33 C
Phnom Penh

កម្ពុជាបង្ហាញមោទនភាពចំពោះការនាំចេញវិស័យកាត់ដេរ និងស្បែកជើង ខណៈសហភាពអឺរ៉ុបកំពុងបោះពួយព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់វាយនភណ្ឌ និងស្បែកជើង របស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថាការនាំចេញផលិតផលក្នុងឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង ដែលសាព័ត៌មាន The Cambodia Daily ទើបទទួលបានឲ្យដឹងថា ក្នុងរយៈពេល៩ ខែ ដើមឆ្នាំ២០១៩ កម្ពុជាបាននាំចេញទៅអាមេរិក ប្រហែលជាង ២ពាន់ ៥រយលានដុល្លារ និងទៅសហភាពអឺរ៉ុបមានចំនួនជាង២ពាន់ ៤ រយលានដុល្លារ ទៅអង់គ្លេសចំនួនជិត ៧រយលានលានដុល្លារ ទៅជប៉ុន ជាង៧រយ លានដុល្លារ និងទៅបណ្តាប្រទេសដែលជាសមាជិកអាស៊ានចំនួនជាង ១រយលានដុល្លារ។

ចំណែករបាយការណ៍ពីក្រសួងពាណិជ្ជកម្មវិញបង្ហាញថា គិតត្រឹមរយៈពេល ៩ខែដំបូងឆ្នាំ២០១៩ កម្ពុជាបាននាំទំនិញទៅចិនមានទំហំទឹកប្រាក់ចំនួនជាង ៧រយលានដុល្លារ ឯចិនវិញនាំទំនិញចូលកម្ពុជាមានទំហំទឹកប្រាក់ចំនួនជាង ៥ពាន់ លានដុល្លារ។

ដោយឡែក នៅឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជាទៅចិនមានជាង ៨រយលានដុល្លារ គឺកើនពី ៧៥៣លានដុល្លារ នៅឆ្នាំ២០១៧ រីឯចិនវិញនាំចូលមកកម្ពុជាបានចំនួន ៦ពាន់ ១៤៤ លានដុល្លារ កើនពី៥ពាន់ ២៨៧ លានដុល្លារបើធៀបទៅនឹងឆ្នាំ២០១៧ ដូចគ្នា។

ទោះបីជាមានការអះអាងពីរដ្ឋាភិបាលថា ការនាំចេញខាងវិស័យសម្លៀកបំពាក់មានការកើនឡើងដល់ទៅជាង១៣% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅយ៉ាងក៏ដោយ ក៏ក្រុមអ្នកឃ្លាំមើលនិយាយថា វិស័យកាត់ដេររបស់កម្ពុជានឹងធ្លាក់ចុះជាខ្លាំង ហើយកម្ពុជានឹងវិបត្តិសង្គម កាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រទេសមួយធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ឬ GSP របស់អាមេរិក។

កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍របស់ខ្លួនទៅកាន់រដ្ឋាភិបាល អំពីការស្រាវជ្រាវជុំវិញស្ថានភាពនៅកម្ពុជាដើម្បីបំពេញលក្ខខណ្ឌនៃនីតិវិធីឈានទៅសម្រេចចិត្តថាព្យួរឬ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើកម្ពុជាមិនស្តារលទ្ធិប្រជាធិបតេយ្យ ហើយគោរពសិទ្ធិមនុស្សឡើងវិញឲ្យបានទាន់ពេលទេនោះ។ របាយការណ៍នេះ រដ្ឋាភិបាលកម្ពុជា មានពេល១ខែដើម្បីពិនិត្យ និងធ្វើការឆ្លើយ ក្រោយពេលទទួលបាន។

អ្នកជំនាញព្រមានថា បើប្រព័ន្ធអនុគ្រោះពន្ធនេះបាត់បង់កម្ពុជានឹងបាត់បង់ប្រាក់ចំណេញដោយការនាំចូលទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ ទៅកាន់អឺរ៉ុបដោយមិនយកពន្ធប្រមាណ៧០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយគិតជាថ្ងៃ កម្ពុជាត្រូវខាតបង់ប្រាក់ប្រមាណ២លានដុល្លារក្នុងមួយថ្ងៃៗ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស