ព័ត៌មានជាតិ

រដ្ឋាភិបាលកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការនៃមរណភាពសម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី

By ឌឹ ខេមបូឌា ដេលី

November 21, 2019

រដ្ឋាភិបាលលោក ហ៊ុន សែន បានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ ក្រោយពីសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយព្រះទិវង្គតក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សាដោយរោគាពាធ ក្នុងប្រទេសថៃ ហើយដែលពេលនេះ ព្រះសពត្រូវបានបញ្ជូនពីទីក្រុងបាងកក មកដល់កម្ពុជាហើយកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋាភិបាលបានចេញសារាចរស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព ដែលតម្រូវឲ្យគ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ហើយបានណែនាំឱ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជនទាំងអស់ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយនឹងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងជាព្រះរៀមរួមព្រះមាតានៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។

ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យ និងមានស្នាដៃក្នុងការដាក់បញ្ចូលរបាំនេះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅអង្គការ UNESCO កាលពីឆ្នាំ ២០០៣ និងបានទទួលព្រះគោរមងារ ទេពនាថរដ្តីឯក និងជាមរតកមនុស្សរស់របស់កម្ពុជា៕