ជនជាតិកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា ការខកខានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ក្រោមហេតុផលសុខភាពម្តាយក្មេកឈឺធ្ងន់ គឺជាភាពឆ្គាំឆ្គងឬ ជាការមើលងាយដល់មេដឹកនាំកូរ៉េខាងត្បូងតាមបែបការទូតផងដែរ។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្ត្រី បានប្រកាសលុបចោលគម្រោងទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំ មេគង្គ-កូរ៉េ នៅថ្ងៃទី ២៤ វិច្ឆិកា ភ្លាមៗ ដោយតម្រូវឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅចូលរួមជាតំណាងកម្ពុជាជំនួសលោក ក្រោមហេតុផលថាម្តាយក្មេករបស់លោកឈឺធ្ងន់ធ្ងរ។
លើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីថ្ងៃទី ២៣ វិច្ឆិកា លោកអះអាងថាពេលនេះ លោកកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់លោកកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបានទៀតផង។
លោកថាហេតុការណ៍នេះបានកើតឡើងចំពេលដែលលោកត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ និងប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ២៤ វិច្ឆិកា។
ដោយបំពេញភារកិច្ចជាកូន លោកហ៊ុន សែន អះអាងថាលោកគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ឋ ចាន់អូចា ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់លោកសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន នឹងតំណាងឱ្យលោកនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើនេះ។
ក្រៅពីសុំទោសមេដឹកនាំកូរ៉េ និងអាស៊ាន លោកហ៊ុន សែន ក៏ប្រកាសសុំការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងជួបសំណេះសំណាលជាមួយលោកនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិការ ព្រមទាំងសម្រាប់កម្មវិធីមួយចំនួនទៀតដែលនឹងត្រូវលុបចោលផងដែរ។
លោកថា ការលុបចោលផែនការទាំងនោះ គឺ ដើម្បីផ្តល់លទ្ធភាពឱ្យលោក រួមជាមួយភរិយានិងក្រុមគ្រួសារមានឱកាសធ្វើបុណ្យជូនអ្នកមានគុណដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់របស់ខ្លួន។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីរាជការ និងពលរដ្ឋកូរ៉េ មួយចំនួនទៀតថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កាយវិការខកខាតរបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំនេះ ជាការបង្ហាញកាយវិការមិនសមរម្យ និងមើលងាយដល់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង និងមេដឹកនាំអាស៊ានទៀតផង។
ដោយឡែកការខកខាននេះ ក៏ចំពេលក្រុមចលនាយុវជនគណបក្សសង្រ្គោះជាតិនៅប្រទេសកូរ៉េខាងត្បូងជិត១ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើ បាតុកម្មប្រឆាំងវត្តមានរបស់លោកនៅថ្ងៃទី ២៤វិច្ឆិកា ដើម្បីទាមទារឱ្យលោកហ៊ុន សែន ស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
ក្រុមយុវជនខ្លះនិយាយថា ការលុបចោលគម្រោងចូលរួមកិច្ចប្រជុំ និងជួបពលរដ្ឋខ្មែរដែលគាំទ្រខ្លួននៅប្រទេសកូរ៉េ ក្រោមហេតុផលម្តាយក្មេកឈឺធ្ងន់ធ្ងរនោះ អាចដោយសារលោក ហ៊ុន សែន ខ្លាចបាក់មុខមាត់លើឆាកអន្តរជាតិ ពីព្រោះតែសកម្មភាពធ្វើបាតុកម្មប្រឆាំងវត្តមានលោក និងទាមទារឱ្យលោកដើរលើផ្លូវគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដមួយ ពីសំណាក់ក្រុមចលនាយុវជនគណបក្សសង្រ្គោះជាតិនៅកូរ៉េផងដែរ៕