33 C
Phnom Penh

លទ្ធផលបោះឆ្នោត បង្ហាញថាពលរដ្ឋហុងកុងមិនត្រូវការគោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ទៀតនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាជនក្រុងហុងកុងកាលពីថ្ងៃអាទិត្យទី ២៤វិច្ឆិកា បានសម្រេច ជ្រើសរើស យកការតវ៉ា​របស់ខ្លួន តាម​រយៈ​ការបោះឆ្នោតក្រុមប្រឹក្សាស្រុក ដោយទាត់ចោល គំនាបរបស់ប្រទេសចិន តាមរយៈ​ការដាក់​ចុះគោល​នយោ​បាយ ប្រទេសមួយប្រព័ន្ធ២ ។

តាមការចុះផ្សាយរបស់ សារព័ត៌មានហុងកុង RTHK បានអោយដឹងថា​បេក្ខជន អុ្នកប្រជាធិបតេយ្យ ហុងកុងបានឈ្នះ ភ្លូកទឹកភ្លូកដី លើ បេក្ខជនលំអៀងក្រុងប៉េកាំង ដោយឈ្នះ៩០ភាគរយ ក្នុងការកាន់កាប់ ១៧ស្រុកខណ្ឌ លើ ១៨ស្រុកខណ្ឌនៃដែនដីហុងកុង ហើយបើប្រៀបធៀបនៅក្នុងការបោះឆ្នោត​អាណត្តិ​មុន​នៅ​ឆ្នាំ​២០១៥ សមាជិក​ជាប់ឆ្នោត​ភាគច្រើន ជា​អ្នក​ស្និទ្ធនឹង​ទីក្រុង​ប៉េកាំង​។ 

ប្រជាជន​ហុងកុង​ចំនួន​៤លាន១​០ម៉ឺន​នាក់​ដែលមាន​សិទ្ធិ​បោះឆ្នោត បាននាំគ្នា​តម្រង់​ជួរ​នៅតាម​មណ្ឌលបោះឆ្នោត​នៅ​ទូទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ចំនួន​៤៥២​អ​សនៈ​នៃ​ស្រុក​ទាំងអស់​១៨ ។ បេក្ខជន​ដែល​​ចូលរួម​ប្រជែង​អាសនៈ​ក្រុមប្រឹក្សា​នេះ​មាន​ចំនួន​១០៩០​នាក់​។

ក្រុមប្រឹក្សា​ស្រុក ដែល​នៅជាប់​ផ្ទាល់​នឹង​ប្រជាជន​ហុងកុង មាន​តួនាទី​បម្រើ​សេវាកម្ម​សម្រាប់​ដោះស្រាយ​បញ្ហា​កម្រិត​សហគមន៍​ដូចជា​ការងារ​ដឹកជញ្ជូន និង​សេវាកម្ម​សាធារណ​នានា និងសន្តិសុខ ក្រុង។

យោងតាមលទ្ធផលបោះឆ្នោត នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាស្រុក ក្នុងដែនដី រដ្ឋបាលស្វ័យត ក្រុងហុងកុងនៅក្រោម របបគ្រប់គ្រង ប្រទេសមួយប្រព័ន្ធ២ ដែល បក្សកុម្មុយនិស្តចិនបានដាក់ចុះអោយអនុវត្តចាប់តាំងពីអាណានិយគមអង់គ្លេស ប្រគល់អោយ នៅឆ្នាំ១៩៩៧ បានបង្ហាញថា ពលរដ្ឋហុងកុងបានសម្រេចទាត់ចោល ប្រព័ន្ធត្រួតត្រារបស់ចិន។

ការបោះឆ្នោត​នេះ ធ្វើឡើង​ស្របពេល​ដែល​ទីក្រុង​ហុងកុងធ្លាក់ក្នុងវិបត្តិប្រទេស​មួយ ប្រព័ន្ធ២ ដោយសារ​បាតុកម្ម​រយៈ៦​ខែ​មកនេះ​។ បាតុកម្មនេះ ផ្ដើម​ពី​ការទាមទារ​ឲ្យ​ដកចេញ​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន បាតុកម្ម​ក៏​រាលដាល​កាន់តែ​ធំ និង​ប្រែ​ទៅជា​ការតវ៉ា​ប្រឆាំង​ចិន និង​ការស្នើ​ឲ្យ​មានការ​ពង្រឹង​សេរីភាព ក៏ដូចជា​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​នេះ​ឡើងវិញ​។ ​តាមបាតុកម្មដែលបង្ក​អោយ​​មានហិង្សាសឹងរាល់ថៃ្ងបានបណ្ដាលអោយមានការបាតុករ រៀងរាល់ថ្ងៃ ដែលចំនួន​អ្នក​ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន ​បានកើនឡើង រាប់ពាន់នាក់។ 

រដ្ឋអំណាចក្រុងប៉េកាំងម្ចាស់ដែនដី បន្តពីអាណានិគមអង់គ្លេស ទោះជាពុំមានសិទ្ធិប្រើកម្លាំងទ័ព​ដោយផ្ទាល់មក​វាយបង្ក្រាប​បាតុ​ករ​ក្ដី ក៏​បានបញ្ជូន កងទ័ពរបស់ខ្លួន ជាច្រើនពាន់នាក់ មក ការពារ​សណ្ដាប់ធ្លាប់សាធារណៈ ដោយ ជួយ រើសសម្រាប និង ប្រមូលកំទេចកំទី ដែលបន្យល់ពីការ​ផ្ទុះ​ហិង្សា ។

នៅក្នុងការបោះឆ្នោត ដែលអ្នក ប្រជាធិបតេយ្យ ឈ្នះដ៏លើសលប់នេះ គេឃើញ ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ ​ហុងកុង គឺលោកស្រី ការី ឡាំ ដែល ពលរដ្ឋហុងកុង ធ្វើបាតុកម្ម ប្រឆាំងលោកស្រី  គឺលោកស្រី  បានចេញទៅ​បោះឆ្នោត​នៅ​មណ្ឌល​វិទ្យាល័យ Raimondi ។ ស្ត្រីកម្មាភិបាល ចិន រូបនេះ បានបោះពាក្យសំដីថា ពលរដ្ឋ​ជាច្រើន​សង្ឃឹម​ពី​ការបន្ត​ភាពស្ងប់ស្ងាត់​ឡើងវិញ  ​នៅក្រោយ​ការបោះឆ្នោត​។

ប៉ុន្តែទីក្រុង​ហុងកុង បាន​ធ្លាក់ចូល​វិបត្តិ​ដ៏​ធំ​របស់ខ្លួន​តាំងពី​ខែមិថុនា ក្រោយ​រដ្ឋាភិបាល​លោកស្រី ខាឡាំ ដាក់​ស្នើ​សេចក្ដីស្នើច្បាប់​បត្យាប័ន​សុំ​សិទ្ធិពីសភាហុងកុង ​បញ្ជូន​ពលរដ្ឋ​ហុងកុង​ទៅ​កាត់ទោស​នៅ​លើទឹកដី​ចិន​។ ដោយសារហេតុនេះ  ពលរដ្ឋហុងកុងរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ា ប្រឆាំងនឹងប្រព័ន្ធតុលាការ​មួយដែលក្រុងប៉េកាំងនៅពីក្រោយ  ដែលនាំអោយ ផ្ទុះហិង្សាមកដល់ពេលនេះ។

យ៉ាងណាតាមលទ្ធផលនេះ គឺជាការវាយសំពង ដ៏ធ្ងន់ធ្ងរមួយ ទៅលើ បក្សកុម្មុយនិស្តចិន ដែលព្យាយាម ប្រើឥទិ្ធពល លើដែនដីមួយដែលមាន របបប្រជាជាធិបតេយ្យសល់ពីសម័យអាណានិគមអង់គ្លេស។

អ្នកសង្កេតការណ៍យល់ថានេះ ជាសារនយោបាយមួយដ៏រឹងមាំមួយរបស់ប្រជាជនក្រុងហុងកុង ដែលប​ញ្ជាក់ប្រាប់ក្រុងប៉េកាំងថា បាតុកម្មកន្លងមកនេះ គឺមិនមែនជាការឥតប្រយោជន៍នោះទេ ព្រោះ សេរីភាព និងឆន្ទៈរបស់ពលរដ្ឋនៃដែនដីអតីតក្រោមអាណានិគមអង់គ្លេស បានស្ដែង តាមរយៈនៃការបោះឆ្នោត​ក្រុមប្រឹក្សាស្រុកខណ្ឌដូចនេះហើយ ដែលឆ្លុះបញ្ចាំងអោយឃើញថា អ្នកប្រជាធិបតេយ្យនៅហុងកុងដណ្ដើមបានអំណាចមូលដ្ឋាន បានហើយពីក្រុមមនុស្ស ចង់ដឹកនាំ ក្រុងក្រោម គោលនយោបាយប្រទេសមួយប្រព័ន្ធ២ ។

យ៉ាងណា រដ្ឋមន្ត្រីការបរទេសចិន លោកវាំងយី ដែលបានដឹងថា បេក្ខជនលំអៀង ក្រុង​​ប៉េកាំង ចាញ់ឆ្នោតយ៉ាងអាម៉ាស់​  លោក បាននិយាយដែលទំនងលួងចិត្តខ្លួនឯងថា មិន​ជាបញ្ហាអ្វីទេ ទោះជាលទ្ធផល បានស្ដែងអោយឃើញយ៉ាងនេះក្ដី ។តែលោក ថាហុងកុងនៅតែជាផ្នែកមួយ នៃប្រទេសចិន ។ លោកបានថ្លែងដូចនេះ ទៅកាន់អ្នកសារ​ព័ត៌​មាន បន្ទាប់ពីលោកបានជួប ប្រជុំជាមួយនាយករដ្ឋមន្ត្រី ជប៉ុនស៊ីនសូអាបេ នៅទីក្រុងតូក្យូ។

តែនៅខណៈនេះ ប្រជាជនក្រុងហុងកុង កំពុងនាំគ្នា អបអរសាទរ ជ័យជម្នះដែលបានមកពី​កម្លាំង​សាម​គ្គីគ្នា ។ ពួកគេ បានបន្ត បង្ហាញពីឆន្ទៈរបស់ពួកគេ ដើម្បីដែនដីមួយ មានសេរីភាព និង​ប្រជាធិ​​បតេយ្យ ​។ ប្រភពរបស់ RTHK បានបញ្ជាក់ថា ពលរដ្ឋ ចេញទៅបោះឆ្នោត មានជាង៧១ភាគរយ ហើយ​បើប្រៀបធៀបនឹងការបោះឆ្នោត ដូចគ្នានេះ នៅឆ្នាំ២០១៥ គឺពលរដ្ឋចេញទៅបោះឆ្នោត តែ ៤៧ភារយប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស