លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរជាថ្មីទៀត ថាលោកនឹងមិនចុះហត្ថលេខាលើលិខិត ដើម្បីស្នើសុំទៅព្រះមហាក្សត្រឱ្យលើកលែងទោសគូរប្រជែងនយោបាយរបស់លោក គឺលោក សម រង្ស៊ី ជាដាច់ខាត។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ ថៃ ប៊ុងរ៉ុង នៅខេត្តកំពត នាព្រឹកនេះ លោក ហ៊ុន សែន បានអះអាងថា លោកគ្មានថ្ងៃ ចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យមនុស្សដដែលនោះឡើយ។ សារនេះទោះមិននិយាយចំឈ្មោះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីសំដៅទៅអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី តែម្តង។
លោកបន្ថែមថា កន្លងមក លោកធ្លាប់បានចុះហត្ថលេខាស្នើសុំទៅព្រះមហាក្សត្រ សុំឱ្យលើកលែងទោសលោក សម រង្ស៊ី ប៉ុន្តែ នៅថ្ងៃនេះ លោកប្រកាសច្បាស់ថា គ្មានការស្នើសុំឱ្យមានលើកលែងឱ្យដៃគូរនយោបាយចាស់វស្សារបស់ខ្លួនទៀតនោះទេ ដោយលោកថាសកម្មភាពរបស់លោក សម រង្ស៊ី គឺអាក្រក់ជួរជាតិ ហើយ ទុករឿងនេះឱ្យប្រព្រឹត្តទៅតាមផ្លូវច្បាប់។
កាលពីឆ្នាំ២០១៣ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានព្រះរាជទានការលើកលែងទោសដល់លោក សម រង្ស៊ី តាមសំណើររបស់លោក ហ៊ុន សែន ហើយនៅមុនការបោះឆ្នោតជាតិជាង១សប្តាហ៍ លោកក៏បានវិលចូលកម្ពុជាក្នុងតំណែងជាប្រធានគណបក្សសង្រ្គោះជាតិពេលនោះ ដើម្បីចូលរួមបោះឆ្នោត។
បច្ចុប្បន្នលោក សម រង្ស៊ី កំពុងរងបណ្តឹងប្រមាណ១០ ដែលប្តឹងឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត។
លោក សម រង្ស៊ី បច្ចុប្បន្នកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ក្រោយពេលផែនការវិលចូលប្រទេសថ្ងៃទី ៩ វិច្ឆិកា របស់ខ្លួនត្រូវបានបរាជ័យ។ លោកធ្លាប់អះអាងថា លោកមិនមែនជាមនុស្សក្បត់ជាតិ និងគ្មានទោសពៃ តាមការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ ដែលលោកហៅថាជាតុលាការអាយ៉ងរបស់លោក ហ៊ុន សែននោះឡើយ។ លោកថា មនុស្សក្បត់ជាតិ លក់ជាតិ បំផ្លាញធនធានធម្មជាតិ អំពើពុករលួយ និងធ្វើឱ្យរាស្ត្ររងទុក្ខនោះ គឺ លោក ហ៊ុន សែន និងបក្ខពួកទៅវិញទេ៕