26 C
Phnom Penh

ប្រធានាធិបតីត្រាំ ប្រាប់សភាថា កងទ័ពអាមេរិកឈរជើងនៅអារ៉ាប៊ីសាវអូឌិត នឹងមានចំនួន៣ពាន់នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានជម្រាបប្រាប់សមាជិកសភានិងព្រឹទ្ធសភាថា កងទ័ពអាមេរិកកំពុងដាក់ពង្រាយនៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាវអូឌីតនឹងមានចំនួន៣ពាន់នាក់ ដែលលោកថា នេះ ជាក្រុមដំបូងដែលបានបញ្ជូន ទៅកាន់ប្រទេសធំមួយនៅមជ្ឈឹមបូព៌ា ចាប់តាំងពីអាមេរិក ប្រឈមនឹងភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាននៃគេហទំព័រ The National.ae.com បានចុះផ្សាយថា លោកត្រាំបានបញ្ជាក់ដូចនេះ ទៅកាន់សមាជិកសភា និងព្រឹទ្ធសភា អាមេរិក តាមរយៈលិខិតរបស់លោក ។

លិខិតរបស់លោកត្រាំងដែលធ្វើឡើ់ងកាលពីថ្ងៃទី១៩វិច្ឆិកា ក៏បានបញ្ជាក់ទៀតថាលោកនឹងបញ្ជូនកងទ័ពថែមទៀតទៅកាន់ប្រទេសអារ៉ាប៊ីសាវអូឌិត នៅសប្ដាហ៍ទៀតនេះ គឺអោយមានកើនដល់៣០០០នាក់ ហើយជាមួយគ្នានេះ នឹងបញ្ជូនទាំង គ្រាប់កាំជ្រួចទៀតផង។ លោកថាសម្រាប់ប្រទេសអារ៉ាប៊ីសាវអូឌីតនឹងមានចំនួនពី៣០០០នាក់ឡើងទៅ ។ ចំណែក ប្រទេសផ្សេងៗ ដែលកងទ័ពអាមេរិកបានឈរជើងរួច ស្រេចហើយក៏មានការបញ្ជូនបន្ថែមទៀតដែរ។

តាមលិខិតរបស់លោកប្រធានាធិបតី គឺការពង្រីកវត្តមានកងទ័ពអាមេរិក នៅតំបន់មជ្ឈឹមបូព៌ា ព្រោះថា តំបន់នោះទាំងមូល កំពុងរងការគំរាមកំហែងពីសំណាក់ ប្រទេសអ៊ីរ៉ង់ដែលបង្កការប្រទូសារ៉ាយ ជាខ្លាំង។

លោកត្រាំបានប្រាប់ទាំងប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងប្រធានព្រឹទ្ធសភា Chuck Grassley ថាកងទ័ពអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា គឺដើម្បីការពារអត្ថប្រយោជន៍អាមេរិក ហើយ ជាការបង្កើន ការ ប្រឆាំង នឹងអំពើភេរវកម្ម និងការគំរាម លើប្រទេសអ៊ីរ៉ង់វិញដែរ។

ការបង្កើនចំនួនកងទ័ពអាមេរិកទៅកាន់តំបន់មជ្ឈឹមបូព៌ា គឺចំពេល ប្រជាជនអ៊ីរ៉ង់ផ្ទុះបាតុកម្ម នៅរយៈពេល ប៉ុន្មានថ្ងៃនេះ ប្រឆាំងនឹងការដំឡើងថ្លៃការប្រើប្រាស់ប្រេងក្នុងស្រុក ដែលគេថា ជាការទប់ទល់នឹង ការបាត់បង់ចំណូលប្រេងដោយសារអាមេរិក និងសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើសាធារណរដ្ឋឥស្លាមមួយនេះ។

នៅក្នុងអំពើកុបកម្មនោះ បណ្ដាលអោយមនុស្សស្លាប់យ៉ាងតិច ១០៦នាក់ ដោយសារការវាយបង្ក្រាបរបស់កងទ័ពនាំឆ្មាំបដវត្តន៍អ៊ីរ៉ង។ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស បានថ្កោលទោស រដ្ខាភិបាល អ៊ីរ៉ង់យ៉ាងខ្លាំង ដោយចោទថា ជាការវាយបង្រ្កាបលើសេរីភាពរបស់ប្រជាជន។

ការដាក់ពង្រាយកងទ័ពអាមេរិក លើទឹកដី នៃប្រទេសអារ៉ាប៊ីសាវអូឌីត បន្ថែមទៀតនេះ កើតឡើងបន្ទាប់ពី រោងចក្រចំរាញប្រេងពីរកន្លែងរបស់អារ៉ាប៊ីសាវអូឌីតរងការវាយប្រហារដោយគ្រាប់កាំជ្រួច បាញ់ចេញពី យន្តហោះដ្រូន ដែលហោះចេញពីប្រទេសអ៊ីរ៉ងកាលពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០១៩នេះ។ តែយ៉ាងណា វត្តមានកងទ័ពអាមេរិក លើទឹកដីផលិតប្រេងធំជាងគេលើពិភពលោកនេះ  ក៏ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតី  រុស្ស៊ី ផ្លាឌីមៀពូទីន បានមកជាន់ទឹកដី ដ៏ពិសិដ្ឋនេះ ដែលក្នុងពេលនោះ មេដឹកនាំរុស្ស៊ីក៏ប៉ុនប៉ងពង្រីកកងទ័ពរបស់ខ្លួន នៅបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ានេះផងដែរ។

គិតមកដល់ពេលនេះ វត្តមានកងទ័ពអាមេរិក មានទាំងបណ្ដាប្រទេស ក្នុងមជ្ឈឹមបូព៌ា និង នៅលើឈូងសមុទ្រពែក្ស ។ តែខណៈនេះ ការប្រឈមដាក់គ្នារវាងកងទ័ពអាមេរិក និងកងទ័ពអ៊ីរ៉ង់នៅ តែស្ថិតក្នុងស្ថានភាពផុយស្រួយជាខ្លាំង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស