លោក ហ៊ុន សែន ព្រមានថាតុលាការ នឹងមិនទម្លាក់បទចោទប្រកាន់លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឡើយ ប៉ុន្តែលោកបង្ហើបថាសំណុំរឿងរបស់លោក នឹងត្រូវបញ្ជូនទៅជំនុំជម្រះបន្ត។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សកាលពីព្រឹកម៉ិញនេះលោក ហ៊ុន សែន បានបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក កឹម សុខា រួចហើយ រីឯការជំនុំជម្រះជារឿងរបស់តុលាការ ដោយលោកអត់មានសិទ្ធិទៅជ្រៀតជ្រែកការងាររបស់តុលាការឡើយ។
លោកលើកឡើងថា នៅពេលតុលាការកាត់ទោសរួច ទើបលោកមានសិទ្ធិស្នើសុំព្រះមហាក្សត្រដើម្បីព្រះរាជទានលើកលែងទោសជាក្រោយ ប្រសិនបើតុលាការមិនទាន់ជំនុំជម្រះទេ គឺគ្មានការស្នើលើកលែងទោសនោះឡើយ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី បានប្រកាសបិទការស៊ើបសួរលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយការបន្តនីតិវិធីស៊ើបសួរអស់រយៈពេល ជាង២ឆ្នាំ ។
សំណុំរឿងលោក កឹម សុខានេះ ដែរ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាធ្លាប់លើកឡើងថា ប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ជាមនុស្សស្អាតស្អំ ហើយការឃុំខ្លួនលោកកន្លងមកជារឿងអយុត្តិធម៌តាមរយៈការចោទប្រកាន់មិនពិត និងគ្មានភស្តុតាងមួយប្រឆាំងនឹងរូបគាត់ ហើយតុលាការក៏មិនទាន់កំណត់ពេលបើកសវនាការកាត់ទោសមេបក្សប្រឆាំងរូបនេះនោះដែរ។ អាមេរិកហៅការចាប់និងឃុំខ្លួនលោក កឹម សុខា ថាធ្វើឡើងដោយគ្មានភស្តុតាង គ្មានសវនាការកាត់ទោស និងគ្មានយុត្តិធម៌។
យ៉ាងនេះក្តីកាលពីថ្ងៃទី១០ វិច្ឆិកា លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្តល់សេរីភាពច្រើនជាងមុន ក្រោយពេលលោកបានជាប់ឃុំខ្លួនក្នុងពន្ធនាគារ និងឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាង២ឆ្នាំ ។ ប៉ុន្តែតុលាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែដាក់បម្រាមលោកមិនឱ្យធ្វើសកម្មភាពនយោបាយ និងមិនអាចចេញទៅក្រៅប្រទេសបាន។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនក្នុងគេហដ្ឋានរបស់លោក កាលពីរំលងអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ក្រោមការចោទប្រកាន់អំពើក្បត់ជាតិតាមការចង់បានរបស់លោកហ៊ុន សែន។
មួយឆ្នាំក្រោយមក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងផ្ទះរបស់លោកនារាជធានីភ្នំពេញជំនួសវិញ៕