31 C
Phnom Penh

នៅស្រីលង្កាប្អូន តែងតាំងបងធ្វើជានាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីស្រីលង្កា លោកGotabaya Rajapaksa ដែលទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាសៅរិ៍ទី១៦វិច្ឆិកា បានតែងតាំងបងប្រុសបង្កើតរបស់ខ្លួនគឺ Mahinda Rajapaksa  ជានាយករដ្ឋមន្ត្រីថ្មីដើម្បីដឹកនាំរដ្ឋាភិបាលក្រោមការចង្អុលបង្ហាញរបស់លោក។

គេនៅចាំបានថាអំឡុងពេលឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោត ប្រធានាធិបតី គឺលោក Gotabaya បានសន្យាថានឹងយកបងប្រុសរបស់លោកត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រី គឺអោយតែលោកក្លាយជាប្រធានាធិបតី  ដែលជាការពិត លោក Mahinda ធ្លាប់កាន់តំណែង ប្រធានាធិបតី រយៈពេល១០ឆ្នាំ ២អាណត្តិគឺនៅរវាង ឆ្នាំ២០១០ ដល់២០១៥ ហើយក្នុងអំឡុងនោះ សម្រាប់ លោក Gotabaya គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ 

តាមសេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP លោក Ranil Wickremesinghe ដែលមកពីគណបក្សកាន់អំណាច UNP បានលាលែងពីតំណែង កាលពីថ្ងៃទី២០វិច្ឆិកាម្សិលមិញនេះ។  

នៅប្រទេសស្រីលង្កាមានអំបូរធំពីរ ដែលជាម្ចាស់ឆ្នោតធំជាងគេ គឺទីមួយអំបូរ Sinhalese ជាសហគមន៍ធំជាងគេហើយ កាន់សាសនាព្រះពុទ្ធ និងអំបូរជនជាតិដើម ខ្លាតាមីល ដែលកាន់សាសនា ម៉ូស្លីម និងសាសនាផ្សេងៗទៀត។ 

ត្រកូល Rajapaksa  ត្រូវបានប្រជាជនស្រីលង្កាហៅថា ជាអ្នកកសាងសន្តិភាព ដោយការបញ្ចប់សង្រ្គាមជិត៤០ឆ្នាំ ជាមួយនឹងសហគមន៍ខ្លាតាមីល ដែលសង្រ្គាមនេះ បានចប់ អំឡុងលោក Mahinda ជាមេទ័ព គឺនៅឆ្នាំ២០០៩។ អឡុងសង្រ្គាមនេះ ជនស៊ីវិល ជាពិសេស សហគមន៍ខ្លាតាមីលស្លាប់ជាង៤ម៉ឺននាក់។

លោក Mahinda ដែលធ្លាប់កាន់តំណែងប្រធានាធិបតី បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ នៅចំពោះមុខប្អូនប្រុសរបស់លោក ដែលជាប្រធានាធិបតីនៃប្រទេសស្រីលង្កាទី៨។ 

លោកMahinda  មានវ័យ ៧៤ឆ្នាំ ហើយ ប្អូនរបស់លោកគឺលោក Gotabaya មានវ័យ ៧០ឆ្នាំ។  បុរសទាំងពីរនាក់បងប្អូននេះ សុទ្ធតែស្បថសច្ចាការពារផលប្រយោជន៍ជាតិ និងបម្រើជាតិ ដោយស្មោះត្រង់។ ប៉ុន្តែពួកគាត់ សុទ្ធតែជាជនមានឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ករណីឧក្រិដ្ឋកម្មសង្រ្គាម ប្រព្រឹត្តក្នុងអំឡុង សង្រ្គាមស៊ីវិល ជាមួយសហគមន៍ខ្លាតាមិល។ តាមប្រភពរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP មានបងប្អូន នៃត្រកូល Rajapaksa  ពីរនាក់ទៀតក៏បានតែងតាំងជារដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ លោកនាយករដ្ឋមន្ត្រីMahinda  ផងដែរ។

នេះជាលើកទីមួយ ហើយដែលប្រទេសស្រីលង្កា ស្ថិតនៅតំបន់អាស៊ីខាងត្បូង  ប្អូន ជាប្រធានាធិបតីនិង បងជានាយករដ្ឋមន្ត្រី ហើយមើលទៅប្រហែលជា មានតែប្រទេសស្រីលង្កាមួយគត់ ដែលមានរចនាសម្ព័ន្ធជាតិនៃ មេដឹកនាំកំពូលរបស់ប្រទេសដូចនេះ។

នាយករដ្ឋមន្ត្រី Wickremesinghe, អាយុ៧០ឆ្នាំ បានប្រកាសថាលោករីករាយចំពោះការផ្ទេរតំណែង របស់លោកទៅអោយលោក Mahinda  ដោយចាត់ទុកថា នេះជាល្បែងប្រជាធិបតេយ្យ ។យ៉ាងណា ប្រទេសស្រីលង្កា នឹងមានព្រឹត្តិការណ៍នយោបាយ ជាថ្មីទៀត គឺការបោះឆ្នោតសភា នៅថ្ងៃទី១មីនា ឆ្នាំ២០២០ ដែល គេរំពឹងថា គណបក្សចាញ់ឆ្នោត របស់ នាយករដ្ឋមន្ត្រី Wickremesinghe, អាចទទួលបានអាសនៈសភា បានច្រើន ហើយនឹងក្លាយជាប្រធានរដ្ឋសភា ដែលមានសំឡេងភាគច្រើន ។

សម្រាប់បេក្ខជន ប្រធានាធិបតីដែលចាញ់ឆ្នោតលោក Sajith Premadasa ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់។ លោកក៏ត្រូវបានរំពឹងថា នឹងឈរជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតសភា ខែមីនាឆ្នាំក្រោយនេះ ។ 

នៅក្នុងការបោះឆ្នោតប្រធានាធិបតី លោក Gotabaya ដែលឈ្នះឆ្នោត  លោកទទួលបានសំឡេង ឆ្នោតជាង៥២ភាគរយ ។ ចំណែក លោក Sajith បានជិត៤៣ភាគរយ។ ការបោះឆ្នោត ប្រធានាធិបតីលើកនេះ ត្រូវមើលឃើញថា មិនមានហិង្សានយោបាយ កើតឡើង ច្រើនទេ។ ប៉ុន្តែមុនការបោះឆ្នោត ប្រទេសនេះ បានរងនូវអំពើភេរវកម្មនៅក្រុងកូឡំបឺសដោយសម្លាប់មនុស្សរាប់រយនាក់។ ក្នុងករណីនេះ ត្រកូល Rajapaksa  ត្រូវបានពលរដ្ឋស្រីលង្កាភាគច្រើន ចាត់ទុកថា ជាអ្នកធានានូវសន្តិសុខសម្រាប់ប្រទេស។ ប្រធានាធិបតី ដែលមិនបានដាក់បេក្ខភាពខ្លួនឯងជា បេក្ខជនប្រធានាធិបតីមួយអាណត្តិទៀត គឺលោក Maithripala Sirisena ។ លោក សម្រេចដូចនេះ ធ្វើឡើងតាមលក្ខខន្តិកៈបក្សរបស់លោក ហើយក៏ស្របពេលដែល បុរសនេះ មិនមានមហិច្ឆតាបន្តទៀតទេ ក្នុងការកាន់តំណែងកំពូលរបស់ប្រទេស។ ប៉ុន្តែ សម្រាប់រូបលោកគេហៅថាប្រធានាធិបតី ផុតអាណត្តិ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស