25 C
Phnom Penh

កម្ពុជា-កូរ៉េ ចុះកិច្ចលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA) ទ្វេភាគីរវាងប្រទេសទាំងពីរ។

ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោកប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ

លោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) នាឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញទំនិញ និងសេវា និងពង្រីកវិនិយោគបន្ថែមទៀត ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបនោះភាគីកម្ពុជា លោក ប៉ាន់ សូរស័ក្តិ បានផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយបានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ កម្ពុជាគ្រោងនឹងចុះហត្ថលេខាជាមួយមេដឹកនាំចិន នៅពេលខាងមុខ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថាកិច្ចព្រមព្រៀងនោះនឹងជួយបង្កើនទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាកាន់តែប្រសើរ។ ប៉ុន្តែអ្នកឃ្លាំមើលវិញមើលឃើញថានឹងនាំឱ្យកម្ពុជាកាន់តែខាតបង់បន្ថែមទៀត ត្បិតកម្ពុជាជាទីផ្សារដ៏ធំសម្រាប់ចិន ព្រោះការនាំចូលទំនិញរបស់ចិនមកកម្ពុជាមានទំហំធំធេងជាងទំនិញកម្ពុជា​ដែលនាំទៅលក់នៅទីផ្សាររបស់ចិន។

ប្រភពដដែលអះអាងថា កាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ ៧៥៦លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែកគ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី តង់ និងកៅស៊ូធម្មជាតិ ។ ដោយឡែកទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េ រួមមាន រថយន្ត ក្រណាត់ ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់ជាដើម។

យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមយល់ថា ការស្វែងរកដៃគូរធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន គឺ ដើម្បីត្រៀមទប់ទល់ទៅនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកផង។

ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និង អាមេរិក ប្រសិនបើរដ្ឋាភិបាលធ្វើឱ្យបាត់បង់​កម្ពុជានឹងខាតប្រាក់ដោយការនាំចេញទំនិញទៅសហគមន៍លោកសេរីទាំងពីរនេះ ដោយការមិនយកពន្ធ ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។

ដោយឡែកបង្អែកចិនវិញ អ្នកវិភាគមើលឃើញថា នឹងមិនអាចជួយកម្ពុជាបានយូរអង្វែងទេ ហើយពេលនោះកម្ពុជានឹងជួបវិបត្តិអត់ការងារធ្វើ និងចុងក្រោយឈានទៅរកវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស