ ការទិញប្រេងទាំងអស់។ សហរដ្ឋអាមេរិក ធ្លាប់បានព្រមានថា នឹងធ្វើអោយរបបលោកម៉ាឌូរ៉ូ ដួលរលំនៅចុងឆ្នាំ២០១៩នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស