27 C
Phnom Penh

សហរដ្ឋអាមេរិកថា ការទម្លាក់ចោលបទចោទប្រកាន់និងផ្តល់សេរីភាពពេញលេញដល់អតីតបុគ្គលិកអាស៊ីសេរី២ រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ បានលើកឡើងថាការចាប់ខ្លួន ការឃុំខ្លួន និងដំណើរការកាត់ក្តីអូសបន្លាយដ៏យូរអង្វែងទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីចំនួន២រូបរួមមានលោក អួន ឈិន និងលោកយាង សុធារិន្ទ គឺជាការបំផ្លាញសេរីភាពសារព័ត៌មាន ព្រមទាំងជាឧបសគ្គដល់អ្នកដទៃទៀតដែលចង់បំពេញការងារដ៏សំខាន់ផ្នែកសារព័ត៌មាន។

ស្របពេលដែលថ្ងៃនេះជាថ្ងៃគម្រប់ខួប២ឆ្នាំនៃការចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប សហរដ្ឋអាមេរិកទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានទាំង២រូបនេះ ហើយផ្តល់ឲ្យពួកគេវិញនូវសិទ្ធិនិងសេរីភាពពេញលេញ។ សហរដ្ឋអាមេរិកអះអាងថា ការធ្វើបែបនេះ គឺជាសញ្ញានៃការប្តេជ្ញាចិត្តចាំបាច់ចំពោះតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសប្រជាធិបតេយ្យទៀតផងដែរ។

លោក យាង សុធារិន្ទ និង លោក អួន ឈិន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ឃុំខ្លួនកាលពីថ្ងៃទី ១៤ វិច្ឆិកាឆ្នាំ២០១៧។

អ្នកទាំងពីរត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានដែលប៉ះពាល់សន្តិសុខជាតិឬ អំពើចារកម្ម និងសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរអស់រយៈពេលប្រមាណ៩ខែ ទើបតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៨។

ដោយឡែកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា វិញបានចេញសេចក្តីប្រកាសព័ត៌មានដោយលើកឡើងថា អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២រូបនេះ បានរស់នៅដោយមិនមានសេរីភាពពេញលេញអស់រយៈពេល ២ឆ្នាំមកហើយ ដោយសារការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់តាំងពីការដោះលែងឱ្យនៅក្រៅឃុំកាលពីខែសីហា ឆ្នាំ២០១៨។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តចោទប្រកាន់ធ្ងន់ធ្ងរ និងគ្មានមូលដ្ឋានទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ហើយបានចាត់ទុកការបន្តសំណុំរឿងលើអ្នកទាំង ២នាក់នោះថា ជាការធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ និងជាការគំរាមកំហែងដល់សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា។

នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រីចក់ សុភាព បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ ដោយភ្ជាប់នឹងសេចក្តីថ្លែងការណ៍របស់អង្គការ សង្គមស៊ីវិលជិត៤០ ដែលចេញកាលពីថ្ងៃទី ៤ តុលា ដោយសម្តែងខកចិត្តជាខ្លាំងចំពោះការបន្តនីតិវិធីស៊ើបអង្កេតបន្ថែមលើសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីទាំងពីរូបកាលពីថ្ងៃទី ៣ តុលា ពីសំណាក់តុលាការ។

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានខកខានក្នុងការចេញសាលក្រម ក្រោមហេតុផលតម្រូវឱ្យបន្តនីតិវិធីស៊ើបអង្កេតបន្ថែម។ ការបន្តពន្យារពេលនោះ អង្គការ សង្គមស៊ីវិលបញ្ជាក់ថាតុលាការខ្វះខាតភស្តុតាងរឹងមាំប្រឆាំងអ្នកទាំងពីរ និងជាតឹកតាងបង្ហាញថាតុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដាក់ទោសពួកគេឡើយ។

ជាថ្មីម្តងទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវឱ្យទម្លាក់ចោលបទចោទ និងស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ការងារដ៏មានតម្លៃរបស់អ្នកសារព័ត៌មាន និងអ្នកដែលមានសំឡេងរិះគន់ផ្សេងទៀតឱ្យស្របទៅតាមកាតព្វកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព មានប្រសាសន៍ថាករណីទាំងនេះជាគំរូនៃការដាក់ទោសលើសំឡេងរិះគន់នៅប្រទេសកម្ពុជា រួមមានទាំងអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំសហជីព តំណាងសហគមន៍ និងអ្នកនយោបាយជំទាស់ផងដែរ។

អ្នកស្រីបន្ថែមថា ការដាក់ទោសបែបនេះ ជាលទ្ធផល លំហសេរីភាពសាធារណៈដែលពួកគេត្រូវធ្វើកំពុងតែរួមតូច។ ការគោរពសិទ្ធិសេរីភាពបញ្ចេញមតិ ការរក្សាឯករាជ្យភាពរបស់តុលាការ និងការធានានូវលំហមួយដែលសង្គមស៊ីវិលអាចប្រតិបត្តិការបានដោយសេរី គឺជាជំហានសំខាន់ឆ្ពោះទៅរកការកសាងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដ៏រឹងមាំនៅកម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស