27 C
Phnom Penh

សហរដ្ឋអាមេរិក បន្តជួបលោកហ៊ុន សែន និយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដែលជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទីពីរក្នុងតំណែងអគ្គរដ្ឋទូតថ្មី ដើម្បីបន្តការពិភាក្សាអំពីបញ្ហាទំនាក់ទំនងនៃប្រទេសទាំងពីរ។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថាជំនួបរវាងឯកអគ្គរដ្ឋទូតលោក Patrick Murphy និងលោក ហ៊ុន សែន សហរដ្ឋអាមេរិកបន្តគាំទ្រប្រជាពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស ដោយថាដើម្បីជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។

ចំណែកហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថាជំនួបកាលពីរសៀលថ្ងៃម្សិលមិញនោះ លោក  Patrick Murphy បាននាំយកនូវលិខិត០២ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផ្ញើជូន​លោក។

លោកបញ្ជាក់ថា ​លិខិតទី១ ស្ដីអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលសហរដ្ឋអាមេរិកមានបំណងពង្រឹង និងធ្វើអោយកាន់តែប្រសើឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដោយក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។

លោកហ៊ុន សែន អះអាងថា ក្នុងលិខិតពីសេតវិមានឬហៅថា វ៉ាយហៅស៍ ( White House) គឺចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump ​បាន បញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិក ដោយមានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រអោយមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។

លោក ហ៊ុន សែន អះអាងទៀតថា ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាអោយមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយដើម្បីជំរុញមិត្តភាព និងកិច្ចសហការអោយកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។

ចំពោះលិខិតទី ២ គឺលោកប្រធានាធិបតីអាមេរិក Donald Trump ​អញ្ជើញ ​លោក​ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និងអាស៊ាន នៅលើទឹកដីសហរដ្ធក្នុងឆមាសទី១ក្នងឆ្នាំ ២០២០ ខាងមុខនេះ។

​កាលពីថ្ងៃទី២៥ ខែតុលា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចម្តងមកហើយ។ ក្នុងជំនួបពេលនោះ  ​ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ បានប្រាប់ទៅលោក ហ៊ុន សែន ឲ្យពង្រឹងប្រជាធិបតេយ្យឡើងវិញ ដោយថា ការស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពពេញលេញ នឹងជួយដល់ការរីកចម្រើនផ្នែកការទូតរបស់កម្ពុជាជាមួយនឹងសហគមន៍អន្តរជាតិ។

លោក Patrick Murphy បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១៨ កញ្ញា ក្រោយពេលទទួលបានការសម្រេច​ពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump  មកកាន់ដំណែងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ លោកបានចូលកាន់ដំណែងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាជាផ្លូវការក្នុងខែតុលា បន្ទាប់ពីបានប្រគល់សារតាំងថ្វាយព្រះមហាក្សត្រខ្មែរ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស