កម្ពុជា និងសហរដ្ឋអាមេរិកបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា លើផ្ទៃដីជាង ៧លាន ហិកតា។
ក្នុងជំនួបរវាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងលោក ផាតទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា កាលពីដើមសប្តាហ៍នេះ ភាគីទាំង ២ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកិច្ចការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក៏ដូចជាកិច្ចគាំពារបរិស្ថាន។
របាយការណ៍របស់ក្រសួងបរិស្ថានឲ្យដឹងថា កម្ពុជាមានតំបន់ការពារធនធានធម្មជាតិច្រើនជាងគេក្នុងតំបន់អាស៊ីដែលប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ លើផ្ទៃដីរហូតដល់ជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីរបស់កម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានជំរុញឲ្យមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា និងផ្តោតលើការកសាងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។
ជាការឆ្លើយតប លោក ផាតទ្រិក ម័រហ្វី អះអាងថា កិច្ចសហការជាមួយក្រសួងបរិស្ថានកម្ពុជាមានសារៈសំខាន់ណាស់ដើម្បីជម្នះរាល់បញ្ហាប្រឈមក្នុងការការពារ និងគ្រប់គ្រងជីវចម្រុះដ៏អស្ចារ្យរបស់កម្ពុជា និងពិភពលោក។
ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើ ព្រមានថា ដើម្បីឲ្យព្រៃឈើខ្មែរ និងបរិស្ថានខ្មែរមានសុវត្ថិភាព និងមានភាពស្រស់បំព្រងឡើងវិញ លុះត្រាតែសមត្ថកិច្ចហ៊ាននាំខ្លួនជនដល់ដែលមានងារជាឧកញ៉ា និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំពោះបទឧក្រិដ្ឋកម្មព្រៃឈើដែលពួកគេបានបំផ្លាញកន្លងមក ជាពិសេសគឺ ឧកញ៉ា ទ្រី ភាព។
សកម្មជនព្រៃឈើរកឃើញថាឧកញ៉ាមហាសេដ្ឋីដែលរកស៊ីឈើ និងបំផ្លាញឈើរបស់ខ្មែរយ៉ាងល្បីល្បាញឈ្មោះ ទ្រី ភាព មានទ្រព្យសម្បត្តិដ៏មហាសាលជាង១ពាន់លានដុល្លារ។
របាយការណ៍របស់ក្រុមយុវជនការពារព្រៃឈើដែលចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៩ នេះ ឲ្យដឹងថាឧកញ៉ា ទ្រី ភាព មានទឹកប្រាក់វិនិយោគបច្ចុប្បន្នជាង ១ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដោយបើកក្រុមហ៊ុនអាជីវកម្មរកស៊ីឈើចំនួន ២១កន្លែង ក្នុងនោះបានទទួលដីសម្បទានសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤ ក្រុមហ៊ុន ពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានផ្ទៃដីសរុបជិត៧ម៉ឺន ហិកតា។
ប្រភពដដែល ឲ្យដឹងទៀតថា ដីសម្បទានសេដ្ឋកិច្ច និងដីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរបស់លោកឧកញ៉ារូបនេះមានចំនួន១៤ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន២ នៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគីរី មានទំហំប្រមាណ២ម៉ឺន ហិកតា ត្រូវបានប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រមូលឈើ រួចរាល់ជាស្ថាពរ។
របាយការណ៍នេះក៏បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្នឧកញ៉ា ទ្រី ភាព បានបំបែកជំនួញរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជារាប់សិបក្រុមហ៊ុន។
លោក ទ្រី ភាព មានចំការកៅស៊ូ និងចម្ការម្រេចរាប់ពាន់ហិកតា នៅខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារថែមទៀត។ លើសពីនេះ លោក ទ្រី ភាព មានសិប្បកម្មកែច្នៃឈើពីរកន្លែងធំៗ គឺសារមន្ទីរក្រញូង នៅស្រុកអង្គស្នួល ខេត្តកណ្តាល និងមួយទៀតនៅស្រុក កណ្តៀង ខេត្តពោធិ៍សាត់។
ជាងនេះទៀត លោកមានកំពង់ផែស្ងួតចំនួន ៣ធំៗ រួមមាន កំពង់ផែរកុងតឺន័រ នៅចោមចៅ រាជធានីភ្នំពេញ។ ផែរស្ងួតស្តុកឈើនៅភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងផែរស្ងួត មួយទៀតនៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម។
លោក ទ្រី ភាព មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២ ទៀតផងដែរ មួយនៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម និងមួយទៀតថ្មដារ ជាប់ព្រំដែន ថៃ និងជំនួញប្រេងពីក្រៅប្រទេសដែលមានទំហំរាប់រយលានដុល្លារផ្សេងទៀត។
ជំនួញរាប់សិបក្រុមហ៊ុន របស់លោក ទ្រី ភាព ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរពីជំនួញខុសច្បាប់របស់ខ្លួន ទៅជាជំនួញស្របច្បាប់ ឬហៅថាជាការលាងលុយកខ្វក់ផងដែរ៕