35 C
Phnom Penh

លោក ហ៊ុន សែន ជំរុញឱ្យពង្រឹងសមត្ថភាពកម្រិតថ្នាក់បណ្ឌិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។ 

ទន្ទឹមនឹងនោះដែរ ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និងលើកទឹកចិត្ត។

ថ្លែងនៅក្នុងពិធីដាក់សម្ពាសឱ្យប្រើប្រាស់នូវ អគារឥន្ទ្រទេវីនៃរាជបណ្ឌិតសភាកម្ពុជានៅព្រឹកនេះ លោក ហ៊ុន សែន  បានបង្ហាញកង្វល់អំពីអត្រាអតិផរណាបណ្ឌិតនិងបេក្ខជនបណ្ឌិតនៅកម្ពុជា។ លោកថា ដោយបូករួមទាំងបេក្ខជនបណ្ឌិតរបស់រាជបណ្ឌិត្យសភាកម្ពុជា អាចជាប្រទេសដែលមានបណ្ឌិតច្រើនជាងគេលើពិភពលោក បើធៀបនឹងអត្រាប្រជាជន។ 

លោកថា ចំនួនបេក្ខជនជា”បណ្ឌិត”មានច្រើនហួស ដោយសរុបទាំងចាស់ និងថ្មី មានប្រមាណជាង ៦០០ នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា អាចចាត់ថាជាប្រទេសដែលមានចំនួន “ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបនឹងចំនួនអត្រាប្រជាពលរដ្ឋ។

យ៉ាងនេះក្តី លោកថាដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” ក្រុមប្រឹក្សារាជបណ្ឌិត្យសភាត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវគុណភាពបេក្ខជនដែលត្រូវបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។

ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់មុននឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ លោក បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាពចំពោះក្រុមប្រឹក្សាការពារនិក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជននីមួយៗពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន។

លោកបានដាក់ជាសំណួរថាតើបណ្ឌិតកម្ពុជា មានសមត្ថកិច្ចភាពគ្រប់គ្រាន់ ក្នុងការធ្វើនិក្ខេបបទដល់បេក្ខជនបណ្ឌិត ឬទេ? លោកថា ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានបេក្ខជនបណ្ឌិតច្រើន ហើយត្រូវធ្វើឱ្យតឹងរ៉ឹង នៅពេលឡើងការពារនិក្ខេបទរបស់ពួកគេ។ បន្ថែមពីនេះ លោកជំរុញឱ្យ រាជបណ្ឌិត្យសភា គឺជាស្ថាប័នស្រាវជ្រាវ ដូច្នេះ គួរតែធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ ហើយអ្វីដែលត្រូវចំណាយលើការស្រាវជ្រាវ និងលទ្ធផលការស្រាវជ្រាវនោះ គួរតែយកជាធាតុចូលអភិវឌ្ឍន៍វិស័យធនធានមនុស្សសម្រាប់កម្ពុជា។ លោកថា ត្រូវពង្រឹងសមត្ថភាពបេក្ខជនបណ្ឌិត ដើម្បីធានាថាការជាប់ជាបណ្ឌិតរបស់ពួកគេត្រូវបានវាស់វែងដោយសមត្ថភាពពិតប្រាកដ។

លោកបណ្ឌិត កែម ឡី កាលនៅមានជីវិត ធ្លាប់លើកឡើងថា កម្ពុជាមិនខ្វះធនធានមនុស្សឡើយ ប៉ុន្តែអ្វីដែលខ្វះគឺការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្សឱ្យចំគោលដៅ តែប៉ុណ្ណោះ។ លោកថា ប្រសិនបើមានការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សបានត្រឹមត្រូវ កម្ពុជានឹងមានឱកាសរីកចម្រើនកាន់តែខ្លាំង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស