នាយករដ្ឋមន្ត្រីវ័យ ជិត១០០ឆ្នាំ ដែលបានទំលាក់គូប្រកួតបានដោយជោគជ័យ នៅក្នុងការបោះឆ្នោត សភាកាលពីខែឧសភា ឆ្នាំ២០១៨ គឺលោកមាហាធៀមាហាម៉ាត់ បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកបានស្នើសុំទៅរដ្ឋសភា អោយពិនិត្យ រដ្ឋធម្មនុញ្ញឡើងវិញដើម្បីធ្វើវិសោធនកម្ម ដោយកំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រឹម២អាណត្តិ ។
ទីភ្នាក់ងារសារព័ត៌មានReuters បានចុះផ្សាយថា សភាម៉ាឡេស៊ីកាលពីថ្ងៃអង្គារបាន បានពិនិត្យសេចក្ដីស្នើច្បាប់ក្នុងការធ្វើវិសោធនកម្មមាត្រាមួយនៃរដ្ឋធម្មនុញ្ញសហព័ន្ធ ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីឲ្យមានតែពីរអាណត្តិក្នុងរយៈពេល ១០ឆ្នាំ ក្នុងបំណងរាំងខ្ទប់មិនអោយមានការបំពានអំណាចរដ្ឋ ពីសំណាក់នាយករដ្ឋមន្ត្រី ។
នៅក្នុងការបោះឆ្នោតសភា កាលពីឆ្នាំទៅមិញនេះ លោកមាហាធៀ បានសច្ចាថានឹង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់អាណត្តិនាយករដ្ឋមន្ត្រីអោយមានតែពីរអាណត្តិប៉ុណ្ណោះ។
ជ័យជម្នះរបស់ក្រុមចម្រុះ Pakatan Harapan កើតឡើង ដោយសារលោកមាហាធៀ និងអ្នកឃោសនារបស់បក្ស បានវាយប្រហារគ្នាខ្លាំក្លាទៅលើបក្សកាន់អំណាច របស់នាយករដ្ឋមន្ត្រី ណាជីបរ៉ាហ្សាក់ ដោយរិះគន់បុរសរូបនេះថា ជានាយករដ្ឋមន្ត្រីពុករលួយរាប់រយលានដុល្លារ និងបំពានអំណាចរដ្ឋ។
ក្រុមអ្នកនយោបាយម៉ាឡេស៊ីឲ្យដឹងថា ដើម្បីធ្វើអោយសេចក្ដីស្នើច្បាប់នេះ បានជោគជ័យ ទាល់តែមានសំឡេងគាំទ្រ ២/៣នៃសមាជិកសភា ២២២នាក់។
ប៉ុន្តែសេចក្ដីស្នើច្បាប់នេះ នឹងត្រូវអនុម័ត នៅខែមីនា ឆ្នាំ២០២០ គឺមុនពេលប្រទេសនេះរៀបចំបោះឆ្នោតសភា ម្ដងទៀតនៅឆ្នាំ២០២៣ ដែលជានីតិកាលទី១៥ នៃរដ្ឋសភា។ សម្រាប់នាយករដ្ឋមន្រ្តី មាហាធៀ លោកធ្លាប់បានកាន់តំណែងនេះ នៅរវាងឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ នៅពេលនោះ លោកមាហាធៀ ត្រូវបានពលរដ្ឋម៉ាឡេស៊ី ហៅលោកថា ជាបុរសស្អាតស្អំ ទោះជាលោកកាន់អំណាចបែបកណ្ដាប់ដៃដែកបន្តិចក្ដី។
លោកបានសម្រេចចូលនិវត្តន៍ឆ្នាំ២០០៣ដោយទុកអោយសហការីរបស់លោកជាមេដឹកនាំជំនាន់ក្រោយ ជាអ្នកកាន់ចង្កូចបក្ស UMNO ដឹកនាំរដ្ឋាភិបាល ។
ប៉ុន្តែ លោកមានការខកចិត្តជាខ្លាំង ដោយសារ លោកណាជីបរ៉ាហ្សាក់ កាន់អំណាច ដោយការប្រព្រឹត្តអំពើពុករលួយ បំពានអំណាចនិងក្ដាប់អំណាច ទៅរកការដឹកនាំបែបផ្ដាច់ការ ធ្វើអោយលោកចាំបាច់ត្រូវហក់ចូលប្រឡូកនយោបាយឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកមហាធៀត បានសន្យាថា នឹងមិនកាន់អំណាចជាយករដ្ឋមន្ត្រីរហូតដល់ ឆ្នាំ២០២៣នោះទេ គឺលោក នឹងផ្ទេរតំណែងនេះ ទៅអោយ អតីតអ្នកទោសនយោបាយ គឺលោកអាន់វ៉ាអ៊ីប្រាហ៊ីម ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីអំឡុងទសវត្សឆ្នាំ១៩៩០ និង ដើមទសវត្សឆ្នាំ២០០០។
លោក អាន់វ៉ា ត្រូវបាន ប្រជាជនម៉ាឡេស៊ី ចាត់ទុក ជាអ្នកនយោបាយស្អាតស្អំ និងជាអ្នកប្រជាធិបតេយ្យ ដែលស្រឡាញ់យុត្តិធម៌ ។ តាមប្រភព ព័ត៌មានមួយចំនួន នៃប្រទេសម៉ាឡេស៊ី គឺលោកមាហាធៀអាចនឹងផ្ទេរតំណែងទៅអោយលោកអាន់វ៉ា នៅពាក់កណ្ដាលឆ្នាំ២០២០ ឬ ដើមឆ្នាំ២០២១។ ប្រទេសម៉ាឡេស៊ី នាពេលបច្ចប្បន្ននេះ ត្រូវបានអ្នកសង្កេតការណ៍ ចាត់ទុកថា ជាប្រទេស ប្រជាធិបតេយ្យ ល្អប្រសើរជាងគេ បើធៀបនឹងប្រទេសដទៃទៀតនៃសមាគមអាស៊ាននោះ៕