រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចនៅថ្ងៃនេះ ក្រោមការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២០ ដែលរដ្ឋត្រូវចំណាយទឹកប្រាក់ជាង ៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាឯកបក្ស នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា រដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល ដែលគ្រោងចាយវាយឆ្នាំក្រោយ ជាង ៨ពាន់លានដុល្លារ ដែលស្មើនឹង ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុបឬGDP។ ចំនួននេះកើនឡើងជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកឬ ស្មើជាង ២២ ភាគរយ បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិដែលអនុម័តចាយវាយនៅឆ្នាំ២០១៩ ដែលមានទំហំជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ជាមួយគ្នានោះរដ្ឋសភាឯកបក្ស បានអនុញ្ញាតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អាចខ្ចីប្រាក់បរទេសក្នុងទំហំជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក(១៩២៤) បន្ថែមទៀត ដើម្បីជួយបំពេញផែនការចាយវាយនៅឆ្នាំក្រោយនេះ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ ឬហៅថា ច្បាប់ថវិកាជាតិឆ្នាំ២០២០ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានរបស់លោក ហ៊ុន សែន សម្រេចអនុម័តទាំងស្រុងកាលពីថ្ងៃទី២៥ ខែតុលា។ ទំហំខ្ចីបុលប្រាក់បរទេសចេះតែកើតមានឡើង ស្របពេលស្ថានភាពបំណុលកម្ពុជាជំពាក់បរទេស ដែលត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញក្នុងរបាយការណ៍សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ ថា មកដល់បច្ចុប្បន្ន កម្ពុជាជំពាក់បំណុលបរទេសសរុបមានចំនួនជាង ៧ពាន់លានដុល្លារអាមេរិករួចទៅហើយ៕