28 C
Phnom Penh

កូនស្រីលោក កឹម សុខា ថានឹងមានការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យជាលើកទី២ដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រីរបស់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាក្នុងពេលខាងមុខនេះ ឪពុករបស់ខ្លួននឹងជំរុញឲ្យមានការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដ៏ធំដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យសេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់។

លើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ កញ្ញា កឹម មនោវិទ្យា ឱ្យដឹងថា ការបង្រួបបង្រួមខ្មែរលើកទី១ឆ្នាំ២០១២ ឪពុករបស់កញ្ញា បានជំរុញឱ្យបក្សប្រឆាំងមួយទៀត គឺគណបក្សសមរង្ស៊ី ទម្លាក់អាវុធលាបពណ៌ ហើយព្រមរួបរួមជាមួយបក្សសិទ្ធិមនុស្ស ដែលបង្កើតបានជាបក្សប្រឆាំងរួមដ៍ធំមួយ គឺបក្សសង្គ្រោះជាតិ។

កញ្ញាអះអាងថា ការបង្រួបបង្រួមខ្មែរលើកទី២គឺនឹងកើតឡើងចាប់ពីឆ្នាំ២០២០តទៅមុខ លោក កឹម សុខា នឹងជំរុញឱ្យមានការផ្សះផ្សាជាតិទ្រង់ទ្រាយធំ ដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យសេរីពហុបក្ស។ លើសពីនេះ  បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់ បំបាត់ការចាប់ចងវាយប្រហារដែលនាំបញ្ហាវឹកវរដល់ជាតិ។ លើកកម្ពស់កិត្តយស   កម្ពុជាទាំងអស់គ្នាលើឆាកអន្តរជាតិ ដើម្បីបន្ត និង ពង្រីក ទាញយកប្រយោជន៍ពីប្រទេសជាមិត្តក្នុងការស្តារសង្គមជាតិនិងសេដ្ឋកិច្ចកម្ពុជា។

កញ្ញាថា ការបង្រួបបង្រួមជួបផលវិបាកច្រើនណាស់ ហើយការរួបរួមទ្រង់ទ្រាយធំទៅថ្ងៃមុខ នឹងកាន់តែពិបាកទទួលបានជាងមុនទៀត ប៉ុន្តែវាជាជម្រើសល្អតែមួយគត់ដែលត្រូវតែព្យាយាមជំរុញឱ្យបាន។

យ៉ាងនេះក្តី កញ្ញា មិនបានបង្ហាញពីវិធីសាស្ត្រឬ ផ្លូវនៃការបង្រួបបង្រួមទ្រង់ទ្រាយធំនោះថា តើនឹងធ្វើឡើងដោយរបៀបណាឡើយ?

ការលើកឡើងនេះ ក្រោយពេលសំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី ២ធ្នូ សម្រេចបញ្ជូនទៅជំនុំជម្រះ បន្ទាប់ពីឃុំខ្លួនលោកក្នុងពន្ធនាគារ និងនៅក្នុងផ្ទះអស់រយៈពេលជាង២ឆ្នាំ។

កញ្ញា កឹម មនោវិទ្យា លើកឡើងដែរថា តុលាការបក្សប្រជាជនកម្ពុជាកំពុងព្យាយាមកាត់ទោសឪពុកខ្លួន ពីបទក្បត់ជាតិ ថាជាអាយ៉ងអាមេរិក បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា យ៉ាងព្រៃផ្សៃនិងឃុំខ្លួនលោកទាំងខុសច្បាប់ ជាង២ឆ្នាំមក។

យ៉ាងនេះក្តី សម្រាប់ក្រុមមេធាវីលោក កឹម សុខា វិញបានដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះសេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។

ក្រុមមេធាវី ចាត់ទុកដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនទាន់មានហេតុផលច្បាស់លាស់ ដែលអាចទទួលយកបានឡើយ។

លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនកាលពីយប់ថ្ងៃទី ៣ កញ្ញា ២០១៧ ក្រោមការចោទប្រកាន់អំពើក្បត់ជាតិ តាមការចង់បានរបស់លោកហ៊ុន សែន ហើយអាជ្ញាធរបានបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ មួយឆ្នាំក្រោយមក លោកត្រូវបានប្តូរមកឃុំខ្លួនក្នុងផ្ទះរបស់លោក នៅរាជធានីភ្នំពេញជំនួសវិញ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្តល់សេរីភាពច្រើនជាងមុនបន្តិចដោយលោកអាចដើរបានឆ្ងាយជាងមុន និងអាចជួបជនបរទេសបាន ប៉ុន្តែលោកត្រូវបានតុលាការហាមធ្វើសកម្មភាពនយោបាយ និងមិនអនុញ្ញាតឱ្យចេញទៅក្រៅប្រទេសឡើយ។

សហគមន៍អន្តរជាតិ បានបន្តទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ទាំងស្រុង ដោយផ្តល់សិទ្ធិសេរីភាពជាពលរដ្ឋ និងសិទ្ធិធ្វើនយោបាយដូចដើមជូនលោកវិញ។ បន្ថែមពីនេះ សហគមន៍អន្តរជាតិលោកសេរី ក៏បានស្នើឱ្យ រដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ ព្រមទាំងស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដមួយផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស