34 C
Phnom Penh

តុលាការក្រុងភ្នំពេញ សម្រេចបិទការស៊ើបសួរសំណុំរឿង លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបិទការស៊ើបសួរក្នុងសំណុំរឿង សន្និដ្ឋិភាពជាមួយបរទេស ឬ បទក្បត់ជាតិ ប្រឆាំងនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក លោក កឹម សុខា។

តាមរយៈលិខិតជូនដំណឹងមួយនៅថ្ងៃនេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានសម្រេចបិទការស៊ើបសួរប្រឆាំងលោក កឹម សុខា នៅថ្ងៃនេះ ប៉ុន្តែចៅក្រមស៊ើបសួររូបនេះ មិនបានបញ្ជាក់អំពីមូលហេតុអ្វីទាំងអស់។

ការសម្រេចបិទបញ្ចប់នីតិវិធីស៊ើបសួរនេះ គឺធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ត្រូវបានតុលាការសម្រេចបន្ធូរបន្ថយលក្ខខណ្ឌតាមផ្លូវតុលាការមួយចំនួន កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែតុលាការនៅតែដាក់បម្រាមមិនឱ្យលោកធ្វើសកម្មភាពនយោបាយឬ ចេញទៅក្រៅប្រទេសដដែល។

សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិជាដើម បានហៅការសម្រេចរបស់តុលាការកាលពីថ្ងៃទី១០ វិច្ឆិកា ថាជាជំហានវិជ្ជមានមួយ ប៉ុន្តែពួកគេបន្ដទាមទារឲ្យទម្លាក់បទចោទទាំងស្រុងទៅលើមេដឹកនាំគណបក្សប្រឆាំង និងមន្ត្រីឬសកម្មជនបក្សមួយនេះទាំងអស់ដែលត្រូវបានអាជ្ញាធរ លោក ហ៊ុន សែន ចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ ឱ្យមានសេរីភាពឡើងវិញ។

ការសម្រេចបិទបញ្ចប់នីតិវិធីស៊ើបសួរនេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីមួយកាលពីថ្ងៃម្សិលមិញ នៅឯខេត្តកំពត ដោយបញ្ជាឲ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ដើម្បីដោះលែងអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំងអស់ ដែលកំពុងជាប់ឃុំ និងអ្នកផ្សេងទៀត ដែលកំពុងរត់គេចខ្លួនពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី ៩ វិច្ឆិកា អាចមានសិទ្ធិសេរីភាពឡើងវិញ។ លោក ហ៊ុន សែន ធានា មន្ត្រីក្រោមឱវាទរបស់លោកនឹងការពារសុវត្ថិភាពពួកគេ ដើម្បីធានាជំហរផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិផងដែរ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់អំពីបទ ក្បត់ជាតិ ហើយបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម និងបានផ្លាស់មកឃុំខ្លួននៅផ្ទះរបស់លោកវិញ កាលពីខែកញ្ញា ២០១៨។ 

យ៉ាងណាក៏ដោយចុះយ៉ាងណាក៏ដោយចុះ ការសម្រេចដោះលែងក្រុមបក្សប្រឆាំងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នពេលនេះ ត្រូវបានគេមើលឃើញថារដ្ឋាភិបាលមួយនេះចាប់ផ្តើមបន្ធូរបន្ថយសម្ពាធអន្តរជាតិ ជាពិសេសដើម្បីទប់ទល់នឹងការប្រឈមដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបតែប៉ុណ្ណោះ។

ជាក់ស្តែងសហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានសម្រេចបញ្ចូនរបាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពនៅកម្ពុជាពាក់ព័ន្ធនឹងដំណើរការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន ទៅរដ្ឋាភិបាលលោកហ៊ុន សែន ហើយរដ្ឋាភិបាលមានរយៈពេលមួយខែក្នុងការឆ្លើយតប មុននឹងអឺរ៉ុបសម្រេចជាផ្លូវការក្នុងការដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ជាផ្លូវការនៅខែកុម្ភៈឆ្នាំ២០២០។

អ្នកឃ្លាំមើលធ្លាប់ព្រមានថា បើគ្មានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពិតប្រាកដមួយនៅកម្ពុជាទេ រដ្ឋាភិបាលលោកហ៊ុន សែន នឹងជៀសមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិកឡើយ។ ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ នឹងនាំកម្ពុជាទៅកាន់វិបត្តិអត់ការងារធ្វើ វិបត្តិសង្គមធ្ងន់ធ្ងរ ហើយនឹងគំរាមកំហែងដល់អំណាចលោក ហ៊ុន សែន និងអំណាចបន្តត្រកូលរបស់លោកផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស