37 C
Phnom Penh

លោក ហ៊ុន សែន គ្រោងនឹងទៅចរចាជាមួយចិន អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា នៅដើមខែក្រោយ លោក នឹងដឹកនាំមន្ត្រីរដ្ឋាភិបាល ដើម្បីទៅជួបថ្នាក់ដឹកនាំចិន ដោយភាគីទាំងពីរនឹងចាប់ផ្តើមចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។

ការអះអាងនេះ ធ្វើឡើងក្នុងជំនួបរវាងលោកហ៊ុន សែន ជាមួយសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន លោក DU Jiahao នៅវិមានសន្តិភាពកាលពីថ្ងៃម្សិលមិញ។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា នៅថ្ងៃទី៤ ធ្នូ ខាមុខនេះ កម្ពុជានឹងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន-កម្ពុជា។ លោកថា ការចរចាអំពីកិច្ចព្រមព្រៀងមួយនេះ  នឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ ហើយក៏មិនគ្រាន់តែជាផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍សម្រាប់នយោបាយនៃប្រទេសទាំងពីរផងដែរ។

 ប្រភពដដែល បានលើកឡើងប្រសាសន៍របស់ភាគីចិន គឺលោក  DU Jiahao បានសរសើរលោកហ៊ុន សែន ជាខ្លាំង ដោយថាលោក មានអារម្មណ៍កាន់តែយល់ច្បាស់អំពីអត្ថន័យ “ដែកថែប” ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរតែងតែលើកឡើងតំណាងអោយចំណងមេត្រីភាពកម្ពុជាចិន កាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

អ្នកឃ្លាំមើលធ្លាប់លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ អាចនឹងធ្វើឱ្យកម្ពុជាខាតបង់ច្រើន ត្បិតទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ចិនមានចំនួនតិចតួច រីឯទំហំនៃការនាំចូលទំនិញរបស់ចិនមកកម្ពុជាគឺមានទំហំធំធេង។

ជាក់ស្តែង របាយការណ៍ពីក្រសួងពាណិជ្ជកម្មដោយគិតត្រឹមរយៈពេល ៩ខែដំបូងឆ្នាំ២០១៩ បង្ហាញថាកម្ពុជានាំទំនិញទៅចិនមានទំហំទឹកប្រាក់ចំនួនជាង ៧រយលានដុល្លារ ឯចិនវិញនាំទំនិញចូលកម្ពុជាមានទំហំទឹកប្រាក់ចំនួនជាង ៥ពាន់ លានដុល្លារ។

ដោយឡែក នៅឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជាទៅចិនមានជាង ៨រយលានដុល្លារ គឺកើនពី ៧៥៣លានដុល្លារ នៅឆ្នាំ២០១៧ រីឯចិនវិញនាំចូលមកកម្ពុជាបានចំនួន ៦ពាន់ ១៤៤ លានដុល្លារ កើនពី៥ពាន់ ២៨៧ លានដុល្លារបើធៀបទៅនឹងឆ្នាំ២០១៧ ដូចគ្នា។

យ៉ាងណាក៏ដោយចុះ កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍របស់ខ្លួនទៅកាន់រដ្ឋាភិបាល អំពីការស្រាវជ្រាវជុំវិញស្ថានភាពនៅកម្ពុជាដើម្បីបំពេញលក្ខខណ្ឌនៃនីតិវិធីឈានទៅសម្រេចចិត្តថាព្យួរឬ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅខែកុម្ភៈ ឆ្នាំ២០២០។ របាយការណ៍នេះ រដ្ឋាភិបាលកម្ពុជា មានពេល១ខែដើម្បីពិនិត្យ និងធ្វើការឆ្លើយ ក្រោយពេលទទួលបាន។

អ្នកជំនាញព្រមានថា បើប្រព័ន្ធអនុគ្រោះពន្ធនេះបាត់បង់កម្ពុជានឹងបាត់បង់ប្រាក់ចំណេញដោយការនាំចូលទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ ទៅកាន់អឺរ៉ុបដោយមិនយកពន្ធ ប្រមាណ៧០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយគិតជាថ្ងៃ កម្ពុជាត្រូវខាតបង់ប្រាក់ប្រមាណ២លានដុល្លារក្នុងមួយថ្ងៃៗ។

អ្នកជំនាញថាចំនួនខាត់បង់នេះជាការខាតបង់ធំធេងសម្រាប់សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។  ចំណែកចិនវិញ គេមើលឃើញថានឹងមិនអាចជួយទប់ទល់ការខាតបង់របស់កម្ពុជាបាននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស