38 C
Phnom Penh

រដ្ឋាភិបាលណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងពលរដ្ឋថែរក្សាទឹកទុកប្រើប្រាស់ឱ្យបានត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបា​ល បានព្រមានពីបញ្ហាប្រឈមផ្សេងៗនៅក្នុងរដូវប្រាំង ដោយសារកម្ពុជា និងប្រទេសនៅក្នុងតំបន់ជាប់ទន្លេមេគង្គ ​​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត​អែលនីណូ​ (El Nino) ។

ឥទ្ធិពលនេះ ​បាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​ រដូវវស្សា​មក​ដល់​មាន​សភាព​យឺតយ៉ាវ​ របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា​ របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​ ជំនន់មានតែមួយលើក ហើយបន្តស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈកាល​កន្លងមក​ជាដើម។

យោងតាមសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានបញ្ជាឱ្យ​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ ព្រមទាំងពលរដ្ឋផងត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ​

បន្ថែមពីនេះ ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​ ២០១៩-២០២០ គឺ​អាច​ធ្វើបាន​តែ​ ១ ​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​ ២ ​បាន​ទេ ​បើទោះបី​ជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយ​ចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ​គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ក្រៅ​ពី​ស្រូវ​​។

ជាងនេះទៀតសារាចរនេះក៏បានបញ្ជាក់ថា អាងស្តុកទឹក​នាពេល​កន្លង​មក​បាន​រក្សា​ទឹក​ទុក​ស្ទើរតែ​ ១០០% ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​យ៉ាង​ណាក្តី​បញ្ហា​គ្រប់គ្រង​ទឹក និង​ប្រើប្រាស់​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុក​ជា​អាទិភាព ដើម្បី​បម្រើ​ឲ្យ​ស្រូវធ្ងន់​ចុង​រដូវវស្សា​ស្រូវ​រដូវប្រាំង​នៅ​ឆ្នាំ​ ២០១៩-២០២០ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូត​ដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មីឡើងវិញ​។

កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ គណៈកម្មការ​ទន្លេមេគង្គ ឬហៅថាMRC បាន​ប្រកាស​ថា ប្រទេស​ដែល​ស្ថិត​តាម​ដង​ទន្លេមេគង្គ​នឹង​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​​​ចាប់ពី​ថ្ងៃទី ១៩ ខែវិច្ឆិកា  ​ដល់​ខែ​ដើមឆ្នាំ​ ក្រោយ ។ គណៈកម្មការនេះ ក៏បានព្រមានថា​ប្រទេស​កម្ពុជា និង​ប្រទេសថៃ ​នឹង​ជួប​គ្រោះរាំងស្ងួត​ខ្លាំង​ជាង​ប្រទេស​ឡាវ និង​វៀតណាម​។

MRC ឱ្យ​ដឹង​ថា​គ្រោះរាំងស្ងួត​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ដល់​ខែ​មករា ឆ្នាំ​ ២០២០​។ តំបន់​ភាគ​ខាងលិច​ឈៀង​ខាងជើង​ប្រទេស​កម្ពុជា​ដែលមាន​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ​ និង​សៀមរាប​នឹង​រង​ការប៉ះពាល់​ខ្លាំង​បំផុត​ពី​គ្រោះ​រាំងស្ងួត​នេះ​។ ចាប់ពី​សប្តាហ៍​ទី​ ២ ខែ​មករា​ស្ថានភាព​គ្រោះ​រាំងស្ងួត​នេះ​នឹង​មាន​ភាពប្រសើរ​ជាង​មុន​បន្តិច​ម្តងៗ ពីព្រោះ​អាកាសធាតុ​នឹង​ប្រែ​មក​មាន​សំណើម​បន្តិចឡើង​វិញ​។

​តែយ៉ាងនេះក្តី អ្នក​ជំនាញ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ​ភាព​រាំងស្ងួត​នេះ នឹង​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ដំណាំ​ ​ផលិតផល​កសិកម្ម​នានា និង​ធ្វើឱ្យកង្វះ​ទឹក​ប្រើប្រាស់ថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស