លោកនាយករដ្ឋមន្ត្រី និងជាបុរសខ្លាំងនៅកម្ពុជា បានប្រកាសជាថ្មីទៀតថា កម្ពុជានឹងមិនស្លាប់នោះទេ ដោយសារកម្ពុជានៅតែមានប្រាក់សម្រាប់បើកឱ្យមន្ត្រីរាជការ បើទោះបីជាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ។
ការប្រកាសនេះ ធ្វើឡើងនៅមុខនិស្សិត សាស្ត្រាចារ្យ និងមន្ត្រីរាជការជិត២ពាន់នាក់ នៅព្រឹកនេះ នាឱកាសចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាមួយនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោក ហ៊ុន សែន អះអាងថា ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅថាEBA របស់អឺរ៉ុប ក៏កម្ពុជាមិនបានពិបាករហូតដល់លានអណ្តាតនោះទេ ព្រោះប្រាក់បៀវត្សមន្រ្តីរាជការខ្មែរ មិនបានមកពី EBA នោះឡើយ ពីព្រោះចំណូលពន្ធគយរបស់កម្ពុជាបានមកពីវិស័យនាំចូលទៅវិញទេ។
លោកអះអាងថា បច្ចុប្បន្នរដ្ឋាភិបាលរបស់លោកមានប្រាក់សុទ្ធឬ លុយសុទ្ធ ប្រមាណ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយប្រាក់នោះសម្រាប់ដំណើរការរដ្ឋាភិបាល និងសម្រាប់បើកជូនមន្ត្រីរាជការ ដោយមិនខ្វះនោះឡើយ។
កាលពីថ្ងៃច័ន្ទសប្តាហ៍មុន គណៈកម្មការអឺរ៉ុបបានផ្ញើរបាយការណ៍ស៊ើបអង្កេតដំណាក់កាលទី២ ស្តីពី ដំណើរឈានទៅដល់ការព្យួរប្រព័ន្ធ EBA របស់ខ្លួនទៅរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងឆ្លើយតប ។ នីតិវិធីនេះ កម្ពុជាមានពេល១ខែ គិតចាប់ពីថ្ងៃទទួលបាន ដើម្បីធ្វើការពិនិត្យ និងឆ្លើយតប ដោយគណកម្មការអឺរ៉ុបនឹងបិទបញ្ចប់របាយការណ៍របស់ខ្លួន ហើយនឹងសម្រេចជាផ្លូវការថាព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅខែកុម្ភៈឆ្នាំ២០២០។ ដំណើរឈានទៅដកហូតប្រព័ន្ធពន្ធនេះ ធ្វើឡើងក្រោយពេលអឺរ៉ុបរកឃើញថារដ្ឋាភិបាលកម្ពុជាបានបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស សិទ្ធិការងារកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយ។
ក្រោយការសម្រេចនេះ អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ លោក ង៉ែត ជូ បានលើកឡើងក្នុងគណនេយ្យហ្វេសប៊ុកថា កម្ពុជានឹងខាតបង់ប្រាក់ប្រមាណ២លានដុល្លាអាមេរិកក្នុង១ថ្ងៃៗ ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ដែលលោកហៅថាជាការខាតបង់ធំណាស់សំរាប់សមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។
លោកយល់ថា ប្រសិនបើកម្ពុជាសំរេចចិត្តមិនបានល្អ កម្ពុជានឹងខាតបង់ផលចំណេញពីការលើកលែងពន្ធនាំចេញប្រមាណ៧០០លានដុល្លាអាមេរិក ក្នុង១ឆ្នាំៗ ឬប្រមាណ២លានដុល្លាអាមេរិកក្នុង១ថ្ងៃៗ។ លោកថា ការខាត់បង់នេះ គឺមិនទាន់គិតពីផលប៉ះពាល់ដែលអាចឈានដល់បាត់បង់ការងារសំរាប់កម្មកប្រមាណជិត១លាននាក់នៅឡើយទេ។
អ្នកឃ្លាំមើលនយោបាយនៅកម្ពុជា ធ្លាប់ព្រមានថា កម្ពុជានឹងឈានទៅរកវិបត្តិគ្មានការងារធ្វើ សម្រាប់កម្មកររាប់ម៉ឺននាក់ ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធមួយនេះ ដោយសារថៅកែក្រុមហ៊ុន និងអ្នកបញ្ជាទិញ នឹងងាកទៅរកទីតាំងឬប្រទេសផ្សេង។
នៅពេលវិបត្តិគ្មានការងារធ្វើកើតឡើងកាន់តែច្រើន ចុងក្រោយនឹងឈានទៅរកវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរថែមទៀតផង៕