31 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងយុត្តិធម៌ និងតុលាការ ដោះលែងអ្នកជាប់ឃុំនយោបាយបក្សប្រឆាំងទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះបានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយឱ្យសហការជាមួយតុលាការ និងព្រះរាជអាជ្ញា ដើម្បីលើកលែងអ្នកជាប់ឃុំនយោបាយបក្សប្រឆាំងទាំងអស់ ទាំងអ្នកជាប់ឃុំពីបទញុះញង់ និងអ្នកពាក់ព័ន្ធអំពើធ្វើរដ្ឋប្រហារកាលថ្ងៃទី៩ វិច្ឆិកា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

ថ្លែងជាសាធារណៈក្នុងពិធីសម្ពោធឱ្យប្រើប្រាស់រោងចក្រស៊ីម៉ង់ត៍នៅខេត្តកំពត លោក ហ៊ុន សែន បានណែនាំទៅក្រសួងយុត្តិធម៌ និងមន្ត្រីតុលាការ ពីនីតិវិធីចំៗ ដើម្បីដោះលែងក្រុមបក្សប្រឆាំង ដែលត្រូវបានចាប់ឃុំខ្លួនពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩។

លោកបញ្ជាក់ថា ការដោះលែងឱ្យនៅក្រៅឃុំនេះ ភាគីក្រសួងយុត្តិធម៌ និងតុលាការ ត្រូវធ្វើឡើងទាំងអស់ទូទាំងប្រទេស តាមរយៈការស្នើសុំពីសាមីខ្លួន ពីក្រុមគ្រួសារ ឬពីមេធាវីរបស់ពួកគេ។ លើសពីនេះ លោកក៏បានបញ្ជាឱ្យតុលាការលុបចោលដីកាចោទប្រកាន់ និងចាប់ខ្លួនអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិទាំងអស់ផងដែរ។

លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យសកម្មជនបក្សប្រឆាំងទាំងអស់ដែលរត់គេចខ្លួន ទាំងរត់គេចនៅក្នុងប្រទេស និងក្រៅប្រទេស វិលត្រឡប់ចូលស្រុកកំណើតវិញ ហើយអាជ្ញាធរទាំងអស់ត្រូវធានាសុវត្ថិភាពរបស់ពួកគេ ដោយគ្មានការចាប់ចងណាមួយទៀតនោះឡើយ និងមករួមរស់ជាមួយគ្នាឡើងវិញ។

លោកនាយករដ្ឋមន្ត្រី អះអាងថាការអនុគ្រោះដល់សកម្មជននិងមន្ត្រីបក្សប្រឆាំងទាំងនោះ គឺជាដំណើរនៃការបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេតែប៉ុណ្ណោះ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសទ្ធិមនុស្ស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី ១១ វិច្ឆិកាថា មានមន្ត្រី និងសកម្មជនបក្សសង្រ្គោះជាតិជិត១រយនាក់ ត្រូវបានចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ។

យ៉ាងណាក៏ដោយចុះ ការសម្រេចដោះលែងក្រុមបក្សប្រឆាំងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នពេលនេះ ត្រូវបានគេមើលឃើញថារដ្ឋាភិបាលមួយនេះចាប់ផ្តើមបន្ធូរបន្ថយសម្ពាធអន្តរជាតិតែប៉ុណ្ណោះ។

ជាក់ស្តែងសហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានសម្រេចបញ្ចូនរបាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពនៅកម្ពុជាពាក់ព័ន្ធនឹងដំណើរការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន ទៅរដ្ឋាភិបាលលោកហ៊ុន សែន ហើយរដ្ឋាភិបាលមានរយៈពេលមួយខែក្នុងការឆ្លើយតប មុននឹងអឺរ៉ុបសម្រេចជាផ្លូវការក្នុងការដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ជាផ្លូវការនៅខែកុម្ភៈឆ្នាំ២០២០។

ឱសានុវាទ EBA ក៏ជិតចូលមកដល់ រីឯសហគមន៍អន្តរជាតិជាច្រើន រួមមានអាមេរិក អង្គការសហប្រជាជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងសហគមន៍អន្តរជាតិលោកសេរីផ្សេងទៀត ក៏បង្កើនការដាក់សម្ពាធមកកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយជំរុញរដ្ឋាភិបាលមួយនេះ វិលទៅកាន់គន្លងប្រជាធិបតេយ្យ និងគោរសិទ្ធិមនុស្ស សិទ្ធិការងារ បើកលំហសេរីភាពអង្គការសង្គមស៊ីវិល សហជីព និងសារព័ត៌មានឯករាជ្យ។

លើសពីនេះ កម្ពុជាត្រូវទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដកបម្រាមធ្វើនយោបាយដល់រូបលោក និងអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត ព្រមទាំងធានាការផ្សះផ្សា និងបង្រួបបង្រួមជាតិ តាមរយៈការបង្កើតកិច្ចសន្ទនានយោបាយពិតប្រាកដមួយរវាងបក្សសង្រ្គោះជាតិ និងបក្សកាន់អំណាចជាដើម។

ទោះបីយ៉ាងនេះក្តី អ្នកឃ្លាំមើលធ្លាប់ព្រមានថា បើគ្មានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពិតប្រាកដមួយនៅកម្ពុជាទេ រដ្ឋាភិបាលលោកហ៊ុន សែន នឹងជៀសមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិកឡើយ។

ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ នឹងនាំកម្ពុជាទៅកាន់វិបត្តិអត់ការងារធ្វើ វិបត្តិសង្គមធ្ងន់ធ្ងរ ហើយនឹងគំរាមកំហែងដល់អំណាចលោក ហ៊ុន សែន និងអំណាចបន្តត្រកូលរបស់លោកផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស