36 C
Phnom Penh

អាមេរិកទទូចអោយចិនទទួលយកឆន្ទៈពលរដ្ឋហុងកុងស្ដែងចេញតាមរយៈបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋបាលស័្វយតនៃដែនដីហុងកុង បាន​ឆ្លង​កាត់ អន្តរការ ប្រជាធិបតេយ្យដ៏គន្លឹះមួយ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាស្រុកកាល​ពីថ្ងៃ​ទី២៤វិច្ឆិកា។

ក្រសួងការបរទេសអាមេរិក បន្តថា ហុងកុងត្រូវប្រកាន់ខ្ជាប់នូវ នីតិរដ្ឋ និងកិច្ចសន្យាទាំង​ឡាយក្នុង​ការ​ការពារ សេរីភាព របស់ដែនដីនិងប្រជាជន។ ក្នុងន័យនេះសហរដ្ឋអាមេរិក សូមរំលឹកដល់បក្សកុម្មុយ​និស្តចិន ត្រូវគោរពឆន្ទៈរបស់ប្រជាជនក្រុងហុងកុង ដែលបានស្ដែងឡើងតាមរយៈលទ្ធផល​នៃ​ការ​បោះឆ្នោត។

លទ្ធ​ផលបោះឆ្នោត បានបង្ហាញថា បេក្ខជន អ្នក​ប្រជា​ធិប​តេយ្យ បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដោយ​ឈ្នះ​រហូតដល់ទៅ ១៧​ស្រុក លើ១៨ស្រុក ធ្វើអោយ​បេក្ខជន លំអៀងចិន បានតែមួយ ស្រុក​ប៉ុណ្ណោះ។

នេះជាជ័យជម្នះរបស់ ប្រជាជនក្រុងហុងកុង ដែល​គេ​ថា អ្នកប្រជាជធិបតេយ្យបានដណ្ដើម​អំណាច​មូល​ដ្ឋានបាន​ហើយនៅលើដែនដី នៃអតីត​អាណា​និគម​អង់គ្លេស។

លទ្ធផលនេះ ត្រូវបានមើលឃើញថា ជាការ​កើតចេញពី ការធ្វើបាតុកម្មរបស់ពលរដ្ឋហុងកុង រយៈពេល​៦ខែដែល ប្រឆាំងគោលនយោបាយ ប្រទេស​មួ​យប្រព័ន្ធពីរ ដែលដាក់ចុះដោយ បក្ស​កុម្មុយ​និស្តចិន។  លោកស្រី Carrie Lam នាយកប្រតិ​បត្តិនៃរដ្ឋបាលដែនដីហុងកុង ដែលស្រង់ចុះផ្សាយដោយ សារព័ត៌មាន Asia News បាននិយាយដោយ​ទទួល​ស្គាល់ថា លទ្ធផលនេះ គឺជាបង្ហាញពីការជ្រើសរើស នូវទស្សនៈខុសគ្នា ក្នុងការគ្រប់គ្រង។

តាម​រយៈលទ្ធផលនៃការបោះឆ្នោត សម្រាប់លោកស្រី Lam  សង្ឃឹមថា ការខ្វែងគំនិតគ្នានេះ គួរតែ​ស្វែង​រកការដោះស្រាយមួយតាមរយៈការចរចា។ ប៉ុន្តែលោកស្រី​អះអាងថា ទោះជាលទ្ធផល​បែប​នេះក្ដី គឺដែន​​​ដីហុងកុងនៅតែជាមួយផ្នែកមួយនៃប្រទេសចិន។ ប្រសាសន៍លោកស្រីLam មានឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ហុងកុង គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន បើទោះបី​ជាមាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ​។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP​  ​លោករដ្ឋមន្ត្រីបានព្រមាន​ដល់​បុគ្គល​ទាំង​ឡាយណា ដែល​ចង់​បំផ្លាញ​ទីក្រុង ដោយចំអកថា  រាល់​ការប៉ុនប៉ង បំផ្លិចបំផ្លាញ​វិបុលភាព និង​ស្ថិរភាព​ទីក្រុង​ហុងកុង នឹងមិន​ទទួលបាន​ជោគជ័យ​អ្វី​ឡើយ​។

ក្រោយពីលទ្ធផលបង្ហាញថា ក្រុមប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតទាំងស្រុង  គេសង្កេត​សារព័ត៌​មាន​ដែលជារបស់រដ្ឋាភិបាលចិន បានចុះផ្សាយព្រោងព្រាតថា ជាការសង្ស័យអំពី ការរាប់ឆន្លឹកឆ្នោត និង បរិយាកាសនៅជុំវិញការិយាល័យបោះឆ្នោតដែល បង្កអោយមានការភ័យនិងគំរាម​អ្នកចេញទៅ​បោះ​ឆ្នោត ដោយជំហរឯករាជ្យ។

ជាដំបូងទីភ្នាក់ងារសារព័ត៌មាន ចិន Xinhua បានចុះផ្សាយថា ការបោះ​ឆ្នោត បានប្រព្រឹត្តទៅ​ដោយពុំមានលទ្ធផលណា ដឹងជាមុន តែថា នេះគ្រាន់តែ ការបោះឆ្នោតធម្មតា គឺមិនមែនជ័យជម្នះ​តែសម្រាប់អ្នកប្រជាធិបតេយ្យ ក៏មិនមែនសម្រាប់អ្នកនិយមប៉េកាំងនោះដែរគឺគ្មានទេ។

The Global Times ដែលជារបស់ បក្សកុមម្មុយនិស្តចិន បោះពុម្ពផ្សាយជាភាសាអង់គ្លេស បាន​និយាយ​​​ថា អ្នកប្រជាធិបតេយ្យ​អួតថាគេជាអ្នកឈ្នះ តែជាជ័យជម្នះ នេះគឺដូចទឹកក្នុងបាតខ្ទះទៅ​វិញទេ។

កាសែតប្រជាជន People’s Daily  ក៏ជារបស់បក្សកម្មុយនិស្តដែរ បានចុះផ្សាយដោយរំលឹកសារ​ព្រមាន​របស់​ប្រធានាធិបតីស៊ីជីនពីងថា សំខាន់បំផុតគឺហុងកុង ត្រូវធានាអោយបាននូវសណ្ដាប់ធ្នាប់ និងសន្តិសុខ ហើយថារាល់អំពើហិង្សាគឺកើតចេញពីពួកបរទេស។

តែយ៉ាងណា មេដឹកនាំនិស្សិតបាតុកម្ម យុវជន  Joshua Wong បាន​និយាយ ក្នុង Twitter របស់លោកថាលទ្ធផលនៃកា​របោះឆ្នោត ក្រុមប្រឹក្សាស្រុកដែលជ័យជម្នះ​បាន​ទៅ​លើអ្នកប្រជាធិបតេយ្យស្ទើរទាំងស្រុងគឺជា​សាររបស់​ប្រជាជនហុងកុង បានប​ញ្ជាក់យ៉ាងច្បាស់ ពីមិនចុះ​ចាញ់នឹងសម្ពាធពីក្រុងប៉េកាំង ហើយថា​សហគមន៍​អន្តរជាតិ​ពិតជាបានដឹងថា ជាលទ្ធ​ផល​បាន​មកពីការ​ធ្វើបាតុកម្មរយៈពេល៦ខែ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស