ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy ឱ្យដឹងថាភាគីតំណាងសហរដ្ឋអាមេរិក និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានជជែកគ្នាច្រើន អំពីពីភាពជឿនលឿនចាំបាច់សម្រាប់ពង្រីកកិច្ចសហការផ្នែកសន្តិសុខ។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះ បានលើកឡើងថាលោក Patrick Murphy បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដែលរួមមានការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការពារអធិបតេយ្យភាពរបស់កម្ពុជាពីការបោះទីតាំងមូលដ្ឋានយោធាបរទេស។
ប្រភពដដែលអះអាងថា ជំនួបរវាងឯកអគ្គរដ្ឋទូតអាមេរិក ជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន គឺភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន បេសកកម្មថែរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតគ្រាប់មីន។
ក្រៅពីនេះទៀត លោក Patrick Murphy បានជម្រុញឲ្យមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់កងទ័ពកម្ពុជា ក្នុងការការពារនិងធ្វើជាដៃគូជាមួយអង្គការសង្គមស៊ីវិល។
ចំណែក លោក វង្ស ពិសេន វិញក៏បានប្តេជ្ញាចំពោះមុខអគ្គរដ្ឋទូតអាមេរិកថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងលើវិស័យសិទ្ធិមនុស្ស បរិស្ថាន សមភាពយេនឌ័រ សិទ្ធិដីធ្លី នីតិរដ្ឋ និងបញ្ហាសំខាន់ៗដទៃទៀត។
កាលពីចុងឆ្នាំ២០១៨ សារព័ត៌មានបរទេស The Asia Time បានផ្សព្វផ្សាយអំពីលទ្ធភាពនៃការតាំងមូលដ្ឋានយោធារបស់ចិននៅលើទឹកដីកម្ពុជា ក្នុងខេត្តកោះកុង។ មូលដ្ឋានយោធាចិននោះ ត្រូវបានធ្វើឡើងនៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន ឈ្មោះ UDG ដែលមានទំហំជាង៤ម៉ឺនហិកតារ។ ក្រុមហ៊ុននេះ បានកសាងកំពង់ផែសមុទ្រទឹកជ្រៅដែលអាចឱ្យកប៉ាល់ឬ នាវាធំៗចូលចតបាន និងព្រលានយន្តហោះយ៉ាងធំ ពោលគឺធំជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញថែមទៀត។
ក្រៅពីនេះ ក៏មានសេចក្តីរាយការណ៍ថាមូលដ្ឋានទ័ពជើងទឹកចិន ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យមានវត្តមាននៅតំបន់រាមថែមទៀតផង។ ប៉ុន្តែការលើកឡើងទាំងនេះ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ច្រានចោលជាបន្តបន្ទាប់៕